(ភ្នំពេញ)៖ ភាគីកម្ពុជា និងភាគីថៃ បានបង្ហាញជំហររួមគ្នាអនុវត្តលើកិច្ចព្រមព្រៀងលុបបំបាត់ និងទប់ស្កាត់អំពើជួញដូរមនុស្ស ឲ្យនៅមានតិចតួចបំផុត ហើយជនរងគ្រោះដោយអំពើជួញដូរមនុស្ស នឹងត្រូវបានលើកតម្កើង និងឲ្យមានសមភាព កុំឲ្យមានភាពរើសអើង ហើយក៏ដើម្បីជួយឲ្យជីវិតរបស់ជនរងគ្រោះ មានភាពល្អប្រសើរជាងមុន។

ការបង្ហាញជំហរពីភាគីកម្ពុជា-ថៃ នាពេលនេះ គឺធ្វើឡើងក្រោយមានការចុះហត្ថលេខារបស់ប្រទេសទាំងពីរ លើការពង្រឹង និងគ្រប់គ្រងករណី នៃការធ្វើមាតុភូមិនិវត្តន៍ និង សមាហរណកម្មជនរងគ្រោះដោយអំពើជួញដូរមនុស្ស (SOP) នៅក្នុងប្រទេសថៃ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅព្រលានយន្តអន្តរជាតិភ្នំពេញ បន្ទាប់ពីបានដឹកនាំគណៈប្រតិភូ៥ក្រសួងវិលត្រលប់មកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាន តំណាងរបស់លោក រដ្ឋមន្រ្តី វង សូត បានលើកឡើងថា «SOP នឹងជួយដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្សគ្រប់រូបភាព។ ជាមួយគ្នានោះ ភាគីទាំងពីរបានឯកភាពគ្នាថា នឹងរៀបចំផែនការសកម្មភាពបន្ថែមមួយទៀត ដើម្បីរៀបចំកិច្ចប្រជុំបន្តទៀត ពិភាក្សាគ្នាយកមតិយោបល់ មកអនុវត្តទៅលើ SOP ដែលបានចុះហត្ថលេខានាពេលថ្មីៗនេះ ជាមួយភាគីថៃ»។

លោកបានបញ្ជាក់ថា ចំពោះការចុះហត្ថលេខា គឺទាំងភាគីកម្ពុជា និងភាគីថៃ បានសម្តែងការស្វាគមន៍ និងរីករាយចំពោះការចុះហត្ថលេខា SOP នាពេលនេះ។

គួរបញ្ជាក់ថា ការធ្វើមាតុភូមិនិវត្តន៍ និង សមាហរណកម្មជនរងគ្រោះដោយអំពើជួញដូរមនុស្ស (SOP) គឺធ្វើឡើងដើម្បីបង្កើតគោលការណ៍ណែនាំរួមស្តីពី ការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្មជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ក្នុងគោលបំណងពង្រឹងបទដ្ឋានប្រតិបត្តិអនុលោម ទៅតាមការអនុវត្តជាលក្ខណៈអន្តរជាតិ, កំណត់តួនាទី និងការទទួលខុសត្រូវ នៃអាជ្ញាធរពាក់ព័ន្ធនៃរដ្ឋភាគីទាំង២ នៅក្នុងដំណើរការមាតុភូមិនិវត្តន៍ និងសមាហរណកម្ម, ប្រើប្រាស់ជាឯកសារយោងពាក់ព័ន្ធ និងការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម និងជំនួយផ្នែកច្បាប់ដល់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស។

រដ្ឋភាគីត្រូវ ផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ ដើម្បីធានានូវការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម ជាប្រព័ន្ធប្រកបទៅដោយសុវត្ថិភាព និងនិរន្តរភាព ក្រោមវិសាលភាព នៃកិច្ចសហប្រតិបត្តិការរួមមាន៖

* ទី១៖ ការផ្លាស់ប្តូរព័ត៌មានពីជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ក្នុងគោលបំណងធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម

* ទី២៖ ការសម្របសម្រួលក្នុងការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម

* ទី៣៖ ការសម្របសម្រួលក្នុងកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយផ្នែកច្បាប់ដល់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស

* ទី៤៖ ការតាមដានត្រួតពិនិត្យ និងការប៉ាន់ប្រមាណលទ្ធផល នៃការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម

គួរបញ្ជាក់ថា វិស័យសង្គមកិច្ច មានច្បាប់គោលនយោបាយ បទដ្ឋានគតិយុទ្ធជាច្រើនសម្រាប់ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ ដូចជា ច្បាប់ស្តីពីការស្មុំកូនអន្តរប្រទេស ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ច្បាប់ស្តីពីយុត្តិធម៌អនីតិជន និងគោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពីការថែទាំជំនួសចំពោះកុមារ និងបទដ្ឋានការថែទាំជនរងគ្រោះដោយអំពើជួញដូរ និងអំពើអាជីវកម្មផ្លូវភេទ ដែលស្នាក់នៅមណ្ឌល និងមានឧបករណ៍ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយ៕