(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានដឹកនាំមន្ត្រីចុះពិនិត្យនៅតាមឆ្នេរឯករាជ្យ ឆ្នេរសុខា និងឆ្នេរអូរឈើទាលជាដើម ដើម្បីពិនិត្យបរិស្ថាន និងអនាម័យនៅតាមឆ្នេរនីមួយៗ ក្រោយបញ្ចប់ «សង្ក្រាន្តសមុទ្រ» ឬចប់ពិធីបុណ្យចូលឆ្នាំថ្មី។ បញ្ហាបរិស្ថាននេះ គឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមេសានេះ លោក យន្ត មីន បានដឹកនាំមន្ត្រីចុះសំអាតសំរាម និងពិនិត្យនៅតាមឆ្នេរមួយចំនួន ដើម្បីត្រូវពិនិត្យលូបង្ហូរទឹកកខ្វក់ហូរចូលសមុទ្រ។

លោកអភិបាល ស្នើឲ្យផ្នែកពាក់ព័ន្ធទាំងមន្ត្រីរាជការ និងខាងវិស័យឯកជន ត្រូវចូលរួមសហការសំអាតអនាម័យបរិស្ថាន នៅតាមឆ្នេរ និងតាមផ្លូវសាធារណៈ ឲ្យបានទាំងអស់គ្នា ដើម្បីទីក្រុងមានអនាម័យ និងមានសោភ័ណភាព។

លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងដែរថា ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩មក នៅឆ្នេរអូរឈើទាលឃើញមានកាកសំណល់សំរាមចម្រុះដូចជា ស្បោងផ្លាស្ទិក ក្រណាត់ និងឫសរុក្ខជាតិជាដើម បានរសាត់អណ្តែតតាមសមុទ្រមកទើលើឆ្នេរខ្សាច់។ យ៉ាងនេះក្តី មន្ត្រីមន្ទីរទេសចរណ៍ខាងលើ អះអាងថា កាកសំណល់សំរាមនេះ មិនមានច្រើនដូចកាកសំណល់កំផ្លោក ដែលធ្លាប់បានរសាត់មកទើនៅលើឆ្នេរខ្សាច់ដូចកាលពីលើកមុននោះទេ។

លោក គ្រឹស្នា បន្តថា ករណីនេះអាជ្ញាធររដ្ឋបាលក្រុង-ខេត្តព្រះសីហនុ បានស្នើដល់បងប្អូនអាជីវករលក់ដូរនៅតាមឆ្នេរអូរឈើទាល និងឆ្នេរអារីស្តុន ជួយសំអាតអនាម័យ ឬសំរាម នៅតាមឆ្នេរខាងលើ ឬនៅតាមទីតាំងតូបលក់ដូររៀងៗខ្លួនជាបណ្តើរៗសិន។ ប៉ុន្តែក្នុងករណីចាំបាច់អាជ្ញាធរ នឹងដឹកនាំមន្ត្រីរាជការនៅតាមស្ថាប័នរដ្ឋមួយចំនួន ដើម្បីចុះកើបសំអាតកាកសំណល់សំរាមទាំងនោះ។

ត្រង់ចំណុចនេះ លោក យន្ត មីនអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រ្តី ស្ថាប័នជំនាញ ចុះពិនិត្យជាក់ស្តែងនៅតាមឆ្នេរ និងបានចេញបញ្ជាឲ្យផ្នែកពាក់ព័ន្ធ ឲ្យចូលរួមសហការគ្នាកើបសំអាត សំរាមនេះចេញពីឆ្នេរឯករាជ្យ ឆ្នេរអូរឈើទាក និងឆ្នេរអារីស្តុនជាចាំបាច់ ប្រយោជន៍ដើម្បីរក្សាអនាម័យ និងសោភ័ណភាពឆ្នេរឲ្យបានល្អ៕