(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ បានអនុញ្ញាតឱ្យប្រតិភូថៃ ដែលដឹកនាំដោយលោកវរៈនាវាឯក យ៉ាន់យុង ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ចាន់បុរី-ត្រាត ចូលជួបសម្តែងការគួរសម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងពិភាក្សាការងារ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងខេត្តនៅជាប់ព្រំដែននៃប្រទេសទាំង២ ឱ្យបានកាន់តែជិតស្និតថែមទៀត។

ក្នុងឱកាសនោះ លោក ផាន់ ចាន់ធុល បានថ្លែងអំណរគុណចំពោះប្រតិភូទំនាក់ទំនងព្រំដែនខេត្តចាន់បុរី-ត្រាត នៃព្រះរាជាណាចក្រថៃ ដែលបានអញ្ជើញមកជួបសម្តែងការគួរសម និងពិភាក្សាការងារ ពង្រឹងកិច្ចសហប្រតិបត្តិការ នៅតាមព្រំដែនរវាងប្រទេសទាំង២ ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាពដ៏ល្អជាមួយគ្នាលើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងពលករ នៅតាមបណ្តោយព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា-ថៃ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

នៅក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល ក៏បានសំណូមពរដល់ភាគីថៃ បន្តសហប្រតិបត្តិការនូវបញ្ហាមួយចំនួនដូចជា៖ បញ្ហាពលករខ្មែរឆ្លងដែនខុសច្បាប់ ព្រមទាំងបទល្មើសឆ្លងដែននានា និងការនាំចេញកសិផល និងការធ្វើពាណិជកម្មឆ្លងដែនរវាងខេត្តចាន់បុរី-ប៉ៃលិន។ ជាពិសេសសហការបង្ករលក្ខណៈងាយស្រួល សម្រាប់ពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ បានធ្វើដំណើរចេញចូល និងឆ្លងដែនដោយសុវត្ថិភាព។

ជាការឆ្លើយតបលោកវរៈនាវាឯក យ៉ាន់យុង បានសន្យាខិតខំសហប្រតិបត្តិការ និងដោះស្រាយនូវរាល់សំណូមពរ របស់រដ្ឋបាលខេត្តប៉ៃលិន ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខ្លួន ដើម្បីរកលទ្ធភាព និងដំណោះស្រាយ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ឱ្យបានកាន់តែល្អប្រសើឡើង។

ក្នុងឱកាសនោះលោកវរៈនាវាឯក ក៏បានកោតសសើរដល់រដ្ឋបាលខេត្តប៉ៃលិន ដែលកន្លងមកបានខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយខេត្តជាប់ព្រំដែននៃប្រទេសទាំង២ ដើម្បីរក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន និងបម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំង២ ដោយស្មើភាព និងស្មោះត្រង់៕