(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩នេះ​ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តរួមដៃជាមួយវិស័យឯកជន ដើម្បីជំរុញកសាងប្រទេសជាតិ ដែលធ្លាប់តែកម្សត់មួយនេះ ឲ្យកាន់តែរីកចម្រើនឆាប់រហ័សបំផុត។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណដល់បងប្អូនជនរួមជាតិ ដែលបានចូលរួមថែរក្សាសន្តិភាព និងគាំទ្រសម្តេចក្នុងការដឹកនាំប្រទេស ដែលបាននាំមកនូវសន្តិភាពពេញលេញ និងការរីកចម្រើនយ៉ាងពិតប្រាកដ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា «សុខសប្បាយជាទេបងប្អូនជនរួមជាតិ? ចូលឆ្នាំថ្មីរយះពេល៣ថ្ងៃ គឺបានកន្លងផុតទៅហើយ ជាមួយនឹងការសប្បាយរីករាយ ជួបជុំក្រុមគ្រួសារនៅទូទាំងប្រទេស ដែលគ្រប់ៗគ្នាចងចាំជានិច្ច។

ពេលនេះ កម្ពុជាគ្មានអ្វីជាឧបសគ្គទៀតឡើយ។ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តរួមដៃគ្នាជាមួយវិស័យឯកជន ដើម្បីជំរុញការកសាងប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនឆាប់រហ័សបំផុត។ អរគុណបងប្អូនជនរួមជាតិ ដែលបានចូលរួមថែរក្សាសន្តិភាព នឹងគាំទ្រឥតងាករេ ចំពោះការដឹកនាំរបស់ខ្ញុំ ដែលបាននាំមកនូវសន្តិភាពពេញលេញ និងការរីកចម្រើនពិតប្រាកដដែលកម្ពុជា កំពុងទទួលបានសព្វថ្ងៃ។ សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ បានសប្បាយរីករាយ នៅក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍ទាំងអស់គ្នា»

សូមជម្រាបថា ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលរៀបចំឡើងកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញវិធានការជាក់លាក់ចំនួន១៧ ដើម្បីជំរុញសម្រួលការធ្វើពាណិជ្ជកម្ម និងធុរកិច្ចនៅកម្ពុជា ដោយវិធានការនោះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នករកស៊ី និងអ្នកធ្វើធរុកិច្ច៕