(ត្បូងឃ្មុំ)៖ ក្រុមគ្រូពេទ្យសម្តេច ហេង សំរិន និងក្រុមគ្រូពេទ្យស័្មគ្រចិត្តអាស៊ាន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ បានបើកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ស្រុកពញាក្រែក ដោយឥតគិតថ្លៃ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩។

លោក កែវ ពិសិដ្ឋ តំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ និងជានាយកខុទ្ទកាល័យសម្តេចពញាចក្រីប្រធានរដ្ឋសភា បានដឹកនាំក្រុមគ្រូពេទ្យសម្តេច ហេង សំរិន បានអញ្ជើញចូលរួម នៅក្នុងកម្មពិធីបើកពិនិត្យ និងព្យាបាល ដោយឥតគិតថ្លៃ។ កម្មវិធីសប្បុរសធម៌នេះ ធ្វើឡើងដោយមា នការសហការពី ក្រុមគ្រូពេទ្យស័្មគ្រចិត្តអាស៊ាន រួមជាមួយនឹងក្រុមគ្រូពេទ្យសម្តេច ហេង សំរិន។

ក្រុមគ្រូពេទ្យស័្មគ្រចិត្តអាស៊ាននេះ ដឹកនាំដោយ វេជ្ជបណ្ឌិត ហុន ហ៊រតាន់ ប្រធានប្រតិភូ និងសហការី ដែលមកពីប្រទេសជាសមាជិកអាស៊ាន មានសឹង្ហបុរី ម៉ាឡេស៊ី ថៃ និងចក្រភពអង់គ្លេស បាននាំមកនូវសម្ភារៈ បច្ចេកទេស និងបទពិសោធន៍វិជ្ជាជីវៈ មកពិនិត្យ និងព្យាបាល ជូនប្រជាពលរដ្ឋ ស្ថិតនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

គួរបញ្ជាក់ថា កម្មវិធីព្យាបាលជូនប្រជាពលរដ្ឋខាងលើនេះ មិនមែនមានតែនៅកម្ពុជានោះទេ ក្រុមគ្រូពេទ្យស័្មគ្រចិត្តអាស៊ាននេះ បានបំពេញបេកសកម្ម ចុះពិនិត្យ និងព្យាបាល នៅប្រទេសជាសមាជិកអាស៊ាន ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជន ក្នុងនាមគ្រួសារអាស៊ានដូចគ្នានៃតំបន់អាស៊ីអាគ្នេយ៍៕