(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ បានប្រកាសសម្រេចឱ្យ លោក រៀល ខេមរិន្ទ្រ អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ បង្កើតគណបក្សថ្មីមួយឈ្មោះ «ខ្មែរអភិរក្សនិយម»។ នេះបើតាមលិខិតរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្ញើទៅកាន់ លោករៀល ខេមរិន្ទ្រ។

ក្រសួងមហាផ្ទៃបានបញ្ជាក់ថា «ដើម្បីទទួលបាននូវសុពលភាព និងអាចធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ គណបក្សខ្មែរអភិរក្សនិយម ត្រូវស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមមាត្រា ៩ វក្យខណ្ឌទី២ មាត្រាទី ១៨ ថ្មី មាត្រា១៩ថ្មី និងមាត្រា ២០ នៃច្បាប់ស្ដីពីគណបក្សនយោបាយ»។

សូមបញ្ជាក់ថា លោក រៀល ខេមរិន្ទ្រ អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចេញព្រះរាជក្រឹត្យ ផ្តល់នីតិសម្បទានយោបាយឡើងវិញ បន្ទាប់ពីដាក់លិខិតស្នើសុំទៅកាន់ក្រសួងមហាផ្ទៃ។

នៅក្នុងលិខិតផ្លូវការរបស់លោក រៀល ខេមរិន្រ្ទ ពាក់ព័ន្ធនឹងការស្នើសុំសិទ្ធិធ្វើនយោបាយនេះ បានបញ្ជាក់ថា លោកមានបំណងចង់បង្កើតគណបក្សនយោបាយថ្មី ដើម្បីចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតឆ្នាំ២០២២-២០២៣ នាពេលខាងមុខនេះតែម្តង៕

ខាងក្រោមនេះជាលិខិតរបស់សម្តេចក្រឡាហោម ស ខេង៖