(កំពង់ឆ្នាំង)៖ បុរសម្នាក់បានលើកដៃកាប់ប្រហារសម្លាប់ប្រពន្ធ និងកូនបង្កើតបណ្ដាលឲ្យរងរបួសធ្ងន់ នៅយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ស្ថិតភូមិអណ្តូងរវៀង ឃុំអញ្ចាញរូង ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ដោយសារតែឥទ្ធិពល នៃសុរា និងភ្លើងប្រចណ្ឌគ្រប់គ្រងលើខ្លួនប្រាណ។

របាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរងទទួលផែនព្រហ្មទណ្ឌ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ហេតុការណ៍នេះបង្កឡើងដោយជនល្មើស ឈ្មោះ តូច ញ៉ន អាយុ៤១ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ បានយកពូថៅកាប់ទៅលើជនរងបណ្តាលឲ្យស្លាប់ និងរងរបួសធ្ងន់ មូលហេតុស្រវឹងស្រា និងមានការប្រចណ្ឌប្រពន្ធ។

លោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី បានបញ្ជាក់ទៀតថា ជនរងគ្រោះទាំង២នាក់រួមមាន ទី១៖ឈ្មោះ សូ ធី អាយុ៤៦ឆ្នាំ ជាប្រពន្ធ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងទី២៖ឈ្មោះ ញិប សុគន្ធ អាយុ០៩ឆ្នាំ រងរបួសធ្ងន់។ យ៉ាងណាក៏ដោយ ក្រោយពេលកើតហេតុជនល្មើសត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗផងដែរ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់៕