(ត្បូងឃ្មុំ)៖ បុរសម្នាក់ឈ្មោះ ស៊ូ យាន ត្រូវបានកម្លាំងនគរបាលខេត្តត្បូងឃ្មុំចាប់ខ្លួន នៅផ្ទះរបស់ខ្លួនតែម្ដង ស្ថិតក្នុងភូមិប្រិយ៍ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ពាក់ព័ន្ធជាមួយបណ្ដឹងរបស់ប្រជាពលរដ្ឋជាច្រើននាក់ ដែលបានប្រើពាក្យប្រមាថធ្ងន់ៗ ទៅលើសម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងអ្នកគាំទ្រសម្ដេចរាប់លាននាក់ តាមរយៈបណ្ដាញសង្គម។

លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះថា ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចរបស់លោកចាប់ខ្លូននៅក្នុងផ្ទះនេះ ធ្វើឡើងតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋចំនួន៤-៥ខេត្ត ដោយចោទប្រកាន់បុរសនេះថា បានប្រើប្រាស់នូវពាក្យប្រមាថធ្ងន់ៗទៅលើសម្ដេចតេជោ ហ៊ុន សែន។

លោក ប៉ាន់ខែម ប៊ុនថន ដែលជាម្ចាស់បណ្ដឹងមួយរូប បានបញ្ជាក់ថា ក្នុងនាមតំណាងប្រជាពលរដ្ឋទាំងអស់ ដែលគាំទ្រសម្តេច តេជោ ហ៊ុន សែន លោកមិនសុខចិត្ត និងទទួលយកមិនបានឡើយ ចំពោះការប្រមាថរបស់បុគ្គល ស៊ូ យាន ដែលបង្ហាញសារប្រមាថ ញុះញង់បែបនេះ នៅលើបណ្ដាញសង្គម Facebook ជាបន្ដបន្ទាប់។

យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានអះអាងថា ការចាប់ខ្លួននេះក៏ធ្វើឡើងទៅតាមដីកាបញ្ជាឲ្យចាប់ខ្លួនរបស់ លោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំផងដែ ដោយចោទប្រកាន់ពីបទ «ញុះញងឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមរយៈគណនី Facebook ឈ្មោះ Su Yean កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩»។

លោកឧត្តមសេនីយ៍ស្នងការបានបន្ថែមថា រហូតមកដល់ពេលនេះ ជនសង្ស័យកំពុងស្ថិតក្រោមការសួរនាំរបស់កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕