(ភ្នំពេញ)៖ ក្រៅពីការចូលរួមចំណែកយ៉ាងសកម្ម ក្នុងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ឲ្យមានរបៀបរៀបរយ ទាំងធ្វើចរាចរសម្រួលតាមដងផ្លូវ និងជួសជុលលាងសម្អាតផ្លូវ ជូនប្រជាពលរដ្ឋរស់នៅធ្វើដំណើរ ដោយសវត្ថិភាព នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ប្រព្រឹត្តទៅចំនួន៣ថ្ងៃ ត្រូវបានបញ្ចប់ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌឫស្សីកែវ សហការជាមួយភ្នាក់ងារឃ្លាំមើលសំរាមតាមសង្កាត់ទាំង៧ និងភ្នាក់ងារប្រមូលសំរាម របស់ក្រុមហ៊ុន ស៊ិន ទ្រី បាននាំគ្នាធ្វើអនាម័យទាំងយប់ ទាំងថ្ងៃ ដើម្បីប្រមូលរាល់កាកសំណល់សំរាមនានា ក្នុងការរក្សាបរិស្ថានឲ្យបានល្អ ក្រោយមានការដឹកនាំចង្អុលបង្ហាញពីលោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអភិបាលខណ្ឌ។

ការប្រមូលរាល់កាកសំណល់សំរាមទាំងយប់ ទាំងថ្ងៃរបស់កម្លាំងអាជ្ញាធរខណ្ឌឬស្សីកែវ ធ្វើឡើងនៅតាមបណ្ដោយផ្លូវទំនប់៧០ ផ្លូវលេខ៣៥៥ ផ្លូវ៥៩៨ ផ្លូវ៦២R ផ្លូវឧកញ្ញាម៉ុងរិទ្ធី ផ្លូវ៦៨R ផ្លូវជាតិ៥ ចាប់ពីស្តុប៦៨ ទៅដល់ស្ពានព្រែកព្នៅ ផ្លូវផ្សារឆេកូ គីឡូម៉ែត្រលេខ៦ ផ្លូវ២០០R មុខបុរីលឹមឈាងហាក់ ផ្លូវហ្គោលឈិនអូន ផ្លូវលេខ៥៩៨ ពីមុខហ្គ្រែនភ្នំពេញ មកដល់ផ្លូវជាតិ៥ និងបន្តទៅផ្លូវលេខ៩០៧ ផ្លូវមុខវត្តញាណរង្សី ដេប៉ូសំរាមមុខរោងចក្រខោរខូវប៊យទួលសង្កែ និងផ្លូវតាមបណ្ដាក្នុងភូមិផ្សេងៗ មួយចំនួនទៀត។

កន្លងមកលោក ជា ពិសី បានលើកឡើង ដើម្បីជំរុញជាបន្តបន្ទាប់ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌ និងគណៈបញ្ជាការឯកភាពប្រចាំខែ អំពីអនាម័យ មានសារៈសំខាន់ណាស់សម្រាប់សុខភាព ប្រជាពលរដ្ឋរស់នៅ ជាពិសេសសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សំដៅលើកការបោះចោលសំរាម គ្មានសណ្ដាប់ធ្នាប់នៅតាមដងផ្លូវ ក៏ដូចជានៅតាមមុខលំនៅដ្ឋាននានា គឺជាបញ្ហា ដែលត្រូវយកចិត្តទុកដាក់ និងណែនាំឲ្យប្រជាពលរដ្ឋ មានការចូលរួមបំពេញកាតព្វកិច្ចរបស់ខ្លួន ដោយធ្វើការវេចខ្ចប់សំរាម ដាក់ស្បោងប្លាសស្ទិកឲ្យបានត្រឹមត្រូវ ដើម្បីឲ្យក្រុមហ៊ុនមកប្រមូលយក ដើម្បីរក្សាសោភ័ណភាពទីក្រុង។

លោកអភិបាលខណ្ឌ បានលើកឡើងពីបញ្ហាប្រមូលរាល់កាកសំណល់សំរាមនេះដែរ ក្រៅពីវត្តមានកម្លាំងប្រជាការពារខណ្ឌ និងភ្នាក់ងារឃ្លាំមើលសំរាម តាមសង្កាត់ទាំង៧ ក៏នៅមានប្រើប្រាស់រថយន្ដបែន រថយន្ដសណ្ដាប់ធ្នាប់ ម៉ូតូរឺម៉ក និងគ្រឿងចក្រ សាស៊ើ សម្រាប់ចូកផងដែរ ដោយសហការ ជាមួយបុគ្គលិក នៃរថយន្ដរបស់ក្រុមហ៊ុនស៊ីនទ្រី បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ប្រព្រឹត្តទៅចំនួន៣ថ្ងៃ ត្រូវបានបញ្ចប់ ក្នុងបំណងរក្សាអនាម័យបរិស្ថាន និងលើកកម្ពស់សោភ័ណ្ឌភាពរាជធានីភ្នំពេញ។

លោក ជា ពិសី បានចាត់ទុកថា បញ្ហាកាកសំណល់សំរាម គឺចាំបាច់ណាស់ត្រូវធ្វើការណែនាំប្រជាពលរដ្ឋទាំងអស់ ក្នុងពេលយកសំរាមទៅបោះចោល នៅតាមដងផ្លូវទីសាធារណៈ និងមានវិធានការផាកពិន័យ ប៉ុន្តែវិធានការផាកវិន័យនោះ ពុំសូវទទួលបានលទ្ធផលល្អប្រសើរឡើយ សំខាន់ ផ្ដើមចេញពីការផ្សព្វផ្សាយអប់រំ ឲ្យប្រជាពលរដ្ឋចូលរួមសហការ ទើបទទួលបានលទ្ធផលល្អប្រសើរ ក្នុងការចូលរួមថែរក្សា ការពារបរិស្ថានក្នុងចលនា ប្រឡងប្រណាំងទីក្រុងស្អាត សេវាកម្មល្អ អនាម័យល្អ និងមានខ្យល់អាកាសបរិសុទ្ធ គឺផ្តើមចេញពីពួកយើងទាំងអស់គ្នា៕