(ភ្នំពេញ)៖ ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០១៩នេះ ថ្នាក់ដឹកនាំ និងសមាជិកព្រឹទ្ធសភា បានទទួលពាក្យបណ្តឹង ៧ករណី ប្រជុំផ្ទៃក្នុងចំនួន៥៨លើក និងចុះមូលដ្ឋាន២៨៩លើក។ នេះបើតាមរបាយការណ៍របស់ព្រឹទ្ធសភា ក្នុងសម័យប្រជុំលើកទី៣របស់ខ្លួន នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩។

របាយការណ៍បានបង្ហាញថា រយៈពេលកន្លងមកនេះ ថ្នាក់ដឹកនាំគណៈកម្មាធិការអចិន្រ្តៃយ៍ គណៈកម្មការនានា ក្រុមសមាជិកា ក្រុមភូមិភាគ ក្រុមនានា និងសមាជិក សមាជិកាព្រឹទ្ធសភា នីតិកាលទី៤ បានរួមគ្នាខិតខំបំពេញភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយសម្រេចបានលទ្ធផលផ្លែផ្កា ជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ។

ក្នុងរយៈពេលបីខែនេះ ព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន ៧ករណី គណៈកម្ម-ការនានាបានប្រជុំផ្ទៃក្នុងចំនួន ៥៨លើក ចុះបេសកកម្មក្នុងប្រទេសចំនួន ៩លើក ចូលរួមសិក្ខាសាលា វេទិកា និងកិច្ចប្រជុំនានាចំនួន១៨៧លើក ទំនាក់ទំនងជាមួយនឹងស្ថាប័នជាតិ និងអន្តរជាតិចំនួន១៧លើក ចូលរួមពិធីផ្លូវការផ្សេងៗចំនួន២២៦លើក និងសមាជិកគណៈកម្មការចុះមូលដ្ឋានដោយឡែក២៨៩លើក។ នេះបើតាមរបាយការណ៍ដដែល។

របាយការណ៍នេះ ក៏បានបង្ហាញទៀតថា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ បានរៀបចំវេទិកាសាធារណៈចំនួន៤លើក នៅខេត្តកំពង់ធំ កំពង់ចាម បន្ទាយមានជ័យ និងខេត្តបាត់ដំបង ចុះស្រាវជ្រាវប្រមូលព័ត៌មានអំពី តម្រូវការចាំបាច់ បញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ពិនិត្យការដ្ឋានជីក ស្តារស្រះទឹក និងដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅខេត្តកំពង់ស្ពឺ កោះកុង តាកែវ កំពត កែប និងខេត្តបាត់ដំបង ព្រមទាំងចូលរួមក្នុងពិធីផ្សេងៗចំនួន៣១លើក។

បើតាមរបាយការណ៍ព្រឹទ្ធសភា, ក្នុងរយៈពេល៣ខែមកនេះ ក្រុមសមាជិកាព្រឹទ្ធសភា ក៏បានជួបសំណេះសំណាលសួរសុខទុក្ខកុមារកំព្រានៅខេត្តកំពង់ស្ពឺ និងជួបសំណេះសំណាលជាមួយនឹងមន្រ្តីរាជការជានារី ក្នុងឱកាសទិវាអន្តរជាតិនារី៨មីនា។ ការងារកិច្ចសហប្រតិបត្តិការអន្តរជាតិ ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា ក្រុមមិត្ត-ភាពទ្វេភាគី និងពហុភាគី បានអញ្ជើញចូលរួមមហាសន្និបាត សន្និសីទ និងកិច្ចប្រជុំអន្តរជាតិនានាចំនួន ៦លើក។

ព្រឹទ្ធសភា បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏ថ្លៃថ្លាពីគ្រប់មជ្ឈដ្ឋាន និងគ្រប់ស្ថាប័ន ដែលញុំាងឱ្យព្រឹទ្ធសភាដំណើរការទៅមុខដោយរលូន និងល្អប្រពៃផងដែរ៕