(កំពង់ធំ)៖ មន្ត្រីសាខាកាំកុងត្រូលកំពង់ធំ សហការជាមួយមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅផ្សាររំលង ស្ថិតនៅភូមិរំចេក ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ រកឃើញទឹកតែ និងគ្រាប់ស្វាយចន្ទី ខូចគុណភាព ។

ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ធំ លោក លៀង សុភា បានឲ្យដឹងថា ក្រុមការងារបានពិនិត្យដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារ និងទំនិញវេបខ្ចប់មួយចំនួន ដែលកំពុងដាក់តាំងលក់ នៅក្នុងផ្សារខាងលើ រួចមកជាលទ្ធផល គឺបានរកឃើញទឹកតែ ម៉ាក Dishi ចំណុះ៣៨០ml ចំនួន២១ដប ផលិតនៅប្រទេសថៃ និងគ្រាប់ស្វាយចន្ទី ម៉ាក Tong Garden ចំនួន១៤០កញ្ចប់ ផលិតនៅប្រទេសថៃ បានធ្វើកំណត់ហេតុដកហូតទុកដុតកម្ទេចចោល។

ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគ អាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

ជាមួយគ្នានោះ លោក លៀង សុភា បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរទាំងអស់ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ចំពោះការចែកចាយ ព្រមទាំងនាំចូលទំនិញមកលក់បន្ដ៕