(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា មានសន្តិភាព ស្ថេររភាព បានធ្វើឱ្យកម្ពុជាកាន់តែរីកចម្រើន លូតលាស់ ទៅមុខជានិច្ច ហើយក៏បានផ្តល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋ និងក្មួយៗយុវជនប្រារព្ធពិធីបុណ្យតូចធំ នៅក្នុងប្រទេស ដោយគ្មានការភ័យខ្លាច ជាពិសេស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែរ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី បានអញ្ជើញចូលរួម នៅក្នុង ពិធីសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តបទុមព្រឹក្សា ហៅវត្តត្រពាំងផ្លុង ស្ថិតនៅភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ។

រដ្ឋមន្ត្រី វង សូត បានកោតសរសើរ ដល់អាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ បានយកចិត្តទុកដាក់ជួយសម្រួល និងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ឱ្យបានល្អ ដើម្បីធានាសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយ ព្រមទាំងទេសចរបរទេស បានមកកំសាន្តសប្បាយនៅគ្រប់ទីកន្លែង នាឱកាសបុណ្យចូលឆ្នាំថ្មីនេះ ។

លោករដ្ឋមន្ត្រី បានបន្តទៀតថា «បើចង់ឲ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យត្រូវបន្តបោះឆ្នោតគាំទ្ររាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដែលមានសម្តេចតេជោជាប្រមុខ ពីព្រោះតាមរយៈការផ្តល់សេចក្តីទុកចិត្តជាច្រើនឆ្នាំកន្លងមកនេះគឺ ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពយ៉ាងលេញតាមបែប លទ្ធិប្រជាធិបតេយ្យ ក្នុងនោះការកសាង និងអភិវឌ្ឍន៍មិនថា អាណាចក្រ និងពុទ្ធចក្រនោះទេគឺមានភាពរីកចម្រើនយ៉ាងឆាប់ ជាក់ស្តែង ដូចជាផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីពេទ្យជាដើម ក្នុងនោះខាងវិស័យសាសនាក៏មានការរីកចម្រើន និងសេរីភាពគ្រប់ បែបយ៉ាង តាមជំនឿរបស់ប្រជាពលរដ្ឋរៀងៗខ្លួនផងដែរ»។

បើតាមរបាយការណ៍ របស់លោក លី សុភាលីន អភិបាលស្រុកពញាក្រែក បានឲ្យដឹងថា វត្តបទុមព្រឹក្សា ហៅវត្តត្រពាំងផ្លុង បានផ្ដើមកសាងឡើងនៅក្នុង គ.ស ១៩០០ បើគិតមកដល់បច្ចុប្បន្នមានអាយុកាលប្រមាណ ១១៩ ឆ្នាំហើយ ដោយឆ្លងកាត់ការដឹកនាំរបស់ព្រះគ្រូចៅអធិការសរុបចំនួន ១៣ ព្រះអង្គ។

លោកបានបន្តថា រាល់សមិទ្ធផល ដែលបានកសាងឡើងមុនឆ្នាំ១៩៧៥ ត្រូវរងការបំផ្លិចបំផ្លាញអស់ទាំងស្រុងទៅវិញ នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត ឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនៃសម្ដេចទាំង 2 រួមមាន សម្ដេចពញាចក្រី ហេង សំរិន និងសម្ដេចតេជោ ហ៊ុន សែន បានកែប្រែមុខមាត់ថ្មី នៃប្រទេស ធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពធូធា និងចាប់ផ្ដើមមូលមីគំនិតរៀបចំឱ្យមានទីវត្តអារាមសម្រាប់គោរពបូជា។

នៅក្នុងឱកាសនោះ រដ្ឋមន្ត្រី វង សូត និងលោកស្រី បាននាំយកថវិការប្រគេនវត្តបទុមព្រឹក្សា ហៅវត្តត្រពាំងផ្លុង ចំនួន២០លានរៀល និងជូនថវិកាដល់ យាយជី តាជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ផងដែរ៕