(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានផ្ដល់ថវិកាមួយចំនួន ដល់កម្លាំងនគរបាល និងប្រជាការពារ ដែលរងរបួសបែកក្បាលសរុប ៦នាក់ ក្នុងហេតុការណ៍ផ្ទុះហិង្សាពេល ចូលទៅអន្តរាគមន៍ និងសម្របសម្រួលឲ្យបើកផ្លូវឡើងវិញ ក្រោយពីពលរដ្ឋបាននាំគ្នាបិទដោយយកដុំថ្មធំៗ និងមែកឈើទៅដាក់លើផ្លូវ នាំឲ្យកកស្ទះចរាចរណ៍នោះ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ភ្លាមៗ បន្ទាប់ពីទទួលបានព័ត៌មានថា មានកងកម្លាំងរងរបួសនោះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន តាមរយៈលោកផ្ទាល់ បានឧបត្ថម្ភថវិកាដល់មន្ដ្រីនគរបាល ដែលរងរបួស ម្នាក់ៗ១លានរៀល និងប្រជាការពារម្នាក់ៗ៥០ម៉ឺនរៀល។

សូមបញ្ជាក់ថា ហេតុការណ៍នេះក្នុងរយៈពេល២ថ្ងៃនេះ កម្លាំងនគរបាលបានចាប់ខ្លួនមនុស្សសរុប ៨នាក់នេះ ពាក់ព័ន្ធប្រើហិង្សាលើសមត្ថកិច្ច និងនាំគ្នាបិទផ្លូវសាធារណៈ៕

                                       (ឡានវ័ររឺន័ររបស់ប៉េអឹម ត្រូវបាតុករគប់បែកកញ្ចក់ និងឡានបាឡែន អត់ទាន់ដឹងម្ចាស់)