(ជីជាំង-ចិន)៖ គណៈប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដារដឹកនាំដោយលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានចូលរួមកិច្ចប្រជុំជាន់ខ្ពស់នៃវេទិកាកិច្ចសហប្រតិបត្តិការរដ្ឋបាលសារពើពន្ធ នៃគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ (Belt and Road Initiative Tax Administration Cooperation Forum - BRITACOF) លើកទី១ ចាប់ពីថ្ងៃទី១៨-២០ ខែមេសា ឆ្នាំ២០១៩ នៅទីក្រុង Wuzhen ខេត្តជីជាំង សាធារណរដ្ឋប្រជាមានិតចិន។ វេទិកានេះ ក៏មានរដ្ឋបាលសារពើពន្ធមកពីប្រទេសចំនួន៨៥ និងអង្គការស្ថាប័នអន្តរជាតិពាក់ព័ន្ធនឹងកិច្ចការសារពើពន្ធចំនួន១៦ ជាអាទិ OECD, IBFD, World Bank, និង IMF ជាដើម ព្រមទាំងតំណាងអ្នកសិក្សាស្រាវជ្រាវអំពីពន្ធដារ និងវិនិយោគិនអន្តរជាតិធំៗចូលរួមផងដែរ។

គណៈប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដារកម្ពុជា ដែលចូលរួមកិច្ចវេទិកាពិសេសនេះមាន៖ លោក អ៊ុំ សីហា អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ, លោក អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ, លោក លឹម ដឺលុច ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន, លោក សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងកិច្ចសហប្រតិបត្តិការពន្ធដារអន្តរជាតិ, លោក ប៉ូ សណ្តាប់ អនុប្រធាននាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅ និងលោក កែ ឈុំបញ្ញា ប្រធានការិយាល័យ នៃនាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅ។

កិច្ចប្រជុំលើកទី១នេះ មានលោក Wang Jun រដ្ឋមន្ត្រីនៃរដ្ឋបាលសារពើពន្ធនៃ សាធារណរដ្ឋប្រជាមានិតចិនជាប្រធាន ដោយផ្តោតលើគោលដៅសំខាន់ៗ រួមមាន៖

*ពិនិត្យសម្រេចលើការរៀបចំនូវរចនាសម្ព័ន្ធនៃ BRITACOM ក្នុងនោះ ក្រុមប្រឹក្សាភិបាល, លេខាធិការដ្ឋាន, វេទិកា BRITACOF, ក្រុមសិក្សាស្រាវជ្រាវនិងកសាងសមត្ថភាព BRITACEG, និងក្រុមប្រឹក្សាអ្នកផ្តល់យោបល់

*ពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់លើប្រធានបទពាក់ព័ន្ធនឹងពន្ធដារ៥ សំខាន់ៗរួមមាន ទី១. ការពង្រឹងសមត្ថភាពរដ្ឋបាលសារពើពន្ធ, ទី២. ការពង្រឹងច្បាប់និងបទប្បញ្ញត្តិស្តីពីសារពើពន្ធ, ទី៣. ការដោះស្រាយវិវាទសារពើពន្ធ, ទី៤. ការលើកកម្ពស់នូវភាពប្រាកដនិយមក្នុងការងារពន្ធដារ, និងទី៥. ការពង្រឹងអនុលោមភាពសារពើពន្ធនិងឌីជីថលភាវូនីយកម្មនៃរដ្ឋបាលសារពើពន្ធ

*និងការរៀបចំសេចក្តីសម្រេច និងផែនការសកម្មភាព (Action Plan)។

ក្នុងនាមអគ្គនាយកដ្ឋានពន្ធដារជាសមាជិកស្ថាបនិក (Founding Member) និងសមាជិកពេញសិទ្ធ (Full member) នៃ BRITACOM លោក គង់ វិបុល បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល, លេខាធិការដ្ឋាន, វេទិកា BRITACOF, ក្រុមសិក្សាស្រាវជ្រាវនិងកសាងសមត្ថភាព BRITACEG, និងក្រុមប្រឹក្សាអ្នកផ្តល់យោបល់។ ក្នុងឱកាសនោះ លោកប្រតិភូរាជរដ្ឋាភិបាល ត្រូវបានជ្រើសតាំងជាសមាជិកនៃក្រុមប្រឹក្សាភិបាល នៃ BRITACOM។

ជាការចូលរួមចំណែកក្នុងការចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរយោបល់លើប្រធានបទពាក់ព័ន្ធនឹងពន្ធដារ លោក គង់ វិបុល បានធ្វើបទអន្តរាគមន៍ក្រោមប្រធានបទ «ការពង្រឹងការអនុលោមភាពសារពើពន្ធ និងការធ្វើឌីជីថល ភាវូបនីយកម្មនៃរដ្ឋបាលសារពើពន្ធ» ជូនដល់ថ្នាក់ដឹកនាំ គណៈប្រតិភូ និងសមាជិកចូលរួមក្នុងវេទិកានេះទាំងមូល ជាពិសេសការផ្លាស់ប្តូរនូវបទពិសោធន៍ នៃដំណើរការនៃការធ្វើកំណែទម្រង់របស់អគ្គនាយកដ្ឋាន និងការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ តាមរយៈឌីជីថលភាវូបនីយកម្មពន្ធដារ។ បទពិសោធន៍របស់រដ្ឋបាលសារពើពន្ធលើពិភពលោកបង្ហាញថា ឌីជីថលភាវូបនីយកម្មពន្ធដារ គឺជានិន្នាការ ដែលអាចនិងគួរត្រូវបាន ទទួលយកយ៉ាងពេញទំហឹង ដោយរដ្ឋបាលពន្ធដារដែលកំពុងធ្វើកំណែទម្រង់។ វាផ្តល់នូវសេវាឆាប់រហ័ស មានប្រសិទ្ធិភាព និងទំនើបទាន់សម័យ ហើយជំរុញនិងពង្រឹងអនុលោមភាពសារពើពន្ធ។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះ បានបញ្ចប់នាវេលាម៉ោង១២៖០០ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ដោយសម្រចបានវេទិកា BRITACOF ទាំងមូលបានដាក់ចេញនូវសេចក្តីសម្រេចរួមនៃ Wuzhen Statement និងផែនការយុទ្ធសាស្ត្រ Wuzhen Action Plan សម្រាប់រយៈពេល ២ឆ្នាំ។ ចំណុចគួរឱ្យកត់សម្គាល់ រដ្ឋបាលសារពើពន្ធទាំងអស់បានកំណត់យកការ ឌីជីថលភាវូនីយកម្មពន្ធដារ (Digitalization of Tax Administration) ជាមូលដ្ឋានដ៏សំខាន់សម្រាប់ការកែទម្រង់ និងធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងធានាបាននូវស្ថិរភាពកំណើនចំណូលពន្ធ។ ក្រុមប្រឹក្សាភិបាល BRITACOF បានបោះឆ្នោតគាំទ្ររដ្ឋបាលសារពើពន្ធនៃប្រទេសកាស្សាក់ស្ថាន (Kazakthan) ឱ្យធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំលើកទី២ BRITACOF ផងដែរ៕