(ភ្នំពេញ)៖ លោក សុខ សុគន្ធ ហៅ ជេម សុខ ដែលជាអ្នកអធិប្បាយលើបញ្ហាសង្គមដ៏មានប្រជាប្រិយភាពមួយរូប បានរិះគន់ធ្ងន់ៗទៅលើទណ្ឌិត សម រង្ស៉ី និងបក្ខពួកជុំវិញការចុះទៅធ្វើសកម្មភាពរៃអង្គាសលុយពីពលករខ្មែរនៅក្នុងប្រទេសកូរ៉េខាងត្បូង ក្រោមរូបភាពធ្វើមហាបាតុកម្មភ្លើងទៀន។

ទណ្ឌិត សម រង្ស៉ី និងបក្ខពួកតែងតែរិះគន់ និងស្តីបន្ទោសរាជរដ្ឋាភិបាលខ្មែរថាអសមត្ថភាពទើបនាំឱ្យមានពលរដ្ឋខ្មែរធ្វើចំណាកស្រុករកការងារធ្វើនៅប្រទេសដទៃរួមទាំងកូរ៉េខាងត្បូងផងដែរ។ លោក សុខ សុគន្ធ បានលើកឡើងថា ប្រសិនបើទណ្ឌិត សម រង្ស៉ី និងបក្ខពួកពិតអាណីតពលករខ្មែរចំណាកស្រុកមែន ពួកគេគួររកវិធីជួយសន្សំលុយរបស់ពលករមិនមែនធ្វើសកម្មភាពរៃអង្គាសលុយរបស់ពលករនោះឡើយ។

ការចេញមករិះគន់របស់លោក សុខ សុគន្ធ បានធ្វើឡើងចំពេលដែលទណ្ឌិត សម រង្ស៉ី រួមនឹងបក្ខពួករបស់ខ្លួន បានទៅចូលរួមបាតុកម្មដែលរៀបចំដោយពលករខ្មែរនៅក្នុងប្រទេសកូរ៉េខាងត្បូង។ មានការលើកឡើងថា វត្តមានរបស់ទណ្ឌិត សម រង្ស៉ី និងបក្ខពួកនៅលើទឹកដីកូរ៉េខាងត្បូង ជារូបភាពចូលរួមធ្វើបាតុកម្ម ដើម្បីទាមទារលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តែធាតុពិតជាការធ្វើកម្មវិធីដើម្បីប្រមូលលុយដាក់ហោបៅ៉ទណ្ឌិត សម រង្ស៉ី និងបក្ខពួកច្រើនជាង។

លោក សុខ សុគន្ធ បានរិះគន់ទង្វើនេះយ៉ាងដូច្នេះថា «ជារឿយៗ ពួកអាបបេរថោក បាននិយាយថា ចំណាកស្រុកធ្វើការ ជាបញ្ហាសង្គម ដែលជំរុញឲ្យប្រជាជនក្លាយជាទាសករនៅបរទេស។ ទីបំផុតពួកថោកទាបដើរប្រមូលស្រោមសំបុត្រ យកលុយពីខ្មែរចាកចេញទៅធ្វើការនៅបរទេសដោយឥតខ្មាស់អៀនសោះ»

លោក សុខ សុគន្ធ ក៏ឆ្លៀតពន្យល់ផងដែរថា បញ្ហាចំណាកស្រុកមិនមែនជាថ្មីថ្មោងរបស់ប្រទេសលើពិភពលោកនេះ ហើយគ្រប់ប្រទេសក្នុងពិភពលោក តែងមានចំណាកស្រុក។

អ្នកអធិប្បាយលើបញ្ហាសង្គមដែលកំពុងរស់នៅសហរដ្ឋអាមេរិករូបនេះ បានពន្យល់ដូច្នេះ «ចំណាកស្រុកជាលំហូរ ដែលបង្កើតវិជ្ជមានសម្រាប់មនុស្សច្រើនជាងអវិជ្ជមាន។ ចំណាកស្រុកបានកើតឡើងយូរយាណាស់មកហើយ គឺចាប់តាំងពីសម័យមនុស្សរស់តាមល្អាងភ្នំ ដើរបេះផល្លា និងប្រមាញ់ ដើម្បីចិញ្ចឹមជីវិតម្ល៉េះ។ ចំណាកស្រុកបានកើតមុនវប្បធម៌កសិកម្មក្នុងពិភពលោកនេះទៅទៀត»