(កំពង់ចាម)៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ 

បានបើកកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងផ្សព្វផ្សាយអនុសាសន៍ ដឹកនាំរបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត និងមានការចូលរួមពី លោក លោកស្រី ស្នងការរង លោកអនុប្រធានផែនជំនាញ លោក លោកស្រី នាយ នាយរងការិយាល័យជំនាញ លោកនាយផ្នែកនគរបាលបេតិកភ័ណ្ឌ លោកអធិការ
អធិការរងនគរបាលស្រុក ក្រុងទាំង១០ លោកនាយប៉ុស្តិ៍នគរបាលទាំង១០៩ សរុបចំនួន ៣៣៩នាក់។

ជាកិច្ចចាប់ផ្តើម លោកវរសេនីយ៍ឯក ស៊ូ សុខុម៉ា អនុប្រធានផែនការងារសេនាធិការ បានឡើងអានរបាយការណ៍បូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ និងរយៈពេល៥ថ្ងៃ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ បាន នាំការផ្តាំផ្ញើ សាកសួរសុខទុក្ខពីលោក គួច ចំរើន អភិបាល ខេត្តកំពង់ចាម, នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយសម្តែងការកោតសរសើរដល់កងកម្លាំងនគរបាលខេត្តកំពង់ចាម ដែលបានប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ក្នុងការជួយថែរក្សា និងបម្រើសេវាជូនដល់ប្រជាពលរដ្ឋក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។

លោកស្នងការបានបន្ថែមថា អគ្គស្នងការនគរបាលជាតិ បានគូសបញ្ជាក់រំលឹកដល់ប្រសាសន៍របស់សម្តេច តេជោ ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង ដែលបានកោតសរសើរចំពោះកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលបានរួមសហការគ្នាធ្វើឲ្យ ពិធីបុណ្យចូលឆ្នាំខ្មែរកន្លងមកនេះ បានប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងធ្វើឲ្យពលរដ្ឋបានសប្បាយរីករាយ។

ជាចុងក្រោយលោកឧត្តមសេនីយ៍ទោ ឯម កុសល មានមតិផ្តាំផ្ញើដល់លោកអធិការ អធិការរង លោកនាយប៉ុស្តិ៍ ត្រូវបំពេញភារកិច្ចដែលថ្នាក់លើប្រគល់ជូន ឲ្យបានសម្រេចជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕