(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសរសេរលិខិតមួយច្បាប់ផ្ញើជូន លោក អូឌូអា ហ្វីលីព នាយករដ្ឋមន្រ្តីបារាំង ដើម្បីចូលរួមរំលែកនូវសេចក្តីក្រៀមក្រំរបស់រដ្ឋាភិបាល និងប្រជាជនបារាំង ចំពោះករណីអគ្គិភ័យដ៏សាហាវមួយ ដោយបានបំផ្លាញព្រះវិហារ Notre Dame de Paris ដែលមានអាយុកាល៨៥០ឆ្នាំ។ នេះបើតាមលិខិតសម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ។

លិខិតសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «រូបភាពដ៏គួរឱ្យភ័យខ្លាច នៃអណ្តាតភ្លើងដែលត្របាក់ដំបូលវិហារ ធ្វើឱ្យយើងខ្ញុំ មានក្តីរំជើបរំជួលយ៉ាងខ្លាំង។ ព្រះវិហារ Notre-Dame គឺជាទីក្រុងប៉ារីស គឺជាប្រទេសបារាំង ហើយអ្វីដែលយើងខ្ញុំបានឃើញ ធ្វើឱ្យយើងខ្ញុំឈឺចាប់ណាស់។ យើងខ្ញុំទទួលរងនូវអារម្មណ៍សោកស្តាយដូចគ្នា នឹងមិត្តទាំងអស់របស់ប្រទេសបារាំងមាន»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ លោក អូឌូអា ហ្វីលីព ទៀតថា៖ «យើងខ្ញុំមានការចាប់អារម្មណ៍ ជាពិសេសចំពោះព្រឹត្តិការណ៍នេះ ដោយសារតែយើងខ្ញុំដឹងថា ស្ថាបនិកដែលបានសាងសង់ព្រះវិហារនេះមានជំនឿដូចគ្នា នឹងស្ថាបនិកដែលបានសាងសង់ប្រាង្គប្រាសាទអង្គរវត្ត នៅក្នុងសម័យកាលតែមួយ។ ស្ថាបនិកទាំងនោះ បានផ្ញើនូវសារមួយដល់ពិភពលោក អស់រយៈពេលជាច្រើនសតវត្សមកហើយ។ គ្មានអ្វីដែលអាចលុបសារនេះបានឡើយ»

សូមបញ្ជាក់ថា ព្រះវិហារកាតូលិកបុរាណ Notre-Dame ដ៏ល្បីល្បាញជាប្រវត្តិសាស្ត្រនៃទីក្រុង ប៉ារីស ដែលមានអាយុកាល ៨៥០ឆ្នាំទៅហើយនោះ ត្រូវបានអគ្គីភ័យលេបត្របាក់ស្ទើរទាំងស្រុង កាលពីថ្ងៃចន្ទ កន្លងទៅនេះ បណ្តាលឱ្យបាត់បង់នូវសម្បត្តិវប្បធម៌ជាច្រើន។ ការឆេះអគារខាងលើនេះ គឺបានបង្កការភ្ញាក់ផ្អើល និងសោកស្តាយជាពន់ពេក ពីសំណាក់ប្រជាជនបារាំងគ្រប់រូប ហើយភ្លាមៗប្រធានាធិបតីលោក អេមម៉ានុយអ៊ែល ម៉ាក្រុង បានសន្យាធ្វើការស្តារ និងកសាងព្រះវិហារបុរាណនេះ ឡើងវិញឲ្យបាន។ ដោយឡែក ក្រុម ពន្លត់អគ្គីភ័យបានចំណាយពេលរហូតដល់ទៅ ៩ម៉ោងទើបអាចពន្លត់ភ្លើងបានទាំងស្រុង។

ចំពោះមូលហេតុដែលបង្កជាគ្រោះអគ្គីភ័យខាងលើនេះឡើង គឺទំនងជាបង្កឡើងដោយការធ្វេសប្រហែស ឬកំហុសបច្ចេកទេសនៃការជួសជុល ព្រះវិហារបុរាណ Notre-Dame ឡើងវិញ។ លោកប្រធានាធិបតី បារាំងលោក ម៉ាក្រុង បានទៅដល់កន្លែងកើតហេតុដោយផ្ទាល់ក្រោយអគ្គីភ័យរលត់ ហើយលោកបានចាត់ទុកថា នេះជាការសង្គ្រោះទាន់ពេល ដោយមិនបានបង្កឲ្យអ្វីកាន់តែអាក្រក់ជាងនេះ៕