(មណ្ឌលគិរី)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩នេះ ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងសិក្សាអំពីប្លង់មេសាងសង់ព្រលានយន្តហោះខ្នាតតូចមួយ នៅខេត្តមណ្ឌលគិរី ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងវិស័យដឹកជញ្ជូន។

លោកបានបន្តថា កាលពីពេលថ្មីៗកន្លងទៅ លោកបានដឹកនាំប្រតិភូក្រសួងទេសចរណ៍ជួបប្រជុំជាមួយឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានគណកម្មាធិការគោនយោបាយសេដ្ឋកិច្ចជាតិ ដើម្បីស្តាប់នូវសំណូមពរ និងវិធានការចាំបាច់មួយចនួន ដើម្បីលើកស្ទួយវិស័យទេសចរជាតិ ក្នុងនោះក៏មានការពិភាក្សាអំពីការសិក្សាផែនការមេអភិវឌ្ឍន៍នៅតាមបណ្តាខេត្តមួយចំនួន ពិសេសខេត្តមណ្ឌលគិរី ដែលជាខេត្តមួយមានសក្តានុពលអេកូទេសចរណ៍ដ៏ល្អពិសិដ្ឋ និងមានលក្ខខណ្ឌអាកាសធាតុល្អប្រសើរ អាចដាំបន្លែ និងផ្កាសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ព្រោះបច្ចុប្បន្នកម្ពុជាបាននិងកំពុងនាំចូលបន្លែ និងផ្កាជាច្រើនពីប្រទេសជិតខាង។

លោកបន្តថា «នៅក្នុងផែនការនេះដែរ រាជរដ្ឋាភិបាលនឹងសាងសង់ព្រលានយន្តហោះខ្នាតតូចមួយ ដើម្បីដឹកជញ្ជូនភ្ញៀវទេសចរទៅទស្សនានៅខេត្តនេះឆាប់រហ័ស និងសម្រាប់ដឹកជញ្ជូនទំនិញនានាទៅមករាជធានីភ្នំពេញ។

លោក ថោង ខុន បានសង្កត់ធ្ងន់ថា «ការសម្រេចផែនការនេះ នឹងធ្វើឲ្យកម្ពុជាចំណេញច្រើនពីកាត់បន្ថយការធ្លុះធ្លាយសេដ្ឋកិច្ចក្នុងវិស័យទេសចរណ៍ និងជាការនាំចេញនឹងកន្លែង»

លោកបានបន្តទៀតថា ផែនការនេះនឹងបញ្ចប់ការសិក្សាក្នុងរយៈពេល៦ខែ ហើយនៅពេលសិក្សាចប់ រាជរដ្ឋាភិបាលនឹងអនុវត្តន៍ផែនការកសាងហេដ្ឋារចនាសម្ពន្ធនានា ដើម្បីផ្តល់ឱកាស និងលើកទឹកចិត្តដល់វិស័យឯកជនឲ្យចូលរួមក្នុងការវិនិយោគលើគម្រោងនេះ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ចំពោះការចំណាយក្នុងសាងសង់ព្រលានយន្តហោះនៅខេត្តភាគឦសានមួយនេះ គឺជាថវិការបស់រាជរដ្ឋាភិបាលទាំងស្រុង៕