(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយលោក ឃ្លោក នួយ អភិបាលរងខេត្ត នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអង្គភាពជំនាញជុំវិញខេត្ត ចុះរៀបចំសណ្តាប់ធ្នាប់ និងសម្អាតអនាម័យសាធារណៈ ដើម្បីបង្កើនសោភ័ណភាពទីក្រុងឡើងវិញ បន្ទាប់ពីបុណ្យចូលឆ្នាំថ្មី ដែលជាបុណ្យប្រពៃណីជាតិខ្មែរបានបញ្ចប់។

លោក ផាន់ ចាន់ធុល បានលើកឡើងថា ការរួមគ្នាធ្វើអនាម័យបរិស្ថាននាពេលនេះ គឺជាការដាស់តឿន និងណែនាំដល់ប្រជាពលរដ្ឋឱ្យមានការភ្ញាក់រលឹក ព្រមទាំងចូលរួមធ្វើអនាម័យ និងបរិស្ថានក្នុងខេត្តឱ្យមានសោភ័ណភាពល្អ ដើម្បីប្រឡងប្រណាំងទីក្រុងស្អាត ជាពិសេសគឺទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិន ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច ជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។

លោកអភិបាលខេត្តបន្តថា កន្លងមករដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលម្អបន្ថែម និងការថែទាំ ព្រមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ ឱ្យបានកាន់តែល្អឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន សុខភាព ក៏ដូចជាបន្ថែមក្រវ៉ាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាពស្រស់បំព្រង។

«បើសិនមិនមានការចូលរួមទេ ហើយពឹងផ្អែកតែទៅលើបុគ្គលិកអនាម័យ ឬពឹងតែទៅលើមន្ត្រីមន្ទីរបរិស្ថាន ពឹងតែទៅលើរដ្ឋបាលក្រុង ពឹងតែទៅលើចៅសង្កាត់ និងក្រុមហ៊ុនប្រមូលសំរាម គឺអនាម័យបរិស្ថានក្នុងក្រុងប៉ៃលិនយើង មិនស្អាតនោះទេ ដូច្នេះបញ្ហានេះ វាទាល់តែមានការចូលរួមទាំងអស់គ្នាពីសំណាក់ប្រជាពលរដ្ឋ និងផ្នែកពាក់ព័ន្ធ ពោលគឺក្នុងនាមយើងជាម្ចាស់ផ្ទះ ម្ចាស់ទីតាំង ម្ចាស់ទឹកម្ចាស់ដីទាំងអស់ហ្នឹង គឺត្រូវរួមគ្នាសម្អាតនៅមុខផ្ទះ ឬក្នុងផ្ទះរៀងៗខ្លួនឲ្យបានជាប្រចាំ ដោយនៅមុខផ្ទះ ឬទីតាំងអ្នកណាអ្នកហ្នឹងសម្អាត ឲ្យបានស្អាតជាប្រចាំ ហើយត្រូវវេចខ្ចប់កាកសំណល់សំរាមឲ្យបានល្អ និងនាំយកទៅទុកដាក់ឲ្យបានត្រឹមត្រូវតាមក្បួនតាមខ្នាតជាដើម គឺមិនត្រូវបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់នៅតាមទីសាធារណៈនោះទេ ទើបយើងអាចសម្អាតអនាម័យបរិស្ថានបានល្អ និងមានសោភ័ណភាព»។ នេះជាការអំពាវនាវរបស់លោកអភិបាលខេត្ត ដល់ពលរដ្ឋ និងអាជីវករក្នុងខេត្តទាំងអស់។

សូមបញ្ជាក់ថា ការសម្អាតអនាម័យបរិស្ថាននេះ មានការចូលរួមសហការពីក្រុមហ៊ុនអនាម័យខេត្ត ដោយប្រើប្រាស់រថយន្តដឹកសម្រាមចំនួន ៣គ្រឿង និងរថយន្ត ពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន ៣គ្រឿង ដើម្បីបាញ់លាងសម្អាតផ្លូវថ្នល់ក្នុងទីរួមខេត្ត ឱ្យមានសោភ័ណភាពស្រស់ស្អាតឡើងវិញ៕