(កណ្តាល)៖ ស្ត្រីចំណាស់ម្នាក់បានរត់មកប្តឹងសុំឲ្យនគរបាលជួយអន្តរាគមន៍ ចាប់កូនប្រុសរបស់ខ្លួន ដែលមកពីជក់គ្រឿងញៀនរួចម្ដល់ផ្ទះវិញ ក៏សុំម្តាយរួមភេទរួចប្រុងចាប់រំលោភម្តាយ និងគំរាមសម្លាប់ម្តាយថែមទៀត។ ម្តាយភិតភ័យស្លន់ស្លោរត់មកប្តឹងនគរបាលចាប់វាខ្នោះកូនតិរច្ឆានចាត់ការតាមផ្លូវច្បាប់ និងដកហូតកាំភ្លើង AK១ដើម ដែលជនសង្ស័យលាក់ទុកកប់ក្នុងដីផងដែរ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅចំណុចក្នុងផ្ទះជនសង្ស័យភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោក ថាច់ សុវណ្ណា នាយផ្នែកព្រហ្មទណ្ឌស្រុកអង្គស្នួល បានឲ្យដឹងថា ជនរងគ្រោះដែលជាម្តាយឈ្មោះ ចំរើន ស៊ីវុន ភេទស្រី អាយុ៦០ឆ្នាំ មុខរបរកសិករនៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកកូនប្រុសតិរច្ឆានជនសង្ស័យឈ្មោះ ប្រាក់ ឡា អាយុ៣៣ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត បច្ចុប្បន្នភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល និងវត្ថុតាងចាប់យក អាវុធ AK47 ខូចគុណភាព០១ដើម។

លោក ថាច់ សុវណ្ណា បានឲ្យដឹងទៀតថា សភាពរឿងហេតុនៅពេលកើតហេតុ ជនរងគ្រោះជាម្តាយ បានរាយការណ៍ប្រាប់សមត្ថកិច្ចថា ជនសង្ស័យជាកូនមានលាក់អាវុធ១ដើម មិនស្គាល់ម៉ាក កម្លាំងជំនាញចុះទៅស្រាវជ្រាវរកឃើញអាវុធ AK47 មួយដើមខូចគុណភាពដាក់ក្នុងបាវសកប់ក្នុងដីនៅក្នុងផ្ទះ។

តាមការបំភ្លឺជនរងគ្រោះបានបំភ្លឺថា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២រំលងអាធ្រាត្រ ជនសង្ស័យជាកូនបានជក់ថ្នំាញៀនរួច ទៅសុំជនរងគ្រោះជាម្តាយរួមភេទ ដោយនិយាយគំរាមថាបើមិនព្រមឲ្យរួមភេទទេយប់នេះ និងសម្លាប់ចោលហើយទើបខ្លួនភ័យរត់ទៅដេកផ្ទះកូនឈ្មោះប្រាក់ លាងភេទប្រុសនៅខាងមុខភូមិព្រៃមាន។

តាមចម្លើយសារភាពរបស់ជនសង្ស័យសារភាពថា ខ្លួនបានរើសបានកាំភ្លើងAK47នេះនៅខាង ក្រោយផ្ទះប្រហែល១ឆ្នាំកន្លងមកហើយ និងយកកប់ដីទុក ក្នុងផ្ទះរក្សាទុកតែម្តង។

បន្ទាបពីខ្លួនប្រើប្រាស់ថ្នាំញៀនរួច ខ្លួនបានស្រែកហៅម្តាយឲ្យចុះពីលើផ្ទះវេលាម៉ោង២រំលងអាធ្រាត្រ ក្នុងបំណងឲ្យជួយមើលកូនខ្លួនមិនបានគំរាមចង់រួមភេទឡើយ។
ករណីនេះកម្លាំងជំនាញកំពុងបន្តចាត់បន្តតាមនីតិវិធីច្បាប់៕