(ភូកេត, ប្រទេសថៃ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា នៅថ្ងៃអង្គារ ៤ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី២៥ ដែលរៀបចំឡើងនៅសណ្ឋាគារ Angsana Laguna Phuket នៅទីក្រុងភូកេត ប្រទេសថៃ។

កិច្ចប្រជុំនេះ ដឹកនាំដោយលោកស្រី Chutima Bunyapraphasara រដ្ឋមន្រ្តីស្តីទី នៃក្រសួងពាណិជ្ជកម្មថៃ និងមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងគណៈប្រតិភូ អគ្គលេខាធិការអាស៊ាន និងមន្រ្តីលេខាធិការដ្ឋានអាស៊ាន។

រដ្ឋមន្រ្តីទាំងអស់បានពិនិត្យ និងពិភាក្សាលើការបញ្ចប់កិច្ចព្រមព្រៀង RCEP នៅក្នុងឆ្នាំ២០១៩។ កិច្ចប្រជុំបានឯកភាពដោះស្រាយបញ្ហាដែលនៅសេសសល់ តាមរយៈការប្រកាន់នូវគោលជំហររួម ដើម្បីអាចបញ្ចប់កិច្ចព្រមព្រៀង RCEP នៅក្នុងឆ្នាំនេះ ស្របតាមអាណត្តិផ្តល់ឲ្យដោយថ្នាក់ដឹកនាំ។ រដ្ឋមន្រ្តីទាំងអស់ក៏បានពិភាក្សាលើការធ្វើកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក។

ក្នុងនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ និងបណ្តារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានដទៃទៀត ក៏បានលើកអំពីតួនាទី និងសារៈសំខាន់នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) បន្តគាំទ្រ និងរក្សាប្រពន្ធ័ពាណិជ្ជកម្មពហុភាគី និងបានឯកភាពចូលរួមក្នុងការធ្វើកំណែទម្រង់ (WTO) ដើម្បីជំរុញប្រសិទ្ធភាពឱ្យកាន់តែប្រសើរឡើង។ កិច្ចប្រជុំក៏បានជំរុញឲ្យមានការតែងតាំងសមាជិកអង្គភាពដោះស្រាយជម្លោះ (WTO) ឲ្យបានឆាប់បំផុត ដើម្បីជៀសវាងនូវបញ្ហាជាប់គាំងយន្តការដោះស្រាយជម្លោះពាណិជ្ជកម្មដ៏សំខាន់នេះ។

ឆ្លៀតក្នុងឱកាសនោះដែរ ដោយបានទទួលសិទ្ធិប្រទានដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក បាន សូរស័ក្តិ បានចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីសេវាកម្ម (ASEAN Trade in Services Agreement - ATISA) និងពិធីសារទី៤ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយអាស៊ាន ស្តីពីវិនិយោគ (Fourth Protocol to Amend the ASEAN Comprehensive Investment Agreement - ACIA)។ កិច្ចព្រមព្រៀង និងពិធីសារនេះនឹងរួមចំណែកដ៏សំខាន់ ក្នុងការពង្រីកពាណិជ្ជកម្មលើផ្នែកសេវាកម្មនៅក្នុងតំបន់ តាមរយៈការកាត់បន្ថយរបាំងនានា ជំរុញកិច្ចសហប្រតិបត្តិការ បង្កើនការចូលរួមរបស់សហគ្រាសធុនតូច និងមធ្យម កាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងរដ្ឋជាសមាជិក ក៏ដូចជាជួយសម្រួលដល់សេរីភាវូបនីយកម្ម និងការវិនិយោគក្នុងអាស៊ាន ដើម្បីទទួលបានផលប្រយោជន៍ជាអតិបរមា នៃសមាហរណកម្មសេដ្ឋកិច្ចថ្នាក់តំបន់៕