(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសារលិខិតមួយ ថ្លែងក្នុងឱកាសទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងទិវាគ្រុនចាញ់ពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ក្រោមប្រធានបទ «គ្មានជំងឺគ្រុនបាញ់ ផ្ដើមចេញពីខ្ញុំ»។

យោងតាមសារលិខិតនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ការងារប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់របស់កម្ពុជា កាន់តែមានប្រសិទ្ធភាពខ្ពស់ ពោលអត្រានៃការកើតជំងឺគ្រុនចាញ់ នៅក្នុងប្រទេសកម្ពុជា ត្រូវបានថយចុះពីមួយឆ្នាំទៅមួយឆ្នាំ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា តាមប្រភពរបាយការណ៍ប្រចាំឆ្នាំ ក្នុងសេវាសុខាភិបាលសាធារណៈរបស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ បានបង្ហាញថា អត្រាជំងឺគ្រុនចាញ់ប្រទេសកម្ពុជាមកទល់ឆ្នាំ២០១៨ បានថយចុះ ៨៥% និងករណីស្លាប់បានកាត់បន្ថយ ៩៩% បន្ទាប់ពីបានដំណើរការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ លុបបំបាត់ជំងឺគ្រុនចាញ់២០១១-២០២៥ របស់រាជរដ្ឋាភិបាល បានន័យថា ករណីឈឺនៃជំងឺគ្រុនចាញ់មានជាង ១៧ម៉ឺនករណី និងស្លាប់ពី ៤៤៦-៨៩១នាក់ក្នុងមួយឆ្នាំៗ នាអំឡុងពេលមុនឆ្នាំ២០១១ ត្រូវបានកាត់បន្ថយចុះមកនៅត្រឹម ៦៥.១១៤ករណី និងមិនមានស្លាប់សោះនាឆ្នាំ២០១៨ ពិសេសករណីទាំងនោះជាង៧០% គឺជាប្រភេទជំងឺស្រាល (ប្រភេទវីវ៉ាក់)។

«ក្នុងន័យនេះ យើងអាចនិយាយបានថា ការងារប្រយុទ្ធនឹងជំងឺគ្រុនចាញ់របស់យើងកាន់តែមានប្រសិទ្ធភាពខ្ពស់ រួមចំណែកដល់ការឈានទៅសម្រេចបានគោលដៅអភិវឌ្ឍសហស្សវត្សកម្ពុជាយើង»។ នេះគឺជាការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន។

ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងទៀតថា ទោះបីយ៉ាងណាក៏ដោយ មិនត្រូវភ្លេចខ្លួនស្កប់ស្កល់នឹងលទ្ធផលដែលទទួលបាននោះទេ ព្រោះថាជំងឺគ្រុនចាញ់នៅតែ ជាបន្ទុកដ៏ធ្ងន់មួយរបស់កម្ពុជា ហើយបើមិនទាន់លុបបំបាត់មេរោគគ្រុនចាញ់ឱ្យអស់ពីក្នុងខ្លួនមនុស្សគ្រប់ៗរូបទេនោះ សត្វមូសដែកគោលញីដែលបន្តមាននៅក្នុងព្រៃ និងតំបន់ជុំវិញ នៅតែមានឱកាសបឺតឈាមចម្លងមេរោគគ្រុនចាញ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ និងពីសហគមន៍មួយទៅសហគមន៍មួយដដែល។ ក្នុងស្មារតីនេះរាជរដ្ឋាភិបាលតែងបានផ្តល់លទ្ធភាព និងលើកទឹកចិត្តឱ្យមានចលនាកៀរគរប្រមូលប្រភពធនធាន ដើម្បីជំរុញការងារប្រយុទ្ធនឹងជំងឺគ្រុនចាញ់ឱ្យកាន់តែ មានសកម្មភាពខ្លាំងក្លាថែមទៀត ឆ្ពោះទៅលុបបំបាត់ជំងឺនេះបានតាមផែនការកំណត់។

សម្តេចបន្តថា «ដូច្នេះយើងត្រូវយកចិត្តទុកដាក់ខ្ពស់ទាំងអស់គ្នាលើចំណុចទាំងនេះ ដើម្បីលើកកម្ពស់សុខភាព គុណភាពនៃការរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋយើង»

សូមបញ្ជាក់ថា ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នៅភូមិអូយ៉េស ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោកវេជ្ជបណ្ឌិត Takeshi Kasai នាយកអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៉ីហ្វិកខាងលិច៕