(ពោធិ៍សាត់)៖ ព្រះតេជគុណ ឡាយ កន ព្រះគ្រូចៅអធិការវត្តបាកាន នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ បានដឹកនាំពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ប្រារព្ធពិធីស្រង់ព្រះពុទ្ធរូប ព្រះសង្ឃ មាតាបិតា ជីដូនជីតា បុព្វការីជន ដើម្បីបង្ហាញពីទំនៀមទម្លាប់ ប្រពៃណី ជំនឿសាសនា ក្នុងឱកាសឆ្លងបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ គ.ស ២០១៩។

ព្រះគ្រូចៅអធិការបាកាន មានសង្ឃដិកាថា នេះជាលើកដំបូងហើយដែលវត្តបាកាន បានប្រារព្ធពិធីស្រង់ព្រះទ្រង់ទ្រាយធំ មានពុទ្ធបរិស័ទចូលរួមយ៉ាងច្រើនកុះករ។ មុននឹងស្រង់ទឹក កូនចៅបានលុតជង្គង់សុំខុមាលទោសអំពីកំហុសឆ្គង ដែលកូនចៅបានប្រព្រឹត្តខុសឆ្គងកន្លងមក ដោយកាយក្តី វាចាក្តី និងចិត្តក្តី ដែលបានធ្វើឲ្យមាតាបិតា ជីដូនជីតាព្រួយបារម្ភ បន្ទាប់មកថា្វយបង្គំ និមន្តរូបព្រះពុទ្ធ ព្រះសង្ឃ មាតាបិតា ជីដូនជីតា បុព្វការីជន ទៅស្រង់ទឹក ដោយមានជូនទស្សនារបាំជូនពរ របាំត្រុដិ លេងល្បែងប្រជាប្រិយ និងមានការចាក់ធុងបាសរាំងចង្វាក់ប្រពៃណីខ្មែរ។

ព្រះគ្រូចៅអធិការវត្តបាកាន មានសង្ឃដិកាទៀតថា ពិធីនេះធ្វើឡើងក្រោមកិច្ចចង្អុលបង្ហាញរបស់លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងដោយបានការចូលរួមសហការរៀបចំ ការពារសន្តិសុខ ពីអាជ្ញាធរស្រុក ឃុំ កងកម្លាំងសមត្ថកិច្ចដើម្បីរក្សាប្រពៃណីខ្មែរឱ្យបានគង់វង្ស យូរអង្វែងទៅមុខ និងជាការរួមសាមគ្គីគ្នាបង្កើតភាពស្និទ្ធស្នាល យ៉ាងសប្បាយរីករាយ ស្វាគមន៍ឆ្នាំថ្មី របស់ប្រជាពលរដ្ឋក្នុងខេត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត។

គួររំលឹកថា វត្តបាកានជាវត្តមួយ ដែលស្ថិតនៅប៉ែកបច្ចឹមនៃខេត្តពោធិ៍សាត់ បើចេញដំណើរពីពោធិ៍សាត់ទៅមានចម្ងាយប្រហែល១៩គីឡូម៉ែត។ ពីអតីតកាល វត្តនេះគេហៅថាវត្តបានកា ហេតុដែលគេហៅបែបនេះមកពីប្រជាជន តែងបន់ស្រន់ពេលណា តែងទទួលបានជោគជ័យពេលនោះ។ វត្តនេះមានព្រះវិហារមួយ ដែលមានព្រះពុទ្ធរូបបែរមុខទៅទិសខាងលិច ហើយមានប្រាសាទតូចមួយនៅខាងកើតព្រះវិហារ ប្រាសាទនេះសង់ពីថ្មបាយក្រៀមលាយឡំដោយថ្មភួក៕