(ប៉ោយប៉ែត-បន្ទាយមានជ័យ)៖ អតីតតំបន់សមរភូមិពោរពេញដោយភ្លើងសង្គ្រាម លើទឹកដីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាន់តែប្រែមុខមាត់ថ្មីពីមួយថ្ងៃ ទៅមួយថ្ងៃ នៅក្នុងសម័យតេជោសែន។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ ស្ពានស្ទឹងបត់ ត្រូវបានចាក់បេតុងតភ្ជាប់មុខតំណ រវាងកម្ពុជា-ថៃ ហើយអគារច្រកទ្វារព្រំដែនអន្ដរជាតិថ្មីមួយទៀត ក៏ត្រូវបានរៀបចំបើកការដ្ឋានសាងសង់ជាផ្លូវការផងដែរ។

ពិធីបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្ដរជាតិស្ទឹងបត់ នៅខេត្តបន្ទាយមានជ័យ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា។ ក្នុងពិធីនេះ ក៏មានការចូលរួមពីឥស្សិរជនជាន់ខ្ពស់ នៃជួររាជរដ្ឋាភិបាល និងមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ថ្លែងក្នុងពិធីនោះសម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្ដីរំភើបរីករាយ ដែលបានចូលរួមជាអធីបតីភាពក្នុងពិធីនេះ ហើយសម្ដេចបានចាត់ទុកថា ថ្ងៃនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលកម្ពុជា និងថៃ បានតភ្ជាប់ស្ពានឆ្លងកាត់ព្រំដែនស្ទឹងបត់-បានណងអៀន។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានគូសបញ្ជាក់ទៀតថា ស្ពាននេះ គឺជាការតភ្ជាប់ដ៏សំខាន់មួយរវាងកម្ពុជា និងថៃ ហើយសម្ដេចក៏បានអរគុណថៃ ដែលបានជួយកសាងស្ពាន និងផ្តល់ហិរញ្ញប្បទានសម្រាប់សាងសង់អគារ និងផ្លូវតភ្ជាប់ ដែលសម្រួលដល់ការ ធ្វើពាណិជ្ជកម្មរបស់ប្រជាជន នៃប្រទេសទាំងពីរកម្ពុជា-ថៃ កាន់តែល្អប្រសើរផងដែរ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានបន្ថែមថា កម្ពុជា-ថៃ មិនអាចយកស្ពាននៅប៉ោយប៉ែត ឆ្លងគ្នាលាយឡំទាំងអ្នកទេសចរ និងដឹកទំនិញនោះឡើយ។ ហេតុនេះហើយទើបសម្រេចឲ្យមានការសាងសង់ស្ពានថ្មី នៅស្ទឹងបត់សម្រាប់ការដឹកទំនិញ ហើយស្ពាននៅប៉ោយប៉ែតទុកសម្រាប់ចេញចូលតែភ្ញៀវទេសចរ និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកសមិទ្ធផលនៅលើទឹកដីច្រកស្ទឹងបត់ ជាសមិទ្ធផលដើមរដូវ ដែលកើតចេញពីការប្រឹងប្រែងកាលពីប៉ុន្មានឆ្នាំមុន របស់រាជរដ្ឋាភិបាលកម្ពុជា ខណៈដែល ២០ឆ្នាំមកនេះ តំបន់សង្រ្គាម បានក្លាយទៅជាតំបន់ទីផ្សារ តំបន់កម្សាន្ត និងជាតំបន់ដែលមានសេវា។

ព្រមពេលជាមួយគ្នានេះ សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកឡើងដោយ ស្នើទៅកាន់ នាយករដ្ឋមន្រ្តីថៃ បើកច្រកអន្តរជាតិ ៤កន្លែងផ្សេងទៀត ក្នុងនោះមានច្រកអានសេះ ច្រកជប់គគី ច្រកភ្នំដី និងច្រកថ្មដា ក្នុងន័យសម្រួលដល់ការធ្វើដំណើរ និងការធ្វើពាណិជ្ជកម្ម ខណៈទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ គឺធំណាស់រហូតដល់ ៦ពាន់លានដុល្លារ។

ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏នៅតែ បន្ដ អំពាវនាវឲ្យជនរួមជាតិ ថែរក្សាសុខសន្តិភាព ដែលរកបានដោយលំបាក បើថែទាំងមិនបានទេ ស្ពានក៏ដាច់ ហេដ្ឋារចនាសម្ព័ន្ធក៏អស់ រត់ចោលផ្ទះដូចសម័យរដ្ឋប្រហារ ដូច្នេះកាតព្វកិច្ចរបស់ពលរដ្ឋត្រូវតែរួមគ្នា ដើម្បីថែរក្សានូវសុខសន្ដិភាពនេះឲ្យខាងតែបាន៕