(ក្រចេះ)៖ អាវុធហត្ថក្រុងក្រចេះ ដឹកនាំដោយលោក ផាត សុភក្រ្តវាសនា មេបញ្ជាការអាវុធហត្ថក្រុងក្រចេះ ក្រោមបញ្ជាពីលោកឧត្តសេនីត្រីយ៍ សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្ត បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនរយៈពេល ២ថ្ងៃជាប់គ្នា នៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៦នាក់ ម៉ាទឹកកចំនួន៦កញ្ចប់ និងវត្ថុតាងមួយចំនួនទៀត នៅក្រុងក្រចេះ និងស្រុកឆ្លូង ខេត្តក្រចេះ។

លោក ផាត សុភក្រ័វាសនា បានឲ្យដឹងថា ការចុះបង្រ្កាបករណីចែកចាយ និងប្រើប្រាសដោយខុសច្បាប់នូវសាធាតុញៀននេះ ដោយមានការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជ្ញាខេត្តក្រចេះ នៅថ្ងៃទី២២ មេសា កម្លាំងរបស់លោកបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ នៅសង្កាត់អូរឬស្សី ក្រុងក្រចេះ។ ដោយដកហូតវត្ថុតាងបានម្សៅក្រាមពណ៍ស ម៉ាទឹកកក២កញ្ចប់ ទូរសព្វដៃ១គ្រឿង កាបូបលុយ១ និងលុយចំនួន៥៥,០០០រៀល។

លោកមេបញ្ជាការរូបបន្តទៀតថា ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៣នាក់សួរនាំរួច នៅថ្ងៃទី២៣ ខែមេសា ក៏បន្តចុះឃាត់ខ្លួនជនសង្ស័យ៣ នាក់ផ្សេងទៀតនៅស្រុកឆ្លូង ខេត្តក្រចេះ ដោយបានរឹបអូសវត្ថុតាងរួមមាន ម្សៅក្រាមពណ៍ស ម៉ាទឹកកចំនួន៤កញ្ចប់ ជញ្ជីងថ្លឹងគ្រឿងញៀន១, ទូរសព្ទដៃ១គ្រឿង, បង់កាំភ្លើង (បញ្ចូលហ្គាស់១)ស្នាប់ដៃ១, ម៉ូតូ១គ្រឿង លិខិតដោះលែងរបស់ពន្ធនាគារខេត្តក្រចេះ១ច្បាប់ និងសម្ភារៈជក់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ និងវត្ថុតាងបានឃាត់ខ្លួន និងរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះដើម្បីបន្តនិតិវិធីតាមច្បាប់៕