(ព្រៃវែង)៖ សង្ក្រាន្តព្រៃវែង អាចឈរនៅលំដាប់ថ្នាក់ខ្ពស់មួយ ក្នុងចំណោមបណ្ដោលខេត្តក្រុងទាំងអស់ ដែលបានរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត នេះបើតាមតួរលេខរបស់ក្រសួងទេសចរណ៍ បានបញ្ចេញចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានដើរលេងកម្សាន្ត នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ខេត្តព្រៃវែង មានចំនួនភ្ញៀវដល់ទៅជាង៣១ម៉ឺននាក់។ ចំណែកស្នងការនគរបាលខេត្តព្រៃវែង ក៏បានបញ្ចេញតួរលេខរបស់ខ្លួន ដែលបញ្ជាក់អំពីចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តក្នុងព្រឹត្តិការណ៍សង្ក្រាន្ត មានចំនួន៣១៩,២០០នាក់។

លោក ជា សុមេធី អភិបាលខេត្តព្រៃវែង ពិតជាមានការភ្ញាក់ផ្អើល ចំពោះចំនួនតួរលេខភ្ញៀវជាតិ និងអន្តរជាតិដែលមកកម្សាន្តសប្បាយ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំនេះ បើគិតតាមតួរលេខដែលបញ្ចេញដោយស្នងការខេត្ត ចំនួនភ្ញៀវ ៣១៩,២០០នាក់ ដែលចូលមកទស្សនានេះ ធ្វើឲ្យទឹកប្រាក់ចំនួនប្រមាណជាង៣លានដុល្លារ ចាក់ចូលក្នុងសេដ្ឋកិច្ចរខេត្តព្រៃវែង។

ក្នុងនោះដែល លោក ស សុខា អនុប្រធានសហភាពសហព័ន្ធកម្ពុជា និងប្រធានគណៈកម្មការៀបចំសង្ក្រាន្តព្រៃវែង ឆ្នាំ២០១៩ បានថ្លែងថា ក្រុមការងាររបស់លោក និងរដ្ឋបាលខេត្តព្រៃវែង កំពុងពិចារណាលើការរៀបចំសង្ក្រាន្តនៅឆ្នាំក្រោយ ហើយលោកថាគិតមកដល់ពេលនេះ ក្រុមការងារមួយចំនួននៅទីនេះ បានចូលរួមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តចំនួន៧លើករួចមកហើយ ដោយបីលើកនៅខេត្តសៀមរាប។

គួរបញ្ជាក់ផងដែរ នេះជាលើកទី៤ហើយ ដែលខេត្តព្រៃវែង បានរៀបចំសង្ក្រាន្ត ដោយពីរលើកធ្វើនៅតាមបណ្ដាលស្រុក និងពីរលើកចុងក្រោយនេះ ធ្វើនៅទីរួមខេត្តព្រៃវែងផ្ទាល់តែម្ដង ។

ឆ្លៀតក្នុងឱកាសនោះ លោក ស សុខា សូមថ្លែងអំណរគុណដល់ក្រុមការងារប្រតិបត្តិ គណៈកម្មការ និងអនុគណៈកម្មការទាំងអស់ កងកម្លាំងទាំង៣ប្រភេទ មន្ត្រីសុខាភិបាល សិល្បករសិល្បការិនី យុវជនស្ម័គ្រចិត្ត ជាពិសេសរដ្ឋបាលខេត្ត ដែលដឹកនាំដោយលោក ជា សុមេធី ហើយកាន់តែពិសេសក្រុមការងារបរិស្ថាន ដែលបានរួបរួមគ្នាប្រឹងអស់កម្លាំងកាយចិត្ត បំពេញការងារតាមផ្នែករៀងៗខ្លួន មិនខ្លាចនឿយហត់ ហាលក្តៅ ហាលខ្យល់ អត់ងងុយ ដោយស្មោះអស់ពីចិត្ត ប្រកបដោយមនសិការទទួលខុសត្រូវ និងម្ចាស់ការ។

ព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែងនៅឆ្នាំនេះ មានកម្មវិធីកម្សាន្តសប្បាយជាច្រើនដូចជា ការលេងល្បែងប្រជាប្រិយ ការសម្ដែងក្បាច់គុនល្បុក្តតោ ប្រដាល់គុនខ្មែរ តំបន់ត្រជាក់ចិត្ត ការប្រលងប្រុសស្អាតស្រីស្អាត ការប្រលងចម្រៀង ការប្រលងបវស្ដ្រីវ័យចំណាស់ ការតាំងពិពរណ៌ស្ដង់ ស.ស.យ.ក ទាំង១៣ស្រុក/ក្រុង ស្ដង់ពិពរណ៌ផលិតផលជាតិ និងអន្តរជាតិ និងជាពិសេសការដង្ហែក្បួនសង្ក្រាន្តព្រៃវែង៕