(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនជនជនជាតិចិន៣នាក់ក្នុងចំណោមបក្ខពួក៥នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធករណីចាប់នារីខារ៉ាអូខេជនជាតិចិនដូចគ្នាចំនួន៥នាក់ យកទៅរំលោភសេពសន្ថវៈ និង ជំរិតទារប្រាក់។

បើយោងតាមសមត្ថកិច្ច បានឱ្យដឹងថា ការតាមចាប់ខ្លួនក្រុមឧក្រិដ្ឋជនចិនពីសំណាក់កម្លាំងសមត្តកិច្ចនេះ បានធ្វើឡើង កាលពីវេលាទៀបភ្លឺឈានចូលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នៅសណ្ឋាគារមួយ ក្នុងក្រុងព្រះសីហនុ ដែលជនសង្ស័យជនជាតិចិនទាំងនេះ បានចាប់ជនរងគ្រោះទៅលាក់ទុកនៅទីនោះ។

ក្រោយចាប់ខ្លួនជនជាតិ៣នាក់ សមត្ថកិច្ចបាននាំខ្លួនពួកគេ មកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ក្នុងនោះក៏មានរថយន្ត១គ្រឿងម៉ាកស្តារិច និងជនរងគ្រោះផងដែរ ហើយនៅវេលាល្ងាចនេះ ក្បួននាំឧក្រិដ្ឋជនចេញពីក្រុងព្រះសីហនុមកភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។
សូមបញ្ជាក់ថា នារីជនជាតិចិន៣នាក់ ក្នុងចំណោម៥នាក់ ដែលជនជាតិចិនដូចគ្នា ចាប់យកទៅជំរិតទារប្រាក់ ត្រូវបានឧក្រិដ្ឋជនចិនដោះលែងឲ្យត្រឡប់មកវិញហើយ កាលពីវេលាម៉ោង៥៖៣០នាទីទៀបភ្លឺឈានចូលថ្ងែទី២១ ខែមេសា ឆ្នាំ២០១៩ នៅលើទឹកដីខេត្តកំពត បន្ទាប់ពីត្រូវគេចាប់បង្ខាំងដើម្បីជំរិតទារប្រាក់។ នារីរងគ្រោះ៣នាក់នោះ មានវ័យ២៣ឆ្នាំ, ២៥ឆ្នាំ និង២៧ឆ្នាំ។
នារីជនជាតិចិនខាងលើ ត្រូវបានបុរសជនជាតិចិន១ក្រុម (មានគ្នា៥នាក់) ចាប់ចេញពីហាងបាយថាងទីង នៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបោកពួកនាងថា នាំទៅច្រៀងខារ៉ាអូខេ យីហោ តុងហ្វាំងម៉េងជូ។ បន្ទាប់ពីនារីទាំង៥នាក់ ឡើងជិះរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខ្មៅ គ្មានផ្លាកលេខរួចហើយ ជនសង្ស័យបានដឹកពួកនាងចេញពីភ្នំពេញ ឡើងភ្នំមួយដែលពួកគេមិនអត់ស្គាល់ រួចបានធ្វើសកម្មភាពគំរាមកំហែង ដកយកប្រាក់ពួកនាងអស់ពីខ្លួនសរុបជាង៤.០០០ដុល្លារអាមេរិក។

ជាងនេះទៀតជនសង្ស័យ បានបង្ខំលើរូបរាងកាយ ដោយរំលោភសេពសន្ថវៈនាង នៅក្នុងរថយន្តដែលនៅក្បែរស្រះទឹកមួយ (ចំណែកឈ្មោះ Huang Shuang Giong មិនត្រូវរំលោភទេ) នៅពេលជនល្មើសបានដឹកពួកនាងដល់ក្រុងកំពតវេលាម៉ោងប្រមាណជា៥ភ្លឺ ជនសង្ស័យបានទាញជនរងគ្រោះ៣នាក់ក្នុងចំណោម៥នាក់ទម្លាក់ចុះ រហូតមកដល់រសៀសថ្ងៃទី២១ ខែមេសា។

លុះដល់ថ្ងៃទី ២២មេសា ឆ្នាំ២០១៩ ទើបសមត្ថកិច្ចចាប់ខ្លួនជនជាតិចិនបាន៣នាក់ ក្នុងចំណោម៥នាក់ និង រំដោះជនរងគ្រោះបាន២នាក់ ចំណែកជនជាតិចិន២នាក់ទៀតដែលជាជនសង្ស័យដែរនោះ កំពុងរត់គេចខ្លួននៅឡើយ ហើយសមត្ថកិច្ចក៏កំពុង បន្តស្វែងចាប់ខ្លូនផងដែរ៕