(ភ្នំពេញ)៖ ក្នុងអំឡុងពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ យើងសង្កេតឃើញថា ស្ដ្រីបាន​ចូលរួម​យ៉ាង​​សកម្មក្នុង​ការអភិវឌ្ឍន៍ សង្គមជាតិ​ឱ្យមាន​ការកើន​ឡើង​គួរឱ្យកត់​សម្គាល់ ដោយក្នុង​នោះមានវិ​ស័យជាច្រើន​បាន បង្ហាញ​អំពីវត្តមាន​យ៉ាងសកម្ម​របស់ស្រី្ត ដូចជា វិស័យនយោបាយ អប់រំ សុខាភិបាល និងជាពិសេស ក្នុងវិស័យការងារ ដែលគ្រប​ដណ្ដប់​ទៅលើផ្នែក ឧស្សាហកម្ម កសិកម្ម សិប្បកម្ម ពាណិជ្ជកម្ម សេវាកម្ម និងដឹកជញ្ជូនជាដើម ។

សម្រាប់វិស័យការងារនេះផងដែរ សិទ្ធិ និងអត្ថប្រយោជន៍​របស់ស្រ្តីត្រូវ​ទទួលបាន​ការគាំពារ ដើម្បី​លើកកម្ពស់ និងជម្រុញ​ឱ្យស្ដ្រី​មានភាពក្លាហាន​ក្នុងការចូលរួម និងបញ្ចេញសមត្ថភាព​របស់ខ្លួនឱ្យបាន ទូលំទូលាយ និងមានប្រសិទ្ធិភាពជាងមុន ។ ការចូលរួមរបស់​ស្រ្តីក្នុងវិស័យការងារ បានផ្តល់​ឲ្យស្រ្តីមកវិញនូវសិទ្ធិ និងអត្ថប្រយោជន៍ជាច្រើន ។

សម្រាប់សប្ដាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់ របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវី​កម្ពុជា​សហប្រតិបត្តិការ​អន្តរជាតិ សូមលើក​យកប្រធាន​បទស្ដីពី “អត្ថប្រយោជន៍​ដែលស្រ្តី​ទទួលបាន​ក្នុងវិស័យ​ការងារ” ដែល​ដក​ស្រង់ចេញពី ច្បាប់ស្ដីពី​​ការងារ​​នៃព្រះរាជាណា​ចក្រកម្ពុជា និងលិខិត​​បទដ្ឋាន​​គតិយុត្ត​​ពាក់ព័ន្ធ​​មួយចំនួន​ទៀត មកបកស្រាយ​​ជូនបងប្អូន​​ប្រជាពលរដ្ឋ សិស្ស និស្សិត និងជា​ពិសេស​បងប្អូនស្រ្តី​ជា​កម្មការី​​និយោជិត ដូចតទៅ៖

ជាការពិត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ណាស់ ស្រ្ដីបច្ចុប្បន្នមានសមត្ថភាព និងចំណេះដឹងគ្រប់គ្រាន់មិនចាញ់បុរស​​​​​​​​​​​​​​ ក្នុងការបំពេញការងារនានាឡើយ តែដោយហេតុថា ស្រ្តីជាភេទដែលងាយទទួលរងផលប៉ះពាល់ និងការបំពានទាំងផ្នែកស្មារតី និងរូបរាងកាយ ឬការរើស​អើងជាដើម ។ ហេតុដូច្នេះ សង្គមបាន​​យកចិត្តទុកដាក់ និងការពារ​ស្ត្រី​ពីផលប៉ះពាល់​​ទាំងនោះ​តាមរយៈ​រូបភាព​ផ្សេងៗ​ដូចខាងក្រោម៖

* សមភាពការងារ

សមភាពការងារ នៅត្រង់ចំណុចនេះ គឺសំដៅទៅលើភាពស្មើគ្នា ដែលកម្មករនិយោជិតទាំងជាបុរស និងជាស្ដ្រី​ត្រូវទទួល​បានពី​សហគ្រាស ឬ គ្រឹះស្ថាន​ដែលខ្លួន​បំពេញការងារ ។ ស្ដ្រីត្រូវទទួល​បានប្រាក់​កំរៃ ការបណ្ដុះ​បណ្ដាលវិជ្ជាជីវៈ ការតម្លើង​ថ្នាក់ ឬឋានន្តរសក្ដិ ការកំណត់​បែងចែកការងារ និងលក្ខខណ្ឌ​ការងារផ្សេងៗ ដូចទៅ​នឹងបុរសដែរ សម្រាប់​ការងារ និងតួនាទី។

ជាឧទាហរណ៍៖ ប្រសិនបើ កម្មករបុរសដែលទទួលបន្ទុក លើផ្នែកត្រួតពិនិត្យគុណភាពសំលៀកបំពាក់ ទទួលបាន​ប្រាក់បៀវ​ត្សចំនួន ១៨២ ដុល្លារ​ក្នុង ១ខែ នោះកម្មការនី​ដែល​ទទួលបន្ទុក​លើផ្នែក​ដូចគ្នានេះ ក៏ត្រូវទទួល​បានប្រាក់​បៀវត្ស​ស្មើគ្នាដែ​រ ហើយ​កម្មករ​កម្មការនី​ទាំងពីរភេទ ត្រូវធ្វើការ​ចំនួន ៨ ម៉ោង​ក្នុង១ថ្ងៃ ឬសែសិបប្រាំបីម៉ោង​ក្នុងមួយ​សប្តាហ៍ មិនបូក​រួមទាំងម៉ោង​សម្រាក ដូចគ្នា​ផងដែរ ។

ដោយឡែក​ចំពោះការងារខ្លះ អាចធ្វើការថែមម៉ោង ដោយមិន​ឱ្យលើសពី ២(ពីរ)ម៉ោង ក្នុងមួយថ្ងៃ ទៅតាម​ស្ថានភាព​ជាក់ស្តែង ដោយទទួល​បានប្រាក់ថែម​ម៉ោងទៅ​តាមច្បាប់​កំណត់។

* ការរំលោភបំពានលើរូបរាងកាយ និងផ្លូវភេទ

ស្ដ្រីដែលជានិយោជិតទាំងឡាយ ត្រូវបានការពារ​ដោយច្បាប់​យ៉ាងតឹងរ៉ឹង ចំពោះការរំលោភបំពាន លើរូបរាងកាយ និងខាង​ផ្លូវភេទ គ្រប់ទ្រង់​ទ្រាយ​ទាំងអស់។

ជាឧទាហរណ៍៖ សកម្មភាពមួយចំនួនដែលត្រូវចាត់ទុកថា ជាការបំពារបំពាន​លើរាងកាយ​ស្រ្តីមាន ដូចជាការ​ប្រើអំពើហិង្សា​ពីសំណាក់​និយោជក ការប៉ះពាល់ ឬស្ទាបអង្អែល​លើរូបរាងកាយ ​ក្នុងបំណង​ទុច្ចរិត​ណាមួយ ការគម្រាម​កំហែងលើផ្លូវភេទ ដើម្បីជាថ្នូរក្នុងការតម្លើងតំណែង ឬចៀសផុតពីការ​បញ្ឈប់ពី​ការងារ​ជាដើម ព្រមទាំង​សកម្មភាព​ផ្សេងៗទៀត​ដែលប៉ះទង្គិច​ដល់កិតិ្តយស និងសេចក្ដីថ្លៃថ្នូរ​របស់ស្ដ្រី​ផងដែរ។

ក្នុងករណីដែលមាន​ការរំលោភ​បំពាន ឬឥរិយាបថមិនគួរគប្បី​ណាមួយ​មកលើ​ខ្លួនស្រ្ដី ដែល​ទទួលរងផល​ប៉ះពាល់​នោះ មានសិទ្ធិគ្រប់គ្រាន់ក្នុងការដាក់​ពាក្យបណ្ដឹង ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីជួយ​រកដំណោះស្រាយ​ឱ្យបាន​សមស្រប និងទាន់​ពេលវេលា។

* អត្ថប្រយោជន៍សម្រាប់ស្រ្តីនៅពេលមាតុភាព (សំរាលកូន)

ចៅហ្វាយ ឬនិយោជក មិនអាចបញ្ឈប់និយោជិតពីការងារ​ នៅពេលឈប់​សំរាលកូន ឬយកមូល​ហេតុ​នេះមកធ្វើជាលេស​នោះទេ។ ស្របគ្នា​ផងដែរ ដើម្បីសម្របសម្រួល​ដល់ដំណាក់​កាលនេះ ស្រ្តីត្រូវ​ទទួល​​បានអត្ថប្រយោជន៍​មួយចំនួន​ដូចជា៖

• មានសិទ្ធិឈប់សម្រាក កៅសិបថ្ងៃ ដើម្បីសម្រាលកូន។

• ចំពោះស្ដ្រីណាដែលបានធ្វើការក្នុងសហ​គ្រាសចាប់ពី​មួយឆ្នាំឡើងទៅ ត្រូវមាន​​សិទ្ធិទទួល​បាន ប្រាក់ឈ្នួល​ពាក់កណ្ដាល ពីនិយោជក នៅអំឡុង​ពេលឈប់​សម្រាក​ខាងលើ។

• កម្មការនីដែលបានបង់ប្រាក់វិភាគទានទៅកាន់ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ត្រូវទទួលបានប្រាក់៧០% នៃប្រាក់ខែដែលជាប់វិភាគទានចំនួន៩០ថ្ងៃ ហើយប្រាក់ជាប់វិភាគទាននោះដែរ ត្រូវបានបង់ជាប់គ្នាយ៉ាងតិច ៩ ខែ មុនពេលសម្រាលកូន ដោយយោងតាម៖

១. យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ហើយត្រូវបានបង្កើតឡើងដោយអនុក្រឹតលេខ ០១ អនក្រ.បក ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ ស្ដីពីការបង្កើតរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព។

២. ប្រកាសលេខ ១៨៤/១៨ ក.ប/ប្រ.ក.ប.ស.ស ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ស្ដីពីការកែសម្រួលនៃប្រការ២ ប្រការ៤ ប្រការ៥ ប្រការ៦ ប្រការ៧ ប្រការ៨ និងប្រការ១០ នៃប្រកាសលេខ ១០៩ ក.ប/ប្រ.ក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ ស្តីពីតាវកាលិកថែទាំសុខភាព។

• ចំពោះកម្មករនិយោជិត​ជាស្រ្តីទាំងអស់​ដែលបានចុះបញ្ជីក្នុង បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) (កាតព្វកិច្ច​ចុះបញ្ជី​ជារបស់​​និយោជក ឫម្ចាស់​សហគ្រាស​គ្រឹះស្ថាន) និងសម្រាល​កូននៅមូលដ្ឋាន​សុខាភិបាល​សាធារណៈ ត្រូវទទួល​បានប្រាក់​ឧបត្ថម្ភបន្ថែម ដូចខាងក្រោម៖

- សម្រាលកូនទោល (មួយ) ទទួលបាន ៤០០ ០០០ (បួនសែន) រៀល ។
- សម្រាលកូនភ្លោះ (ពីរ) ទទួលបាន ៨០០ ០០០ (ប្រាំបីសែន) រៀល ។
- សម្រាលកូនភ្លោះ (បី) ទទួលបាន ១ ២០០ ០០០ (មួយលានពីរសែន) រៀល ។

ប្រាក់ឧបត្ថម្ភនេះ ត្រូវផ្ដល់ជូនដោយផ្ទាល់ពី ប.ស.ស ក្រោយពេលសម្រាលកូន ទោះបីទារករស់ ឬស្លាប់ក៏ដោយ។

• ក្នុងរយៈពេលមួយឆ្នាំ ចាប់ពីថ្ងៃដែលសំរាលកូនរួច ស្ដ្រីដែលឱ្យកូនបៅដោះអាចបានពេលមួយម៉ោងក្នុងមួយថ្ងៃ ដើម្បីបំបៅកូនខ្លួនក្នុងពេលម៉ោងធ្វើការ។ រយៈពេល ១ ម៉ោងនេះ អាចចែកចេញជាពីរវគ្គដែលក្នុងមួយវគ្គមាន ៣០ នាទី គឺពេលធ្វើការព្រឹកម្ដង និងពេលធ្វើការរសៀលម្ដង នៅម៉ោងណាដែលស្ដ្រីនោះបានព្រមព្រៀងជាមួយនិយោជក ឬម្ចាស់សហគ្រាស។ បើគ្មានការព្រមព្រៀងទេ ត្រូវយកម៉ោងនៅពាក់កណ្ដាលពេល នៃរយៈពេលម៉ោងធ្វើការនីមួយៗ។ (យោងតាមមាត្រា១៨៤ នៃច្បាប់ស្ដីពីការងារឆ្នាំ ១៩៩៧)

សរុបមកវិញ កម្មករនិយោជិតជាស្រ្តីទាំងអស់ដែលបានរួមចំណែកក្នុងវិស័យការងារ គួរគប្បីស្វែងយល់ពីការការពារ សិទ្ធិ និងអត្ថប្រយោជន៍​ដែលខ្លួនត្រូវ​ទទួលបាន​ឱ្យបានច្បាស់លាស់ រួមទាំង​អាចចែករំលែក​ចំណេះដឹង​នេះបន្ត ដើម្បីជា​ប្រយោជន៍​សម្រាប់​ខ្លួនឯង ក្រុមគ្រួសារ និងកម្មករ​និយោជិត​ដទៃ។

រៀបរៀងដោយ៖ កញ្ញាមេធាវី មាស រ៉ាវីន និងកញ្ញា គន្ធ វិជិតា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕