(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក បានជំរុញឱ្យថ្នាក់ដឹកនាំគណបក្សនេះនៅមូលដ្ឋាន ត្រូវមានភាពម្ចាស់ការវាយបកឱ្យទាន់ពេលវេលា នូវរាល់ការឃោសនាមួលបង្កាច់ និងបំផុសបំផុល ញុះញង់ អុជអាលរបស់ក្រុមប្រឆាំងគ្រប់រូបភាពនៅមូលដ្ឋាន។

ការជំរុញបែបនេះរបស់លោករដ្ឋមន្រ្តី បានធ្វើឡើងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកបើកកិច្ចផ្សព្វផ្សាយ សេចក្តីសម្រេចថ្មីស្តីពី ការបង្កើតក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក និងដាក់ផែនការឆ្ពោះទៅកាន់ ការបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំចុះជួយស្រុកទាំងពីរ ថ្នាក់ដឹកនាំឃុំទាំង១៨ ប្រមាណ៣០០នាក់ ស្ថិតនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក ក៏បានស្នើប្រធានក្រុមការងារចុះជួយឃុំទាំង១៨ រៀបចំជាសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារចុះជួយតាមភូមិ ដោយបញ្ចូលបន្ថែមមន្ត្រីក្រសួងក្រោមឱវាទ និងមន្ត្រីបក្សស្រុក-ឃុំ-ភូមិ និងយុវជន (ដោយផ្អែកលើរចនាសម្ព័ន្ធក្រុមការងារចាស់ និងកែសម្រួលបំពេញបន្ថែម)។ ក្រុមការងារគ្រប់លំដាប់ថ្នាក់បន្តយកចិត្តទុកដាក់ពិនិត្យ និងដោះស្រាយនូវអ្វីដែលយើងបានសន្យាជូនប្រជាពលរដ្ឋមុនបោះឆ្នោត ដូចជាហេដ្ឋារចនាសម្ព័ន្ធចាំបាច់នៅមូលដ្ឋាន (ផ្លូវលំ ប្រឡាយទឹក អណ្តូងទឹក ចាក់ដី កាយប្រឡាយ ដាក់លូ ជាដើម)។

បន្ថែមពីនេះ លោក ថោង ខុន ក៏បានជំរុញឱ្យថ្នាក់ដឹកនាំស្រុកទាំងពីរ រួមទាំងថ្នាក់ដឹកនាំឃុំទាំង១៨ ត្រូវពង្រឹងរចនាសម្ព័ន្ធគណបក្សថ្នាក់មូលដ្ឋាន (ថ្នាក់ឃុំ) ឱ្យបានរឹងមាំ ពិសេសផ្តោតលើសកម្មជនយុវជន ដែលជាអ្នកបន្តវេន។ ពង្រឹងរបៀបរបបការងារ និងប្រជុំជីវភាពបក្សជាប់ជាប្រចាំ ពិសេសធ្វើការជាលក្ខណៈមុំបី (ក្រុមការងារ+គណបក្សស្រុក-ឃុំភូមិ+យុវជន)។ ពង្រឹងការគ្រប់គ្រង និងពង្រីកសមាជិកបក្ស (រក្សាចាស់ បង្កើនថ្មី) ដោយផ្តោតលើយុវជន ដែលទើបគ្រប់អាយុបោះឆ្នោត យុវជនតាមសាលា យុវជនតាមភូមិ បន្តចិញ្ចឹមចលនា និងឧបត្ថម្ភនានាដល់គណបក្សមូលដ្ឋាន និងយុវជន។

លោក ថោង ខុន បានបន្តថា ថ្នាក់ដឹកនាំមូលដ្ឋាន ត្រូវបន្តចុះជាប់មូលដ្ឋាន គ្រួសារបក្ស សមាជិកបក្ស និងខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីក្តាប់ឱ្យជាប់នូវសភាពការណ៍មូលដ្ឋាន អំពីសតិអារម្មណ៍ នយោបាយ ការលំបាក និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាពិនិត្យ និងដោះស្រាយឱ្យបានទាន់ពេលវេលា ហើយបន្តធ្វើអំពើល្អ និងបម្រើ ប្រជាពលរដ្ឋឱ្យអស់ពីចិត្តពីថ្លើម និងទប់ស្កាត់នូវអំពើអសកម្មនានា ដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ បន្តផ្តល់សេវាសាធារណៈ ឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ។ បន្តថែរក្សាសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ ដើម្បីផ្តល់ភាពកក់ក្តៅ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ត្រូវមានសាមគ្គី និងឯកភាពផ្ទៃក្នុងល្អ ឈរលើគោលការណ៍សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ។

ជាមួយគ្នានេះដែរលោក ថោង ខុន ក៏បានលើកឡើងអំពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ត្រូវខិតខំសម្រេច ឱ្យបាននូវចំនួនអាសនៈ ដែលមានបច្ចុប្បន្ន និងរក្សាឱ្យបានតំណែងជាប្រធានក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌដដែល ដើម្បីពង្រឹងមូលដ្ឋាននយោបាយ របស់គណបក្សនៅមូលដ្ឋានសម្រាប់បន្តរក្សាប្រៀឈ្នះ ប្រៀបខ្លាំងរបស់គណបក្ស ក្នុងការបោះឆ្នោត ឃុំ-សង្កាត់ឆ្នាំ២០២២ ការបោះឆ្នោតសាកលឆ្នាំ២០២៣ និងការបោះឆ្នោតបន្តបន្ទាប់ទៀត។ គោរពអនុវត្តតាមគោលការណ៍ណែនាំ និងប្រក្រតិទិនរបស់ គ.ជ.ប ចាប់ពីពេលនេះដល់ដំណើរការយុទ្ធនាការឃោសនា និងថ្ងៃបោះឆ្នោត (២៦ ឧសភា ២០១៩)៕