(កំពង់ឆ្នាំង)៖ ដើម្បីឱ្យបរិយាកាសសប្បាយរីករាយ នាឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តយ៉ាងគគ្រឹកគគ្រេងដូចបណ្ដារាជធានី-ខេត្តនានាដែរ ក្នុងនោះមានភ្ញៀវទេសចរជាតិ-អន្តរជាតិចូលរួមកម្សាន្តសប្បាយប្រមាណជិត ២០ម៉ឺននាក់។

បើតាមលោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំនេះ ក្រុងកំពង់ឆ្នាំងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលរួមលេងល្បែងប្រពៃណី និងរាំលេងកម្សាន្តចំនួន ១៧៤,៧២៣នាក់។

លោក ប្រាក់ វុទ្ធី អ្នករៀបចំសង្ក្រានកំពង់ឆ្នាំង បានថ្លែងថា សង្ក្រានកំពង់ឆ្នាំង មានគោលបំណងគឺស្របតាមប្រធានបទ «វប្បធម៌ និងយុវជន» គោលបំណងសំខាន់ឱ្យយុវជនទាំងអស់រក្សាសាមគ្គីគ្នាមានសុឆន្ទៈចេះស្រឡាញ់វប្បធម៌ជាតិ ហើយរួមគ្នាថែរក្សាឱ្យបានគង់វង្សទុកឱ្យយុវជនជំនាន់ក្រោយបន្តវេន និងដោយមានលេងជាល្បែងប្រជាប្រិយខ្មែរ និងរាំលេងចង្វាក់ប្រពៃណីខ្មែរ ក៏ដូចជាតាំងពិព័រណ៍នូវឧបករណ៍បុរាណខ្មែរ និងផលិតផលខ្មែរធ្វើដោយដៃ ដើម្បីធ្វើការផ្សព្វផ្សាយនូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ប្រពៃណីជាតិខ្មែរ និងឱ្យប្រជាពលរដ្ឋសប្បាយរីករាយក្នុងឱកាសឆ្នាំថ្មីនេះ។

លោក ប្រាក់ វុទ្ធី បានបន្ថែមថា អាជ្ញាធរខេត្ត កងកម្លាំងសមត្ថកិច្ច មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត បានរៀបចំសន្តិសុខ សណ្តាប់សាធារណៈនៅតាមគោលដៅសំខាន់ៗ ដើម្បីធ្វើយ៉ាងណាជួយសម្រួលចរាចរណ៍ដល់ភ្ញៀវទេសចរ ក៏ដូចជាធានាបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលមកចូលរួមទស្សនាកម្សាន្តនៅខេត្តកំពង់ឆ្នាំង៕