(បាងកក, ថៃ)៖ មន្រ្តី កម្ពុជា-ថៃ បានចុះហត្ថលេខារួមគ្នារួចរាល់ហើយ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ទៅលើការពង្រឹង និងគ្រប់គ្រងករណី នៃការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម ជនរងគ្រោះដោយអំពើជួញដូរមនុស្ស។ សម្រាប់កិច្ចករណីនេះ មន្រ្តីរបស់កម្ពុជា បានបង្ហាញការជឿជាក់ថា ជាកិច្ចព្រមព្រៀងដ៏ល្អមួយសម្រាប់ការជួយដល់ជនរងគ្រោះដោយអំពើជួញដូរ។

នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាន តំណាងរបស់លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានដឹកនាំ គណៈប្រតិភូកម្ពុជា ជាមួយនឹងតំណាងក្រសួងចំនួន ៥ទៀត រួមមាន៖ ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសុខាភិបាល និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញទៅចុះចុះហត្ថលេខាជាមួយភាគីថៃ។

បន្ថែមពីលើនេះ លោក ញ៉ឹក វណ្ណារ៉ា ក៏បានលើកឡើងពីគោលបំណង នៃការបង្កើតនីតិវិធីប្រតិបត្តិបទដ្ឋានស្តីពី ការគ្រប់គ្រងករណីសេចក្តីព្រាងផែនការសកម្មភាព នៃនីតិវិធីប្រតិបត្តិបទដ្ឋាន ការគ្រប់គ្រងករណីនៃការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្មជនរងគ្រោះ ដោយអំពើជួញដូរមនុស្សរវាងកម្ពុជា-ថៃ (SOPs) ផងដែរ។

លោកបានបញ្ជាក់ថា «កិច្ចព្រមព្រៀង (SOPs) ធ្វើឡើងដើម្បីបង្កើតគោលការណ៍ណែនាំរួម ស្តីពីការធ្វើមាតុ ភូមិនិវត្តន៍ និងសមាហរណកម្មជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ក្នុងគោលបំណងពង្រឹងបទដ្ឋានប្រតិបត្តិអនុលោម ទៅតាមការអនុវត្តជាលក្ខណៈ អន្តរជាតិ, កំណត់តូនាទី និងការទទួលខុសត្រូវ នៃអាជ្ញាធរពាក់ព័ន្ធនៃរដ្ឋភាគីទាំង២ នៅក្នុងដំណើរការមាតុភូមិនិវត្តន៍ និងសមាហរណកម្ម, ប្រើប្រាស់ជាឯកសារយោងពាក់ព័ន្ធ និងការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម និងជំនួយផ្នែកច្បាប់ដល់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស»

លោក ញ៉ឹក វណ្ណារ៉ា បានបន្ថែមថា រដ្ឋភាគីត្រូវ ផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ ដើម្បីធានានូវការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម ជាប្រព័ន្ធប្រកបទៅដោយសុវត្ថិភាព និងនិរន្តរភាព ក្រោមវិសាលភាព នៃកិច្ចសហប្រតិបត្តិការរួមមាន៖

*ទី១៖ ការផ្លាស់ប្តូរព័ត៌មានពីជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ក្នុងគោលបំណងធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម
*ទី២៖ ការសម្របសម្រួលក្នុងការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម
*ទី៣៖ ការសម្របសម្រួលក្នុងកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយផ្នែកច្បាប់ដល់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស
*ទី៤៖ ការតាមដានត្រួតពិនិត្យ និងការប៉ាន់ប្រមាណលទ្ធផល នៃការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម

គួរបញ្ជាក់ថា វិស័យសង្គមកិច្ច មានច្បាប់គោលនយោបាយ បទដ្ឋានគតិយុទ្ធជាច្រើនសម្រាប់ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ ដូចជា ច្បាប់ស្តីពីការស្មុំកូនអន្តរប្រទេស ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ច្បាប់ស្តីពីយុត្តិធម៌អនីតិជន និងគោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពីការថែទាំជំនួស ចំពោះកុមារ និងបទដ្ឋានការថែទាំ ជនរងគ្រោះដោយអំពើជួញដូរ និងអំពើអាជីវកម្មផ្លូវភេទ ដែលស្នាក់នៅមណ្ឌល និងមានឧបករណ៍ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយ៕