(កណ្ដាល)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ បានផ្ដល់នូវថវិការបស់មូលនិធិ «ហោ ណាំហុ-បូរីហោ» ចំនួន ២២.៥លានរៀន សម្រាប់ទំនុកបម្រុង ដល់កុមារមានពិការភាព ខ្សោយសតិបញ្ញា និងអូទីស្សឹម ដែលកំពុងស្ថិតក្រោមការអប់រំបណ្ដុះបណ្ដាលរបស់អង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ (HHC) ស្ថិតក្នុងអនុវិទ្យាល័យអនុវត្ត ហ៊ុន សែន ក្រុងតាខ្មៅ នៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

នាឱកាសសំណេះសំណាលជាមួយប្រធានអង្គការ លោកគ្រូអ្នកគ្រូ និងកុមារៗខាងលើ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានសម្ដែងនូវការអាណិតអាសូរចំពោះកុមារទាំងនោះយ៉ាងខ្លាំង និងបានសន្យារកដៃគូជំនួយបន្ថែម ដើម្បីជួយជ្រោមជ្រែងអង្គការ HHC ឱ្យដំណើរការបន្តទៅមុខ សំដៅរួមគ្នាជួយអប់រំបណ្ដុះបណ្ដាលដល់កុមារៗកម្ពុជា ដែលមានពិការភាព ខ្សោយសតិបញ្ញា និងអូទីស្សឹម ហើយលោកក៏នឹងបន្តជួយទំនុកបម្រុងដល់អង្គការ HHC នេះជាបន្តបន្ទាប់ទៀត។

ជាមួយគ្នានោះ លោកបានអំពាវនាវយ៉ាងទទូចដល់ឪពុកម្ដាយ និងអាណាព្យាបាលទាំងឡាយ ត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះកូនចៅរបស់ខ្លួនឱ្យបានដិតដល់ ពិសេសក្នុងរដូវក្ដៅនេះតែម្ដង ពីព្រោះកុមារៗខ្លះគ្នាមិនអាចនិយាយប្រាប់ដោយភាសា ពេលអាកាសធាតុឡើងក្ដៅគ្នាពិបាកក្នុងខ្លួន ដែលជាហេតុជំរុញឱ្យឪពុកម្ដាយ ឬអាណាព្យាបាលត្រូវយលអំពីបញ្ហានេះ។

មួយវិញទៀត ឧបនាយករដ្ឋមន្ត្រីដ៏មានចិត្តសប្បុរស ថែមទាំងបានណែនាំឱ្យឪពុកម្ដាយ អាណាព្យាបាល លោកគ្រូអ្នកគ្រូ ក៏ដូចជាអង្គការ HHC ត្រូវគិតគូរឱ្យបានត្រឹមត្រូវចំពោះអនាម័យក្នុងការរស់នៅរបស់កុមារទាំងនោះ ដើម្បីជៀសវាងបញ្ហាសុខភាពនានា ដែលកើតមានដោយសារភាពគ្មានអនាម័យ ឬគ្មានផាសុកភាពជាដើម។

លោក ចាន់ សារិន នាយកអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ និងជាប្រធានបណ្តាញអូទីស៊ឹមកម្ពុជា បានឱ្យដឹងថា អង្គការ HHC បានផ្តល់សេវាថែទាំ៨ម៉ោង ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤ល្ងាច ដល់កុមារពិការនៅក្នុងក្រុង-ស្រុកទាំង៣ នៃខេត្តកណ្តាល ដោយបានរៀបចំសាលាបាន៥កន្លែង រួមមាន៖ អនុវិទ្យាល័យអនុវត្តក្រុងតាខ្មៅ នៅសាលាបឋមសិក្សា ហ៊ុន សែន ដើមអង្អែល អនុវិទ្យាល័យទ្រា សាលាបឋមសិក្សាព្រែកតាពៅ និងសាលាបឋមសិក្សាបារ៉ែន សរុបទាំង៥កន្លែងនេះ មានកុមារកំពុងទទួលការអប់រំបណ្ដុះបណ្ដាលចំនួន ១៦៤នាក់។

លោកបានបន្តថា គោលបំណងនៃការបង្កើតអង្គការ HHC នេះឡើង គឺដើម្បីជួយដល់កុមារមានពិការភាព ខ្សោយសតិបញ្ញា និងអូទីស្សឹមឱ្យទទួលបានការអប់រំ និងរៀនបំណិនជីវិត ស្របតាមពិការភាពរបស់ពួកគេ និងបានចូលរួមកាត់បន្ថយបន្ទុកឪពុកម្តាយក្នុងសហគមន៍ផងដែរ។

លោក ចាន់ សារិន បានបន្តទៀតថា សម្រាប់ផែនការ៣ឆ្នាំទៅមុខទៀត (២០១៩-២០២១) អង្គការ HHC នឹងពង្រីកកម្មវិធីរបស់ខ្លួនដល់ស្រុកទាំង៥ទៀតនៃខេត្តកណ្តាល ដើម្បីត្រៀមទទួលកុមារពិការ ខ្សោយសតិបញ្ញា និងអូទីស្សឹមទាំងឡាយឱ្យបានចាប់ពី ៣៥០-៤៥០នាក់។

ឆ្លៀតក្នុងឱកាសនោះ ប្រធានអង្គការ HHC រូបនេះ ក៏បានប្រកាសអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេសសូមមេត្តាជួយដល់អង្គការ HHC របស់លោកបន្តទៀត ខណៈបច្ចុប្បន្នអង្គការនៅមានការខ្វះខាតច្រើនណាស់ សម្រាប់ការអប់រំបណ្ដុះបណ្ដាលកុមារៗដែលមានបញ្ហាដូចខាងលើនេះ។

សូមជម្រាបថា អ្នកជំនាញខាងចិត្តសាស្ត្រ និងអ្នកធ្វើការទាក់ទងនឹងផ្លូវចិត្តកុមារបានចាត់ទុកថា ជំងឺអូទីស្សឹម (Autism) ជាភាពពិការមួយប្រភេទរបស់កុមារដែលកើតឡើងតាំងពីកំណើត។ ពាក្យនេះដូចជាថ្មីសម្រាប់ប្រជាពលរដ្ឋកម្ពុជា ប៉ុន្តែ អូទីស្សឹមបាននិងកំពុងកើតមាននៅជាមួយសង្គមមនុស្សជាយូរមកហើយ ហើយកុមារអូទីស្សឹមកាន់តែមានចំនួនច្រើនឡើងនៅលើពិភពលោក ៕