(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន សមាជិកគណៈអចិន្រ្ដៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្រ្តី តំណាងរាស្រ្ត ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តភារកិច្ច និងទិសដៅការងារឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៣ ដោយមានការអញ្ជើញចូលរួមពីក្រុមការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមូលដ្ឋានសរុបជាង ១០០០នាក់។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានមតិសំណេះសំណាល និងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលបក្សរួមមាន៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបន្ថែមថា ក្រោមឆន្ទះតែមួយគោលដៅតែមួយ ឯកភាពជាធ្លុងមួយ ខិតខំបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ដើរតាមបន្ទាត់នយោបាយដ៏ ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យបក្សយើងរឹងមាំគ្រប់កាលៈទេសៈ ហើយទទួលបានការគាំទ្រពីប្រជាពលរដ្ឋយើងគ្រប់មជ្ឈដ្ឋាន។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងសាទរកោតសរសើរ អរគុណ និងដឹងគុណដល់សមាជិក សមាជិកា ទាំងអស់នៃមហាគ្រួសារគណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលល្អ ហើយសូមបន្តខិតខំបន្ថែមទៀត ដោយផ្សារភ្ជាប់ជាមួយប្រជាជន លើកកម្ពស់ផលប្រយោជន៍ប្រជាជន ការពាររាល់សមិទ្ធិផលសង្គមជាតិ និងរាំងស្កាត់ឧបាយកលបំផ្លិចបំផ្លាញរបស់មជ្ឈដ្ឋានអគតិ បន្តពង្រឹងការឯកភាពផ្ទៃក្នុងខ្ពស់ទាំងទស្សន៖ គោលជំហរ និងសកម្មភាព ដើម្បីបុព្វហេតុសន្តិភាព និងការអនុវត្ត បន្តអនុវត្តន៍ការកែទម្រង់ស៊ីជម្រៅឲ្យកាន់តែមានប្រសិទ្ធភាព និងព្រមៗគ្នានៅគ្រប់ថ្នាក់គ្រប់ផ្នែក ដោយកំណត់ច្បាស់ថា កំណែទម្រង់ គឺជាអាយុជិវិតរបស់ជាតិ និងគណបក្ស និងបន្តដំណើររួមគ្នាព្រមៗគ្នា នៅគ្រប់ថ្នាក់ ឆ្ពោះទៅដណ្តើមជ័យជំនះជូនគណបក្ស ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីបន្តសន្តិភាព និងការអភិវឌ្ឍ រីកចម្រើនសម្បូររុងរឿងជូនប្រទេសជាតិ «គណបក្សប្រជាជនកម្ពុជាឈ្នះ គឺប្រជាជនកម្ពុជាជាអ្នកឈ្នះ»

ក្នុងកិច្ចប្រជុំនោះដែរក៏មានការប្រកាសតែងតាំងបំពេញបន្ថែមសមាជិកគណៈកម្មាធិការគណបក្ស ព្រមទាំងប្រកាសតែងតាំងមន្រ្តីមួយចំនួន បំពេញរចនាសម្ព័ន្ធគណៈកម្មាធិការគណបក្សប្រជាជន កម្ពុជា ខេត្តបន្ទាយមានជ័យផងដែរ។

សូមបញ្ជាក់ថា សម្រាប់ខេត្តបន្ទាយមានជ័យ ចំនួនក្រុមប្រឹក្សាខេត្តមាន២៥ ចំនួនក្រុមប្រឹក្សាក្រុង/ស្រុកមានចំនួន១៦៩ និងក្រុមប្រឹក្សាឃុំសង្កាត់មាន៥១៥៕