(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា ក្រុមអ្នកនយោបាយដែលចូលចិត្តបំភ្លៃប្រវត្តិសាស្ត្រដើម្បីកេងចំណេញផ្នែកនយោបាយ គឺងាយនឹងធ្វើ្វឱ្យប្រទេសជាតិធ្លាក់ចូលក្នុងភ្លើងសង្គ្រាម។ លោកបណ្ឌិត សុខ ទូច បានលើកឡើងបែបនេះ ក្នុងវេទិការជំនួបអ្នកប្រវត្តិសាស្ត្រលើកទី៣ ស្តីពី «ការឯកភាពលើកាលប្រវត្តិសាស្ត្រ នៃប្រទេសកម្ពុជា»។

ក្នុងវេទិកានៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ មានការអញ្ជើញចូលរួមពីសំណាក់ក្រុមអ្នកប្រវត្តិសាស្ត្រ ព្រមទាំងអ្នកជំនាញ និងសិស្សានុសិស្សដែលកំពុងសិក្សា នៅជំនាញប្រវត្តិសាស្ត្រយ៉ាងច្រើននៅរាជបណ្ឌិត្យសភាកម្ពុជា។

លោកបណ្ឌិត សុខ ទូច ក៏បានរំលឹកថា កាលពីប៉ុន្មានឆ្នាំមុន មានក្រុមអ្នកនយោបាយមួយចំនួននាំគ្នាកាន់ផែនទីរៀងៗខ្លួន ដោយចោទប្រកាន់រាជរដ្ឋាភិបាលថាលក់ទឹកដីរបស់ខ្លួនឱ្យទៅប្រទេសជិតខាង ដើម្បីធ្វើការឃោសនារកចំណេញនយោបាយរបស់ខ្លួនផងដែរ។ លោកថា សកម្មភាពញុះញង់ និងបំភ្លៃប្រវត្តិសាស្ត្ររបស់អ្នកនយោបាយមាននិន្នាការប្រឆាំងនេះ គឺងាយនឹងនាំឱ្យប្រទេសកើតវិបត្តិ និងនាំឱ្យមានសង្គ្រាមថែមទៀតផង។

លោកបណ្ឌិត សុខ ទូច បានថ្លែងយ៉ាងដូច្នេះថា៖ «បើសិនជាប្រវត្តិសាស្ត្រប្រែប្រួលទៅតាមអ្នកនយោបាយពេលនោះ ប្រវត្តិសាស្ត្រនឹងក្លាយទៅជាសង្គ្រាម ព្រោះសង្គ្រាមកើតឡើងពីការញុះញង់នៃប្រវត្តិសាស្ត្រ ជាក់ស្តែងអ្នកមិនដឹងនិយាយពីកោះត្រល់ អ្នកមិនដឹងនិយាយអំពីការបាត់ប្រវត្តិសាស្ត្រខ្មែរ បូកទាំងអ្នកមិនដឹងជ្រុលនិយមចាប់ផ្តើមផ្ទុះបាតុកម្ម»

លោកប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបន្ថែមទៀតថា «រហូតមកថ្ងៃនេះ មានគណបក្សខ្លះជំពាក់ផែនទីជាមួយរាជបណ្ឌិត្យសភាកម្ពុជា ដែលបានយកផែនទីទាំងនោះ មកចង្អល់បង្ហាញខុសពីការពិត នាំឱ្យប្រជាពលរដ្ឋ និងយុវជនមានការភាន់ច្រឡំទៅលើប្រវត្តិសាស្ត្រ ដែលពួកគេទាំងនោះមិនទាន់យល់ច្បាស់ពីប្រវត្តិសាស្ត្ររបស់ខ្លួន»

លោកបណ្ឌិត សុខ ទូច បានបន្តថា ដំណើរសង្គម នយោបាយបច្ចុប្បន្ននៃប្រទេសកម្ពុជា ត្រូវបានអ្នកប្រវត្តិសាស្រ្ត និងអ្នកនយោបាយមួយចំនួនមើលឃើញថា ជម្លោះផ្នែកស្មារតីខាងសង្គម វប្បធម៌ នយោបាយ និងសេដ្ឋកិច្ចកំពុងតែបន្តដុតរោលប្រជាពលរដ្ឋខ្មែរ។ ក្នុងនោះ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនានា ត្រូវបានគេលើកយកមកបង្ហាញក្នុងគោលបំណងឱ្យយល់ដឹងការពិតក៏មាន ឱ្យយល់ដឹងមិនត្រឹមត្រូវក៏មាន ឬមានបំណងចង់ឱ្យមានជម្លោះផ្នែកស្មារតីក៏មាន តាមរយៈការបំភ្លៃ បំភ្លើសបំភាន់។

លោកបណ្ឌិត សុខ ទូច បានសង្កត់ធ្ងន់ៗថា ប្រវត្តិសាស្ត្របែបជាតិនិយមជ្រុលប្រវត្តិសាស្រ្តបែបអវិជ្ជមាន ប្រវត្តិសាស្ត្រដែលមានការបំភ្លៃ បំភ្លើស បំភាន់ សុទ្ធសឹងជាថ្នាំពុលសង្គមបំផ្លាញប្រជាជាតិខ្លួនឯង។

ដើម្បីទប់ស្កាត់បញ្ហាទាំងអស់នេះ លោក សុខ ទូច អំពាវនាវឱ្យអ្នកជំនាញខាងប្រវត្តិសាស្រ្តទាំងអស់ស្វែងរកនូវតម្លៃសច្ចៈភាព នៃរឿងរ៉ាវដែលបានកើតឡើង កន្លងមក ដើម្បីឱ្យមានការយល់ដឹងត្រឹមត្រូវទាំងអស់គ្នា៕