(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ឲ្យដំណើរការ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះនៃគ្រួសារក្រីក្រ និងកុមារអាយុក្រោម២ឆ្នាំ នៅខែមិថុនា ឆ្នាំ២០១៩ខាងមុខ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធ នៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គមលើកទី២ ដោយពិភាក្សាលើរបៀបវារៈចំនួន៤ ក្រោមអធិបតីភាពលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានបញ្ជាក់ថា «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ គឺផ្តោតការយកចិត្តទុកដាក់ជាបឋមលើស្ត្រីមានផ្ទៃពោះ នៃគ្រួសារក្រីក្រ ដែលមានប័ណ្ណសមធម៌ និងស្ត្រីមានផ្ទៃពោះក្រីក្រ ដែលកាន់ប័ណ្ណ Post-ID របស់ក្រសួងសុខាភិបាល ទោះបីជាស្រ្តីទាំងនោះជាកម្មករនិយោជិតក៏ដោយ។ កម្មវិធីនេះ គ្រោងនឹងដាក់ឲ្យដំណើរការនៅ ក្នុងខែមិថុនាខាងមុខ»។

កិច្ចប្រជុំក៏បានពិភាក្សា និងសម្រេចជាគោលការណ៍ លើការផ្តល់ប្រាក់ឧបត្ថម្ភ ដល់ស្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដែលត្រូវភ្ជាប់ទៅនឹងលក្ខខណ្ឌ នៃការមកទទួលសេវាសុខភាព នៅតាមមូលដ្ឋានសុខាភិបាល ក្នុងគោលបំណង ក្នុងការលើកកម្ពស់អាហារូបត្ថម្ភរបស់កុមារ ក្នុងគ្រួសារក្រីក្រ សំដៅជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី។

ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ទៀតថា កម្មវិធីការឧបត្ថម្ភនេះ ធ្វើឡើងជា៣ដំណាក់កាល៖

* ដំណាក់កាលទី១៖ ផ្តល់ការឧបត្ថម្ភចំនួន៤០,០០០រៀល ក្នុង១ដង សម្រាប់ការមកទទួលសេវាពិនិត្យផ្ទៃពោះ ចំនួន៤ដងមុនពេលសម្រាលកូន។
* ដំណាក់កាលទី២៖ ផ្តល់ការឧបត្ថម្ភចំនួន២០០,០០០រៀល ក្នុង១ដងគត់ នៅពេលសម្រាលកូន
* ដំណាក់កាលទី៣៖ ផ្តល់ការឧបត្ថម្ភចំនួន៤០,០០០រៀល ក្នុង១ដង នៅពេលមកទទួលសេវាពិនិត្យសុខភាព ក្រោយពេលសម្រាល ចំនួន០៤ដង និងចំនួន០៦ដង ចុងក្រោយ សម្រាប់ការនាំកូនមកចាក់ថ្នាំបង្ការ ក្នុង០១ លើកៗ រហូតដល់អាយុ២ឆ្នាំ។

ដោយឡែកសម្រាប់ វឌ្ឍនភាពការងាររបស់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) គិតត្រឹមឆមាសទី១ ឆ្នាំ២០១៩ ត្រូវបានក្រសួងសេដ្ឋកិច្ចបង្ហាញថា៖

* ផ្នែកថែទាំសុខភាព៖ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព បានគ្រប់ដណ្តប់ប្រជាជនចំនួន ២,០២៤,៣៤០នាក់ ដោយរួមបញ្ចូលទាំងកម្មករ និយោជិក អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន។

ក្នុងការអនុវត្តរបបនេះ, ប.ស.ស. បានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលទូទាំង២៥ រាជធានី-ខេត្ត ចំនួន១,៣៣៥ (ក្នុងនោះ មាន៖ មន្ទីរពេទ្យ ថ្នាក់ជាតិ៥, មន្ទីរពេទ្យបង្អែក១០៩, មណ្ឌលសុខភាព១,១៧៨ និងគ្លីនិកឯកជន ៤៣) ដើម្បីបង្ខិតសេវាឲ្យកាន់តែកៀកដល់សមាជិក ប.ស.ស.។

* ផ្នែកហានិភ័យការងារ៖ ប.ស.ស. បានអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារសម្រាប់វិស័យឯកជន ដោយសម្រេចបានការចុះបញ្ជីសហគ្រាសចំនួន ១,៣០៩ ក្នុងនោះមាន កម្មករនិយោជិតចំនួន ១,៧១២,០៣៤ នាក់។

* ការផ្តល់ប្រាក់ឧបត្ថម្ភ សម្រាប់កម្មការនីសម្រាលកូន៖ ក្នុងឆ្នាំ ២០១៨, ប.ស.ស បានឧបត្ថម្ភសាច់ប្រាក់ សម្រាប់កម្មការីសម្រាលកូនក្នុងឆ្នាំ ២០១៨ មានចំនួន៦៥,៨៨៤នាក់ ដែលមានកូនចំនួន៦៥,៩៦៥នាក់។ ក្នុងត្រីមាសទី១ ឆ្នាំ២០១៩, កម្មាការនីចំនួន១៩,១០២នាក់ ក៏បានសម្រាលកូន ដោយទទួលបានប្រាក់ឧបត្ថម្ភនេះដែរ៕