(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល ជាតិឲ្យដឹងថា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់, របួសស្រាលម្នាក់ និងរបួសធ្ងន់៣នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៥លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៤គ្រឿង, រថយន្តតូច២គ្រឿង និងរថយន្ដធំ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, ប្រជែង និងកត្តាយាន។

សូមបញ្ជាក់ថា រយៈពេល២៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង៣៤២លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន១៧៣នាក់ របួសធ្ងន់៣៨០នាក់ និងរបួសស្រាល១៧៧នាក់៕