(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះ ព្រឹទ្ធសភាកម្ពុជា បានសម្រេចបើកសម័យប្រជុំលើកទី៣ នីតិកាលទី៤របស់ខ្លួន នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ ដោយមានរបៀបវារៈតែមួយគត់គឺ ស្តាប់របាយការណ៍គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីសកម្មភាពការងាររបស់ព្រឹទ្ធសភាចន្លោះសម័យប្រជុំលើកទី២ និងលើកទី៣នីតិកាលទី៤។

សូមបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជា នៅព្រឹកនេះបានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍មួយក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាដើម្បីពិភាក្សាលើរបៀបវារៈចំនួន៣។

របៀបវារៈទាំង៣នោះមានដូចជា៖

១៖ ពិនិត្យ និងសម្រេចលើរបាយការណ៍ ស្តីពីសកម្មភាពការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី២ និងលើកទី៣ នីតិកាលទី៤ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៤ ។

២៖ ពិនិត្យ និងសម្រេចជាគោលការណ៍ អំពីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

៣៖ កំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាពលេខាធិការសម័យប្រជុំលើកទី៣ព្រឹទ្ធសភានីតិកាលទី៤ ៕