(ភ្នំពេញ)៖ ជារឿងគួរឲ្យកត់សម្គាល់ណាស់ដែលជាច្រើនទស្សវតរ៍មកនេះនៅក្នុងប្រទេសកម្ពុជាយើង គេតែងតែលឺក្រុមដែលតាំងខ្លួនថាជាអ្នកឯករាជ្យ ឬប្រជាធិបតេយ្យ។ 

តាមការសង្កេតនិងវិភាគរបស់ខ្ញុំ (ដែលធ្លាប់បានចូលប្រឡូកបំរើការងារយ៉ាងសកម្មជិត២០ឆ្នាំក្នុងអង្គការសិទ្ធមនុស្ស) លើកំណត់ត្រានូវសកម្មភាពជាក់ស្តែង ជាបន្តបន្ទាប់របស់ពួកគេទាំងនោះ ខ្ញុំអាចសន្និដ្ធានបានយ៉ាងច្បាស់ថា តាមពិតពួកគេជាក្រុមឯករាជ្យ និងប្រជាធិបតេយ្យក្លែងក្លាយតែប៉ុណ្ណោះ។ ហេតុអ្វីបានជាខ្ញុំហ៊ានវាយតំលៃយ៉ាងដូច្នេះ ?

ក្រុមនេះត្រូវបានគេរៀបចំឲ្យមានអង្គការចាត់តាំង និងខ្សែបណ្តាញយ៉ាងត្រឹមត្រូវដែលរួមមាន៖ អ្នកវិភាគឯករាជ្យ - អង្គការសង្គមស៊ីវិលឯករាជ្យ - សារព័ត៌មានឯករាជ្យ និង
អ្នកនយោបាយប្រជាធិបតេយ្យ។ ពីដំបូងឡើយប្រជាពលរដ្ឋខ្មែររួមទាំងខ្លួនខ្ញុំផ្ទាល់មានការភាន់ច្រឡំហើយនាំគ្នាផ្តល់ទំនុកចិត្តទាំងស្រុងដល់ក្រុមទាំងនោះ ដោយសង្ឃឹមថា ពួកគេជាអ្នកប្រជាធិបតេយ្យនិងអ្នកឯករាជ្យ ពិតប្រាកដដើម្បីចូលរួមចំណែកក្នុងការរិះគន់ស្ថាបនាសង្គម ឬ ស្ថាបនាគោលនយោបាយជាតិ ដែលរដ្ឋាភិបាលដាក់ចេញ។

ប៉ុន្តែពេលវេលាជាង២០ឆ្នាំកន្លងមកនេះ បានផ្តល់នូវពន្លឺច្បាស់ដូចថ្ងៃថា ក្រុមនេះបានបង្ហាញចរិតលក្ខណៈដោយខ្លួនឯងបន្តិចម្តងៗថា ពួកគេគឺជាក្រុមពាក់ស្លាកឯករាជ្យ និងប្រជាធិបតេយ្យក្លែងក្លាយទេតើ។

តាមរយៈការស្តែងចេញដោយ សកម្មភាពផ្ទាល់របស់ពួកគេ ក៏ដូចជាតាមរយៈការពិនិត្យ អង្កេត ស្វែងយល់បន្ថែម ខ្ញុំកាន់តែយល់ច្បាស់ថា ក្រុមឯករាជ្យនិងប្រជាធិបតេយ្យក្លែងក្លាយនេះមិនសាមញ្ញនោះទេ ពោលគឺពួកគេមានអង្គការចាត់តាំងជាខ្សែបណ្តាញយ៉ាងត្រឹមត្រូវមានតាំងពីបណ្តាញក្នុងស្រុក និងក្រៅប្រទេស ហើយបានចែកទីតាំងគ្នាឈរ ជើងគ្រប់មជ្ឈដ្ឋានដើម្បីក្រឡុកក្នុងគោលដៅផ្តួលរំលំរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមាននាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធាន។

យុទ្ធសាស្ត្រស៊ីជម្រៅរបស់បណ្តាញដែលមានការរៀបចំយ៉ាងល្អិតល្អន់នេះដែលខ្ញុំធ្លាប់ចូលរួមប្រឡូកនោះ គឺពួកគេប្រើយុទ្ធសាស្ត្រផ្ការីក មានន័យថា ពួកគេចែកទីតាំងគ្នាឈរជើងនៅក្នុងស្ថាប័នដែលគេចាត់ទុកថា មានឥទ្ធិពលក្នុងសង្គម មានដូចជា អ្នកខ្លះឈរជើងក្នុងឆាកនយោបាយ អ្នកខ្លះទៀតក្នុងសង្គមស៊ីវិល និងអ្នកខ្លះទៀតក្នុងស្ថាប័នសារព័ត៌មាន រីឯអ្នកខ្លះទៀតឈរជាបុគ្គលឯករាជ្យ។ នៅក្នុងអង្គការសង្គមស៊ីវិល និងសារព័ត៌មាន ពួកគេក៏មានការគាំទ្រដោយបណ្តាញរបស់ខ្លួន ដែលជាអង្គការសង្គមស៊ីវិលបរទេស និងសារព័ត៌មានបរទេសថែមទៀតផង ដើម្បីបន្ថែមទម្ងន់ទៅលើសកម្មភាពនិងសំលេងរបស់ពួកគេ។

នៅក្នុងការអនុវត្តជាក់ស្តែង ក្រុមដែលតាំងខ្លួនជាអ្នកឯករាជ្យនិង អ្នកប្រជាធិបតេយ្យទាំងនោះបានធ្វើសកម្មភាពព្រមៗគ្នា។ មុនដំបូង គឺក្រុមអ្នកនយោបាយពាក់ស្លាកប្រជាធិបតេយ្យក្លែងក្លាយជាអ្នកវាយលុក គឺវាយលុកគ្រប់បញ្ហា ជាពិសេសបញ្ហារសើបៗដើម្បីបង្កជាសំឡេងដែលប្រៀបបាននឹងអ្នកទូងស្គរ។
បន្ទាប់មកក្រុមសារព័ត៌មាន អ្នកវិភាគ និងសង្គមស៊ីវិលដែលពាក់ស្លាកឯករាជ្យក្លែងក្លាយ ក៏ផ្តើមនាំគ្នារាំតាមសង្វាក់ស្គរដែលច្រៀងដោយអ្នកនយោបាយ «ប្រជាធិបតេយ្យក្លែងក្លាយ» ដោយស្រែកបន្ទរឲ្យលឺសំឡេងកាន់តែកងរំពងឡើងទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដើម្បីបង្កបរិយាកាសអាប់អួរក្នុងសង្គម។ ភាពអាប់អួរ ឬឈានដល់ហិង្សា វឹកវរ គឺជាបរិយាកាសដែលពួក គេចង់បានបំផុតដើម្បីរុញ និងដុតរោលសភាពការណ៍។

ហេតុអ្វីបានជាខ្ញុំអាចនិយាយថា អ្នកនយោបាយទាំងនោះ ពាក់ស្លាកប្រជាធិបតេយ្យក្លែងក្លាយ? ចម្លើយងាយបំផុតគឺ៖

ទី១៖ ចរិតលក្ខណៈរបស់ក្រុមនយោបាយនេះមានលក្ខណៈ ជ្រុលនិយមដោយមិនទទួលយកសំឡេងជំទាស់ក្រៅពីសំឡេងហៃអើ។ អ្នកណាហ៊ាននិយាយជំទាស់នឹងត្រូវគេលាបពណ៌ជាស្វ័យប្រវត្តិថា ជាអាយ៉ង យួន-ចិន ។ល។ បើនៅក្នុងហ្វេសប៊ុកវិញ បើហ៊ាននិយាយរិះគន់បន្តិចនឹងត្រូវគេប្លុកចោលភ្លាម។

ទី២៖ ពួកគេមានជំនាញខាងជេរប្រមាថ ញុះញង់ អុជអាលប្រឌិត និងមួលបំភ្លៃដើម្បីបង្កកំហឹង ដុត កំហឹងនិងជម្លោះធ្វើយ៉ាងណាឲ្យមានការបំផ្លិចបំផ្លាញតាមគ្រប់រូបភាព។
ទី៣៖ ការដឹកនាំផ្ទៃក្នុងបក្ស និងអង្គការចាត់តាំងផ្សេងៗរបស់ពួកគេមានលក្ខណៈគ្រួសារ បក្សពួក និយមនិងតួឯកនិយម។
ទី៤៖ គ្មានគោលការណ៍ និងគោលនយោបាយដើម្បីជួយអភិវឌ្ឍន៍ប្រទេសជាតិ និងជីវភាពប្រជាជនទេ ពោលគឺចាំតែស្តីបន្ទោសរដ្ឋាភិបាល ជាពិសេសអ្នកដឹកនាំដូចជានាយករដ្ឋមន្រ្តី ហ៊ុន សែន ជាដើម។

ចំណែកឯក្រុមអ្នកវិភាគសង្គមស៊ីវិល និងសារព័ត៌មានឯករាជ្យវិញ ពួកគេក៏ជាក្រុមឯករាជ្យក្លែងក្លាយដែរ។ ដើម្បីសម្គាល់ថាជាក្រុមឯករាជ្យក្លែងក្លាយ៖

ទី១៖ ពួកគេជាអ្នកកាន់ជើងផ្កាប់មុខដល់ក្រុមនយោបាយដែល ពាក់ស្លាកប្រជាធិបតេយ្យក្លែងក្លាយដូចបានលើកឡើងខាងដើម។ ទោះបីជាក្រុមនយោបាយនោះប្រព្តឹត្តកំហុសប៉ុនភ្នំក៏ពួកគេមើលមិនឃើញដែរ និងមិនដែលស្តីបន្ទោសក្រុមនយោបាយនោះសូម្បីមួយម៉ាត់។ ផ្ទុយទៅវិញ មានតែការពារក្រុមនយោបាយជ្រុលនិយមទាំងនោះជាដរាប។

ទី២៖ ក្រុមនេះមិនដែលហ៊ានប្រឈមមុខនឹងការពិត ឬមិនដែលឈរលើហេតុផលសម្អាងផ្លូវច្បាប់ឡើយ។ ពួកគេបានត្រឹមច្បិចយកសាច់រឿងមួយចំណែក មកនិយាយនិងវិភាគដើម្បីឲ្យសាធារណៈជនយល់ច្រឡំថា ជាកំហុសរបស់រដ្ឋាភិបាល។ ប៉ុន្តែតើរឿងពិតយ៉ាងណាពួកគេមិនដែលស្វែងយល់ឡើយ។

ករណីចាប់ដីអនាធិបតេយ្យជាឧទាហរណ៍ជាក់ស្តែង។ មិនដែលឡើយក្រុមសង្គមស៊ីវិល ឬអ្នកវិភាគឯករាជ្យទាំងនោះអប់រំពលរដ្ឋឲ្យគោរពច្បាប់ កុំឲ្យដើរចាប់ដីធ្លីខុសច្បាប់ ប៉ុន្តែពួកគេមានតែចាំការពារទង្វើអនាធិបតេយ្យដើម្បីជួយកេងចំណេញ នយោបាយដល់ក្រុមអ្នកនយោបាយដែលជាបណ្តាញរបស់ខ្លួន។

ទី៣៖ អង្គការសង្គមស៊ីវិល ឬសារព័ត៌មានដែលបំពេញការងារ តាមវិជ្ជាជីវៈនិងមានឯករាជ្យភាពពិតប្រាកដតែមិនស្ថិតនៅក្នុងបណ្តាញរបស់ខ្លួន មិនត្រូវបានក្រុមនេះចាត់ទុកថាឯករាជ្យឡើយ។

ទី៤៖ នៅក្នុងវិស័យសារព័ត៌មានវិញ ពួកគេបង្កភាពអនាធិបតេយ្យ ធ្វើសកម្មភាពដោយគ្មាន អាជ្ញាប័ណ្ណ គ្មានច្បាប់ទម្លាប់ មិនបង់ពន្ធ ក្លែងបន្លំអត្តសញ្ញាណជា
អ្នកនយោបាយចូលក្នុងពន្ធនាគារដោយខុសក្រមសីលធម៌វិជ្ជាជីវៈ តែដល់ពេលគេទាមទារឲ្យគោរពច្បាប់ នាំគ្នាបិទការិយាល័យ ដាក់មេផាយ ហើយស្រែកថា រដ្ឋាភិបាលធ្វើទុក្ខបុកម្នេញសារព័ត៌មានឯករាជ្យ និងសង្គមស៊ីវិលឯករាជ្យ។ ហើយនៅពេលផ្សាយព័ត៌មាន រឿងល្អវិជ្ជមាន៩០% មិនខ្ចីនិយាយ ហើយច្បុចយកតែរឿងអវិជ្ជមាន ១០% មកបំប៉ោងដើម្បីធ្វើឲ្យគេយល់ថា ជារឿងអាក្រក់១០០%។

ទី៥៖ ពួកគេតែងជំរុញឲ្យអាជ្ញាធរគោរពច្បាប់ ធ្វើដូចជាចង់ឲ្យប្រទេសមានច្បាប់និងគោរពច្បាប់ឲ្យបានរឹងរ៉ឹង ប៉ុន្តែដល់ពេលខ្លួនឯងចង់រស់នៅ
ក្រៅច្បាប់ដោយចាត់ទុកច្បាប់ថា ជាឧបករណ៍ធ្វើទុក្ខបុកម្នេញ។ ជារួមពួកគេបានប្រើបណ្តាញនេះដើម្បីក្រឡុកសភាពការណ៍ប្រទេសជាតិឲ្យវក់វីអស់ជាច្រើនទសវត្សរ៍។

យ៉ាងណាក៏ដោយ ចុងក្រោយនេះក្រុមឯករាជ្យ និងប្រជាធិបតេយ្យក្លែងក្លាយទាំងនោះរលំហាងឆេងហើយ ដោយសារតែមុខមាត់ពិតរបស់ពួកគេត្រូវបានបកអាក្រាត ជាបន្តបន្ទាប់តាមរយៈការអនុវត្តច្បាប់ និងការយល់ដឹងរបស់ប្រជាពលរដ្ឋដែលកាន់តែមានការយល់ដឹងអំពីធាតុពិតនិងមុខមាត់ពិតរបស់ក្រុមនេះ។

បច្ចុប្បន្នក្រុមអ្នកនយោបាយដែលពាក់ស្លាកប្រជាធិបតេយ្យក្លែងក្លាយកាន់តែអស់ជម្រក និងបាត់បង់ទីតាំងឈរជើងរបស់ខ្លួន ខណៈដែលក្រុមអ្នកវិភាគសង្គមស៊ីវិល និងសារព័ត៌មានឯករាជ្យក្លែងក្លាយក៏ហាក់ដូចជាកាន់តែអស់ទីតាំងឈរជើងដែរមិនមែន ដោយសារអ្នកណាធ្វើទុក្ខបុកម្នេញនោះទេ ប៉ុន្តែបាត់បង់ដោយសារ៖

ទី១៖ ពួកគេចាញ់ឥទ្ធិពលនៃអំណាចច្បាប់ ហើយលែងអាចធ្វើឡប់ឡែដូចពីមុនបានទៀត នៅពេលដែលប្រទេសកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលរឹតបន្តឹងការអនុវត្តច្បាប់។

ទី២៖ ដោយសារតែមហាជន ទូទៅបានឃើញនិងបានស្គាល់ចរិតពិតរបស់ក្រុមដែលចូលចិត្តពាក់ស្លាកឯករាជ្យ និងប្រជាធិបតេយ្យក្លែងក្លាយ ជាពិសេសទង្វើរបស់ពួកគេមិនដូចទ្រឹស្តីដែលពួកគេតែងសូត្រនោះឡើយ

ទី៣៖ គឺដោយសារប្រជាពលរដ្ឋខ្មែរត្រូវការសុខសន្តិភាពនិងការអភិវឌ្ឍន៍ជីវភាពរបស់ខ្លួនជាសំខាន់ដោយមិនបណ្តោយខ្លួនងាយៗឲ្យចាញ់បោកក្រុមអ្នកបិទមុខហើយ ចង់ធ្វើឲ្យសភាពការណ៍វឹកវរនោះទៀតឡើយ។ ក្នុងស្ថានភាពបែបនេះ មានអ្នកវិភាគឯករាជ្យក្លែងក្លាយខ្លះកំពុងផ្អើល នឹងស្រមោលខ្លួនឯងដោយសារតែអំពើរបស់ខ្លួន មិនអាចលាក់បាំងពីភ្នែកគេបានតទៅទៀត។

ខ្ញុំយល់ថាយកល្អ គួរតែដោះស្រោមមុខឯករាជ្យ និងប្រជាធិបតេយ្យក្លែងក្លាយចេញហើយ ងាកមកធ្វើសកម្មភាពការងារតាមជំនាញឲ្យបានត្រឹមត្រូវពោលគឺ បើជាអ្នកកាសែតឲ្យច្បាស់ជាអ្នកកាសែតកុំបន្លំជាមួយអ្នកនយោបាយ។ បើជាសង្គមស៊ីវិលជំនាញអីគប្បីធ្វើកិច្ចការ នោះឲ្យច្បាស់លាស់កុំបម្រើនយោបាយ។ បើជាអ្នកវិភាគឯករាជ្យក៍ត្រូវធ្វើជាអ្នកឯករាជ្យពិតប្រាកដពោលគឺខុសថាខុស ត្រូវថាត្រូវ កុំម្ខាងខុសរហូត ម្ខាងត្រូវរហូត ហើយតាំង ខ្លួនជាអ្នកឯករាជ្យព្រោះតំលៃ នៃការពាក់ស្រោមមុខក្លែងក្លាយជាអ្នកឯករាជ្យ និងប្រជាធិបតេយ្យបានដាំក្បាលធ្លាក់ចុះហើយ៕

ដោយ៖ អតីតមន្ត្រីសមាគមអាដហុក