(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួបរួមគ្នាទប់ស្កាត់ឱ្យខាងតែបាន នូវរាល់សកម្មភាពលាបពណ៌គ្នានៅក្នុងសង្គមជាតិ ព្រោះការលាបពណ៌គ្នា គឺជាមូលហេតុចម្បងដែលនាំឱ្យប្រជាជាតិស្អប់គ្នា រហូតឈានដល់ការកកើតសង្គ្រាម។

ថ្លែងតាមរយៈ Facebook ផ្លូវការរបស់ខ្លួន រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការលាបពណ៌ ជាមូលហេតុចម្បងដែលធ្វើឱ្យប្រជាជាតិយើងស្អប់គ្នា យកគ្នាជាសត្រូវ និងសងសឹកគ្នា រហូតឈានដល់ការកកើតសង្គ្រាមដែលមិននឹកស្មានដល់។ ខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប នឹងស្វែងយល់អំពីរូបភាព និងផលវិបាកនៃការលាបពណ៌ និងរួមគ្នាទប់ស្កាត់ឱ្យខានតែបាននូវរាល់សកម្មភាពលាបពណ៌នៅក្នុងសង្គមកម្ពុជា»។

ការលាបពណ៌ ត្រូវបានគេឃើញកើតមានជាបន្តបន្ទាប់នៅលើបណ្តាញសង្គម Facebook កម្ពុជា ជាពិសេសក្នុងសង្គមនយោបាយ។ កាលពីខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ ក្រុមប្រឆាំងនៅក្រៅប្រទេស ក៏បានចោទអតីតសមាជិកមួយចំនួន ក្នុងចំណោមអតីតថ្នាក់ដឹកនាំ CNRP ជាប់បម្រាមនយោបាយ១១៨រូប ដែលបានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញថា លក់ឧត្តមគតិ ឱ្យគណបក្សប្រជាជនកម្ពុជាជាដើម។

លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្ត CNRP ដែលបានសុំសិទ្ធិធ្វើនយោបាយនេះបានចាត់ទុកថា ការចោទប្រកាន់មកលើរូបលោកថា លក់ឧត្តមគតិឱ្យគណបក្សប្រជាជនកម្ពុជា គឺជារឿងលាបពណ៌សុទ្ធសាធ ដែលបង្កឱ្យមានការឈឺចាប់នៅក្នុងសង្គម៕