(ព្រះសីហនុ)៖ គណៈប្រតិភូមន្ទីរឧស្សាហ៍កម្ម និងបច្ចេកវិទ្យាព័ត៌មានខេត្តជាំងស៊ូ ប្រទេសចិន ដឹកនាំដោយលោក ហ្សីជីជីង ប្រធានមន្ទីរ បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារមួយចំនួនជាមួយលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ នៅព្រឹកទី១៨ ខែមេសា ឆ្នាំ២០១៩នេះ។

ក្នុងជំនួបនោះ លោក យន្ត មីន បានជំរាបជូនប្រតិភូចិនពីសក្តានុពលរបស់ខេត្តព្រះសីហនុ ហើយគិតក្នុងឆ្នាំ២០១៨ ប្រជាពលរដ្ឋក្នុងខេត្តមានកំណើន GDP ក្នុងម្នាក់ ៣,៣៧៣ដុល្លារអាមេរិក។ លោក យន្ត មីន បន្តថា ខេត្តព្រះសីហនុ គឺជាខេត្តមានកំពង់ផែទឹកជ្រៅតែមួយគត់ នៃប្រទេសកម្ពុជា ហើយជារៀងរាល់ថ្ងៃមានទំនិញឆ្លងកាត់ផ្ទុកកុងតឺន័រដឹកចេញចូលប្រមាណ ៧៣ភាគរយ។

ក្នុងនោះប្រជាពលរដ្ឋរស់នៅមូលដ្ឋាននេះ បានប្រកបមុខរបរមានដូចជា៖ វិស័យទេសចរណ៍ ឧស្សាហកម្ម និងកសិកម្ម។ តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ឲ្យដឹងថា ខេត្តព្រះសីហនុ មានឆ្នេរខ្សាច់ប្រវែង ១៧៥គីឡូម៉ែត្រ និងបានដាក់បញ្ចូលជាសមាជិកក្លឹបឆ្នេរស្អាតជាងគេលើពិភពលោក កាលពីឆ្នាំ២០១១ នៅប្រទេសសេណេហ្គាល់។

ខេត្តព្រះសីហនុ មានកោះចំនួន ៣២ និងមានសក្ដានុពលបំរើដល់វិស័យទេសចរណ៍ មានដូចជា៖ ផ្កាថ្ម និងជីវៈចម្រុះបាតសមុទ្រ។ ជាងនេះទៀត ខេត្តព្រះសីហនុ មានផ្លូវគមនាគមន៍ចំនួន៤ គឺផ្លូវទឹក ផ្លូវគោក ផ្លូវដែក និងផ្លូវអាកាស។ ជាពិសេសខេត្តនេះ មានព្រលានយន្តហោះអន្តរជាតិមួយ និងបានដំណើរការហោះហើរផ្ទាល់ចេញទៅកាន់ក្រៅប្រទេស ដោយក្នុងមួយថ្ងៃៗ ចន្លោះពី១៥ ទៅ ២០ ជើង។ ព្រមជាមួយគ្នានេះ ប្រជាពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋជនជាតិចិន គឺមានទំនាក់ទំនងល្អ វប្បធម៌ និងទំនៀមទំលាប់ប្រពៃណីស្រដៀងគ្នា។

លោក យន្ត មីន បានជម្រាបជូនប្រតិភូចិនបន្តទៀតថា ដោយមានការគាំទ្រពីមិត្តចិន ក្នុងការអនុវត្តគោលនយោបាយផ្លូវមួយខ្សែក្រវាត់មួយ និងផ្លូវសូត្រសមុទ្រ ធ្វើឲ្យអ្នកវិនិយោគទុនចិន បានចាប់អារម្មណ៍ ហើយងាកមកបោះទុនវិនិយោគនៅខេត្តព្រះសីហនុ មានការកើនឡើងយ៉ាងគំហុក ជាពិសេសតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ បានដើរតួនាទីយ៉ាងសំខាន់បង្កើនកំណើនសេដ្ឋកិច្ចជាតិ ផ្តល់ការងារជូនប្រជាពលរដ្ឋប្រមាណ ២ម៉ឺននាក់ ។

នៅចំពោះមុខគណៈប្រតិភូចិន លោក យន្ត មីន រំពឹងថា នឹងមានក្រុមហ៊ុនវិនិយោគរបស់ចិនជាច្រើនទៀត ចូលមកវិនិយោគក្នុងខេត្តព្រះសីហនុនាថ្ងៃខាងមុខ។

ជាការឆ្លើយតប លោក ហ្សីជីជីង ប្រធានមន្ទីរឧស្សាហ៍កម្ម និងបច្ចេកវិទ្យាព័ត៌មានខេត្តជាំងស៊ូ ប្រទេសចិន បានថ្លែងអំណរគុណដល់លោកអភិបាលខេត្តព្រះសីហនុ ដែលបានជួយគាំទ្រអ្នកវិនិយោចិន ចូលមកវិនិយោគនៅមូលដ្ឋានខេត្តព្រះសីហនុ។ ពិសេសដោយមានកិច្ចសហប្រតិបត្តិការរវាងខេត្តជាំងស៊ូ និងខេត្តព្រះសីហនុ បានរួមគ្នាអនុវត្តនូវនយោបាយផ្លូវមួយ ខ្សែក្រវាត់មួយរបស់ប្រធានាធិបតីចិន រយៈពេល ១០ឆ្នាំកន្លងមក ជំរុញឲ្យមូលដ្ឋាននេះទទួលបាននូវសមិទ្ធិផលជាច្រើន ហើយប្រទេសទាំង២ ក៏មានទំនាក់ទំនងសេដ្ឋកិច្ច វប្បធម៌ និងមានប្រពៃណីដូចគ្នា ថែមទៀត។

លោកហ្សីជីជីង សង្ឃឹមថា រដ្ឋបាលខេត្តព្រះសីហនុ និងបញ្ជូនក្រុមការងារ ចុះទៅផ្សព្វផ្សាយពីសក្តានុពលលើវិស័យទេសចរណ៍របស់ខេត្តព្រះសីហននៅខេត្តជាំងស៊ូ ប្រទេសចិន ឲ្យបានទូលំទូលាយថែមទៀតនាថ្ងៃខាងមុខ៕