(កំពង់ឆ្នាំង)៖ ក្រុមក្មេងទំនើងដែលបើកឆាកប្រយុទ្ធគ្នាដូចក្នុងកុន នៅវត្តត្រឡែងកែង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ហើយត្រូវគេថតវីដេអូបានចែកចាយពេញបណ្ដាញសង្គម Facebook នោះ រហូតមកដល់ពេលនេះ កម្លាំងនគរបាលតាមចាប់ខ្លួនបាន២នាក់ហើយ និងបក្ខពួកផ្សេងកំពុងស្រាវជ្រាវ។

ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ខូវ លី បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះថា រហូតមកដល់ពេលនេះកម្លាំងនគរបាលរបស់លោក បានតាមឃាត់ខ្លួនក្រុមក្មេងទំនើងបាន២នាក់ហើយ ក្រោយពួកគេធ្វើសកម្មភាពកាប់គ្នា នៅវត្តត្រឡែងកែង។

ដោយឡែក បក្ខពួកផ្សេងទៀតសមត្ថកិច្ចរបស់លោក កំពុងធ្វើការស្រាវជ្រាវតាមដើម្បីឃាត់ខ្លួនជាបន្ដបន្ទាប់ទៀត ព្រោះថាជនដៃដល់ខ្លះបានរត់គេចខ្លួនបាត់ពីមូលដ្ឋាន ដោយហេតុថាក្រោយក្រុមក្មេងទំនើងទាំងអស់នោះធ្វើសកម្មភាព ពួកគេបានរត់គេចពីកន្លែងកើតហេតុ សមត្ថកិច្ចទៅមិនទាន់នោះឡើយ។

យ៉ាងណាក៏ដោយ ជនសង្ស័យ២នាក់ដែលត្រូវបានឃាត់ខ្លួននោះកំពុងតែស្ថិតក្រោមការសួរនាំរបស់កម្លាំងនគរបាលជំនាញនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីតាមចាប់ជនដៃដល់ផ្សេងទៀត។

សូមជម្រាបថា ករណីអំពើហិង្សាដោយចេតនានេះ កើតឡើងនៅចំណុចខ្លាកូន ផ្លូវចូលវត្តត្រឡែង កែងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០១៩។

លោកឧត្តមសេនីយ៍ត្រី ខូវ លី ក៏បានបន្ថែមថា ក្រៅពីករណីអំពើហិង្សានេះ ស្ថានភាពសន្ដិសុខសណ្ដាប់ធ្នាប់នៅខេត្តកំពង់ឆ្នាំងនាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកន្លងទៅនេះ មិនមានអ្វីជាបញ្ហាចោទនោះទេពោលមានលក្ខណៈល្អប្រសើរ សមត្ថកិច្ចដែលមានការពាក់ព័ន្ធបានសហការគ្នាយ៉ាងល្អ ដើម្បីការពារក្នុងពិធីនេះ៕