(ភ្នំពេញ)៖ ក្រុមហ៊ុនបញ្ជូនសិក្ខាកាម ហ្រ្គោវីងផោវ័រ ដែលជាក្រុមហ៊ុនបង្កើតឡើង ដើម្បីផ្តត់ផ្គង់ សាលាពាណិជ្ជសាស្រ្តតាយ៉ាម៉ា បានប្រារព្ធពិធីជួបជុំសិស្សនិស្សិត គ្រប់ជំនាន់ ឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីកន្លងទៅថ្មីៗនេះ ដែលមានការចូលរួមពីសិស្សានុសិស្សគ្រប់ជំនាន់ពីទី១ដល់ជំនាន់ទី១២ ប្រមាណ៨០០នាក់។ 

សាលាពាណិជ្ជសាស្រ្តតាយ៉ាម៉ា ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០០៧ ដោយស្ថាបនិកជនជាតិជប៉ុន គឺលោក តាយ៉ាម៉ា តុស៊ីអុ រហូតមកដល់សព្វថ្ងៃនេះ មានអាយុកាល១២ឆ្នាំហើយ ។

ការសិក្សា មានវគ្គសិក្សាពេញមួយថ្ងៃ ផ្តោតលើភាសាជប៉ុន នឹងរបៀបរបបធ្វើការជាមួយជនជាតិជប៉ុន ដែលមួយឆ្នាំៗទទួលសិស្សឱ្យចូលរៀនប្រមាណជាង២០០នាក់ ដែលជាចំនួនច្រើនជាងគេនៅប្រទេសកម្ពុជា ។

សព្វថ្ងៃមានសិស្សានុសិស្ស ដែលជាយុវវ័យជាច្រើន ដែលបានបញ្ចប់ការសិក្សាហើយ បានក្លាយជាប្រធានក្រុមហ៊ុន និងអ្នកដឹកនាំនៅតាមសហគ្រាសជប៉ុននានាទូទាំងប្រទេស។ សម្រាប់អ្នកដែលចង់ធ្វើការជាសិក្ខាកាមទៅប្រទេសជប៉ុន អាចទៅតាមរយៈក្រុមហ៊ុនបញ្ជូនហ្រ្គោវីងផោវ័របានផងដែរ ។

សូមជម្រាបថា ការជួបជុំនេះពេលនេះ របស់និស្សិតគ្រប់ជំនាន់ ដើម្បីបង្កើតទំនាក់ទំនង រវាងសិស្សច្បង និងសិស្សប្អូន ឱ្យកាន់តែមានភាពជិតស្និត ក្នុងការជួយគ្នាទៅវិញទៅមក ដែលជាគ្រឹះរឹងមាំ សម្រាប់ប្រទេសកម្ពុជា ៕