(ព្រះសីហនុ)៖ លោក ហ៊ុន ម៉ាណែត បានណែនាំដល់ កងកម្លាំងសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ត្រូវបន្តខិតខំការពារ និងបម្រើប្រជាពលរដ្ឋឲ្យបានល្អ ត្រូវស្មោះត្រង់ចំពោះប្រជាពលរដ្ឋ ប្រទេសជាតិ និងរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលកើតចេញពីការបោះឆ្នោត។

ក្នុងឱកាសអញ្ជើញតំណាងសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ពោធដាក់ឲ្យប្រើប្រាស់មហាកុដិ ផ្លូវបេតុង និងសមិទ្ធផលនានា ក្នុងវត្តពោធិ៍អណ្តែត នៅឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩នេះ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សមត្ថកិច្ចត្រូវចាត់ទុកផលប្រយោជន៍របស់ប្រជាពលរដ្ឋ ធំជាងប្រយោជន៍របស់ខ្លួន ដែលនេះជាគោលការណ៍របស់រាជរដ្ឋាភិបាល ខិតខំកែសម្រួលនូវអ្វីដែលមិនទាន់បានល្អដើម្បីរួមគ្នាបម្រើប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត ក៏បានលើកឡើងថា ពេលថ្មីៗនេះ ស្រុកព្រៃនប់ កើតមានការតវ៉ារឿងដីធ្លីនោះ សូមឲ្យប្រជាពលរដ្ឋរួមគ្នាដោះស្រាយ តាមនីតិវិធីកុំប្រើហិង្សា ព្រោះសមត្ថកិច្ចក៏ជាកូនចៅប្រជាពលរដ្ឋ ហើយ មិនចង់ឲ្យមានការវាយប្រហារកាប់ចាក់គ្នា ព្រោះគ្មានអី្វចំណេញនោះទេ ដូច្នេះសូមគោរពច្បាប់ទាំងអស់គ្នា ហើយយើងបានសេចក្តីសុខទាំងអស់គ្នា។

លើសពីនេះ លោកបាន អំពាវនាវដល់ប្រជាពលរដ្ឋ កុំទៅចូលរួមធ្វើបាតុកម្មជាមួយគេ ពោលត្រូវខិតខំគិតតែធ្វើការ ខិតខំរៀនសូត្រ ពិសេសត្រូវបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងប្រទេសជាតិឲ្យមានការជឿនលឿនទៅមុខ ពីព្រោះការធ្វើបាតុកម្មនេះ វាមិនចំណេញឡើយសម្រាប់ប្រទេសជាតិ។

លោក ហ៊ុន ម៉ាណែត បានគូសរំលេចថា ខេត្តព្រះសីហនុ ដែលធ្លាប់ជាខេត្តដាច់ស្រយាល ប៉ុន្តែនៅពេលនេះ ខេត្តមួយនេះមានការអភិវឌ្ឍសមិទ្ធផលច្រើន មានគ្រឹះស្ថានសិក្សាគ្រប់កម្រិតធ្វើឲ្យក្មួយៗ មានឱកាសរៀនសូត្រនៅទីនេះ មានរោងចក្រសហគ្រាសជាច្រើន ដែលផ្ដល់ឱកាសឲ្យកូនចៅប្រជាពលរដ្ឋ មានការងារធ្វើ ប្រជាពលរដ្ឋមានជីវភាពធូរធារ មានលទ្ធភាពចូលរួមកសាងសមិទ្ធផល ដែលទាំងអស់នេះ គឺបង្ហាញពីការរីកចម្រើន។

លោកថាគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺមិនដែលឲ្យកងកម្លាំងធ្វើបាបប្រជាពលរដ្ឋនោះទេ គឺមានតែឲ្យកងកម្លាំងប្រដាប់អាវុធការពារប្រជាពលរដ្ឋ។ នៅឆ្នាំនេះ ពិធីចូលឆ្នាំខ្មែរមានសន្តិសុខ ស្ថិរភាពល្អប្រសើរ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានឱកាសកម្សាន្ដសប្បាយរីករាយនឹងធ្វើសង្ក្រានគ្រប់ទីកន្លែង ហើយសូមថ្លែងអំណរគុណ និងកោតសរសើរ ចំពោះអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធដែលបានជួយប្រជាពលរដ្ឋឲ្យសប្បាយរីករាយ។

គោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យមានសុខដុមរមណីកម្មសាសនា ដោយមិនប្រកាន់ថា សាសនាអ៊ីស្លាម ឬសាសនាព្រះពុទ្ធ ឬសាសនាដទៃឡើយ គឺយើងមានជំនឿ និងការប្រតិបត្តិផ្សេងៗគ្នា ប៉ុន្តែយើងធ្វើការ និងរស់នៅជាមួយគ្នាដោយសុខសាន្ត ដែលសាសនានេះហើយ បានធ្វើឲ្យមនុស្សគោរពស្រឡាញ់គ្នា មានការអប់រំសីលធម៌ និងគុណធម៌ក្នុងការរស់នៅ។ នេះជាការគូសបញ្ជាក់របស់លោក ហ៊ុន ម៉ាណែត។

សូមបញ្ជាក់ថា សមិទ្ធផលនានាដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នៅវត្តពោធិ៍អណ្ដែតនេះ រួមមាន៖ មហាកុដិកម្ពស់២ជាន់ ផ្លូវបេតុងមួយខ្សែប្រវែង ២៧០ម៉ែត្រ ព្រះពុទ្ធបដិមាក្រោមដើមពោធិ៍ចំនួន ៤អង្គ រោងទទួលភ្ញៀវចំនួន១ ខ្ចុះចំនួន២ ស្រះទឹកចំនួន១ និងឆាយដីពង្រាបទីធ្លារស្រះទឹកនេះ បង្គោលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ (សូឡា) និងដងទង់មួយចំនួនក្នុងវត្ត សរុបថវិកាកសាងចំនួន ១៥៥,៩៧៩ដុល្លារអាមេរិក៕