(កណ្តាល)៖ ផឹកស៊ីក្លែមសម្តី បញ្ចើចគ្នាក្នុងផឹកស៊ីតិចច្រើន រហូតមន្ត្រីនគរបាលក្រុងតាខ្មៅម្នាក់ និងនាយរងការិយាលចរាចរណ៍ខេត្តកណ្តាលម្នាក់ ផ្ទុះកំហឹងដាក់គ្នាប្រតាយប្រតប់ បង្កឱ្យភ្ញាក់ផ្អើលដល់ម្ចាស់ហាង និងភ្ញៀវកំពុងសប្បាយក្នុងការផឹកស៊ី ទីបញ្ចប់មន្ត្រីនគរបាលរូបនោះ ដេកពេទ្យ និងជនបង្កត្រូវបានហៅទៅសាកសួរ។

ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ នៅចំណុចហាងជំនោធម្មជាតិភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ាង រិទ្ធី អាយុ៣៧ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលមានមុខរបរនាយរងប៉ុស្តិ៍តាខ្មៅ។ ចំណែកជនសង្ស័យឈ្មោះ ខៀវ ប៊ុនធឿន ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មានមុខរបរនាយរងការិយាល័យចរាចរណ៍ជើងគោក។

មុនពេលកើតហេតុជនរងគ្រោះ និងជនសង្ស័យរួមជា មួយមិត្តភក្តិចំនួន ៦នាក់ទៀត បានត្រូវរ៉ួវគ្នាទៅផឹកស៊ី នៅក្នុងហាងផឹកស៊ីជំនោធម្មជាតិ។ លុះផឹក ABC អស់ម្នាក់ប្រហែល១០កំប៉ុង ក៏ស្រាប់តែជនរងគ្រោះ និងមិត្តភ័ក្រម្នាក់ឈ្មោះ ឆៃ យ៉ា បានទាក់ពាក្យសំដីគ្នារឿងផឹកតិចផឹកច្រើន ពេលនោះមិត្តភ័ក្រម្នាក់ ក៏បានចាប់ទាញជនរងគ្រោះចេញក្រៅកញ្ចុះ ហើយជនល្មើសក៏បានចេញ មកហាមជនរងគ្រោះកុំឱ្យឈ្លោះប្រកែកគ្នា។

ដោយសារអំណាចស្រាចូលខ្លួនស្ពឹកអស់លែងស្តាប់គ្នាបានក៏ធ្វើឱ្យស្ថានភាពផ្លូវចិត្តកើតធ្ងន់ៗទៅ រហូតប្រតាយប្រតប់គ្នា បណ្តាលឱ្យជនរងគ្រោះមានរបួសត្រង់លើភ្នែកខាងឆ្វេង និងក្រោមភ្នែកខាងឆ្វេង។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល ចំណែកជនសង្ស័យត្រូវបានឃាត់ខ្លួននាំយកទៅសាកសួរ ដើម្បីកសាងសំណុំរឿង តែគេមិនដឹងថា ចំណាត់យ៉ាងណានោះទេ ចំពោះនគរបាលខេត្តកណ្តាលឈ្លោះគ្នានេះ៕