(រតនគិរី)៖ ករណីចាប់ខ្លួនជនជាតិវៀតណាមចំនួន១២នាក់ និងគ្រឿងចក្រ៦គ្រឿង ដែលបានលួចឆ្លងដែនដោយខុសច្បាប់ក្នុងប្រទេសកម្ពុជា នៅខេត្ដរតនគិរីនោះ រហូតមកដល់ព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះ កំពុងស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី។ ប៉ុន្ដែយ៉ាងណាក៏ដោយ ក៏មានព័ត៌មានខ្លះបានលើកឡើងថា កំពុងមានអន្ដរាគមន៍ចង់ឲ្យដោះលែង។

ជនជាតិវៀតណាមទាំង ១២នាក់នេះ និងគ្រឿងចក្រចំនួន៦គ្រឿង បានចូលមក ដោយខុសច្បាប់ តាមច្រកព្រៃ បង្គោលការពារព្រំដែន លេខ ១៤ ក្នុងភូមិសាស្ត្រ ប៉ុស្តិ៍នគរបាលការពារព្រំដែនគោក លេខ ៥០៥ (ប៉ុស្តិ៍ ភូមិចង ) ខេត្តរតនគិរី ជាប់ព្រំប្រទល់ ជាមួយនឹងប៉ុស្តិ៍ការពារព្រំដែន ៧១១ ស្រុក ម៉រៃ ខេត្តកន្ទូម ប្រទេសវៀតណាម តាមរយៈឈ្មោះ សេក វិរៈ តំណាងក្រុមហ៊ុននុភាពសុភី និង វៀតណាមឈ្មោះ VO NGU YEVSA កាន់អត្តសញ្ញាណប័ណ្ណលេខ ២៣៣១២៤២៣៤។

ទាក់ទិនទៅនឹងករណីឃាត់ខ្លួនជនជាតិវៀតណាម និងគ្រឿងចក្រខាងលើនេះ លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្ត បានប្រាប់ភ្នាក់ងារ Fresh News ថាខាងជំនាញកំពុងរកអ្នកបកប្រែសាកសួរធ្វើកំណត់ហេតុ តើមានច្បាប់អនុញ្ញាតិឲ្យចូលដីខ្មែរដែរ ឫអត់ ចំណែកគ្រឿងចក្រ អញ្ជើញខាងសាខាគយមកត្រួតពិនិត្យ។

រហូតដល់ព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះ ជនជាតិវៀតណាមទាំង១២នាក់ កំពុងសាកសួរនៅការិយាល័យអន្តោប្រវេសន៍ នៃស្នងការនគរបាលខេត្តរតនគិរី នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោកឧត្តមសេនីយ៍ត្រី ជា ប៊ុនធឿន ស្នងការរងទទួលបន្ទុកការងារអន្តោប្រវេសន៍។

ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ ប្រភពព័ត៌មានដោយឡែកទៀត លួចបង្ហើបប្រាប់ភ្នាក់ងារ Fresh New s ថា ក រណីខាងលើនេះមានអ្នកអន្តរាគមន៍ ដើម្បីជួយសម្រួលដោះលែងពួកគេ ក្រៅសំណាញ់ច្បាប់។

សូមរំលឹកថា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ កម្លាំងគណៈបញ្ជាការឯកភាពខេត្តរតនគិរី ក្រោមការបញ្ជាផ្ទាល់ពី លោក ថង សាវុន និងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនោះ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ អាវុធហត្ថខេត្តរតនគិរី ឃាត់ខ្លួនជនជាតិវៀតណាម ចំនួន ១២នាក់ និងគ្រឿងចក្រ ៦គ្រឿង នៅក្រុមហ៊ុន នុភាពសុភី។

ក្រោយឃាត់ខ្លួន កម្លាំងកងរាជអាវុធហត្ថ បានប្រគល់ ជនជាតិវៀតណាម ចំនួន ១២នាក់ ឲ្យទៅខាង នគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាន នគរបាលខេត្តរតនគិរី ចាត់ការតាមនីតិវិធី។ ដោយឡែក គ្រឿងចក្រ ចំនួន ៦គ្រឿង ខាងកម្លាំងកងរាជអាវុធហត្ថ សហការជាមួយ មន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ខេត្តរតនគិរី បានកំពុងតែ គ្រប់គ្រង នៅក្នុង បរិវេណក្រុមហ៊ុន នុភាពសុភី តំបន់អូរតាយ៉ាក ឧទ្យានជាតិវីរៈជ័យ រតនគិរី ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី៕