(ភ្នំពេញ)៖ ដោយមានការគាំទ្រពីមូលនិធិជប៉ុនសម្រាប់សមាហរណកម្មអាស៊ាន (Japan-ASEAN Integration Fund-JAIF 2.0) ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងរៀបចំសិក្ខាសាលាតំបន់មួយ ស្តីពីការដាក់ឲ្យដំណើរការយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពរបស់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ASEAN Regional Mine Action Centre-ARMAC) រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២២-២៣ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ នៅខេត្តសៀមរាប។

សិក្ខាសាលានេះ ធ្វើឡើងក្រោមប្រធានបទ៖ «ការលើកកម្ពស់កិច្ចប្រឹងប្រែងតំបន់ ដើម្បីដោះស្រាយបញ្ហាសំណល់ជាតិផ្ទុះពីសង្រ្គាមតាមរយៈវិធីសាស្រ្តចម្រុះ»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសដែល Fresh News ទទួលបាននៅថ្ងៃទី២១ ខែមេសានេះ។

សេចក្តីប្រកាស បានឱ្យដឹងថា សិក្ខាសាលាតំបន់នេះ មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការតំបន់នៅក្នុងអាស៊ាន ដើម្បីដាក់ឲ្យដំណើរការយ៉ាងពេញលេញនៃមជ្ឈមណ្ឌល ARMAC សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមអង្គការតំបន់ និងអន្តរជាតិពាក់ព័ន្ធនានា ដោះស្រាយ និងលុបបំបាត់នូវបញ្ហាសំណល់ជាតិផ្ទុះពីសង្រ្គាម ប្រកបដោយប្រសិទ្ធភាព។

លោក កាន់ ផារិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរាជាតិ ដែលជាតំណាងកម្ពុជា និងជាអនុប្រធាននៃគណៈកម្មាធិការអចិន្រ្តៃយ៍របស់មជ្ឈមណ្ឌល ARMAC នឹងអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកក្នុងសិក្ខាសាលានេះ។ ឥស្សរជនសំខាន់ៗ ក៏ត្រូវបានអញ្ជើញចូលរួមក្នុងសិក្ខាសាលាតំបន់នេះផងដែរ រួមមានតំណាងស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នាយកប្រតិបត្តិរបស់មជ្ឈមណ្ឌល ARMAC និងលោកអភិបាលរងខេត្តសៀមរាប។

កម្មវិធីនេះ ក៏នឹងមានការចូលរួមពីគណៈប្រតិភូជាង១០០នាក់ មកពីបណ្តាប្រទេសសមាជិកអាស៊ានទាំង១០ តំណាងមកពីមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន​ លេខាធិការដ្ឋានអាស៊ាន ប្រទេសជប៉ុន និងអង្គការតំបន់ និងអន្តរជាតិនានា ព្រមទាំងអង្គការក្រៅរដ្ឋាភិបាលដែលមានកិច្ចការពាក់ព័ន្ធនឹងសកម្មភាពបោសសំសម្អាតមីន សំណល់ជាតិផ្ទុះពីសង្រ្គាម និងសកម្មភាពដោះមីនផ្សេងៗទៀត។

លោក នង សាកល អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងថ្លែងសុន្ទរកថាបិទសិក្ខាសាលាតំបន់នេះ ដែលនឹងមានការអនុម័តលើអនុសាសន៍សំខាន់ៗនឹងវិធីសាស្រ្ត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការតំបន់ ដើម្បីដំណើរការមជ្ឈមណ្ឌល ARMAC ឲ្យបានពេញលេញ និងមានប្រសិទ្ធភាព។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល ក្រៅពីការចូលរួមក្នុងសិក្ខាសាលាខាងលើ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏នឹងមានរៀបចំកម្មវិធីដំណើរទស្សនកិច្ចជូនគណៈប្រតិភូ ទៅទស្សនានៅសារមន្ទីរសន្តិភាពសកម្មភាពកម្ចាត់មីន ដើម្បីបង្ហាញពីសមិទ្ធផល បទពិសោធន៍ ក៏ដូចជាកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមនៃមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមផងដែរ៕