(ព្រះសីហនុ)៖ គណៈកម្មាធិការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានបន្តចុះត្រួតពិនិត្យ តាមឆ្នេរសមុទ្រមួយចំនួន មានដូចជា៖ ឆ្នេរព្រែកត្រែង ឆ្នេរសុខា ឆ្នេរអូរត្រេះ និងចុះទៅពិនិត្យស្ថានីយ ស្តុកទឹកស្អុយ ចំនួន៤កន្លែង នៅក្រុងព្រះសីហនុ ដើម្បីបូមទឹកស្អុយទាំងនោះ យកទៅអាងប្រព្រឹត្តិកម្ម ឬអាងចម្រោះទឹកស្អុយ មុនបង្ហូរទឹកកខ្វក់នោះ ទៅសមុទ្រ។

ការចុះត្រួតពិនិត្យនេះ មានការចូលរួមពីលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អមដំណើរដោយលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ, លោក ប៉ែន សុផល តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងមន្ត្រីជំនាញ មន្ទីអង្គភាពពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ នារសៀលថ្ងៃអាទិត្យទី២១ ខែមេសា ឆ្នាំ២០១៩។

ការចុះពិនិត្យជាក់ស្តែង នៅតាមឆ្នេរសមុទ្រមួយចំនួន របស់ថ្នាក់ដឹកនាំគណៈកម្មាធិការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នាឱកាសនេះ ប្រយោជន៍ដើម្បីឈានទៅជំរុញគម្រោងផែនការ សកម្មភាពអភិវឌ្ឍន៍ តំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ ឲ្យបានប្រសើរឡើងថែមទៀត។

បន្ថែមលើនេះ ក៏ដើម្បីពិនិត្យតាមដានស្ថានីយស្តុកទឹកស្អុយទាំង៤ទីតាំង ដែលបានដាក់ឲ្យដំណើរការ និងបូមទឹកកខ្វក់ បន្តទៅអាងប្រព្រឹត្តិកម្ម មានទំហំ១៦ហិកតា ដែលជាអាងសម្រាប់ចម្រោះទឹក កខ្វក់ កាត់បន្ថយក្លឹនស្អុយ និងជាតិពុល ដើម្បីឲ្យប្រាកដថា ស្ថានីយទាំងនោះ មានដំណើរការល្អ និងមានប្រសិទ្ធភាពត្រឹមកំរិតណា ប្រយោជន៍ឈានទៅធ្វើការកែលម្អ ឲ្យបានប្រសើរថែម ទៀតនាថ្ងៃខាងមុខ។

ក្នុងឱកាសនោះ លោក យន្ត មីន បានឲ្យដឹងថា រាល់ថ្ងៃនេះ ក្រុមការងារចុះពិនិត្យឆ្នេរសមុទ្រ ប្រព័ន្ធលូ និងស្ថានីយស្តុកទឹកស្អុយ ជាពិសេសអាងប្រព្រឹត្តិកម្ម សម្រាប់ចម្រោះទឹកស្អុយ គឺបានសកម្មភាពជាប្រចាំ ដោយមិនធ្វេសប្រហែសទេ។

លោកបន្តថា ស្ទើរជារៀងរាល់ថ្ងៃ ក្រុមការងារចុះពិនិត្យឆ្នេរសមុទ្រ និងប្រព័ន្ធលូបង្ហូទឹកស្អុយជាដើម របស់រដ្ឋបាលខេត្តព្រះសីហនុ បានបន្តសកម្មភាពជាប្រចាំ ដោយមិនគិតថា ថ្ងៃដើមសប្តាហ៍ ឬចុងសប្តាហ៍នោះទេ ប្រយោជន៍ ដើម្បីថែរក្សាបរិស្ថានអនាម័យឆ្នេរសមុទ្រ ឲ្យមានសោភ័ណភាព ឈានទៅទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យចូលមកទស្សនាប្រទេសកម្ពុជា ក៏ដូចជាចូលមកទស្សនា ខេត្តព្រះសីហនុ ឲ្យបានច្រើនថែមទៀត នាបណ្តាឆ្នាំខាងមុខៗ៕