(ព្រះសីហនុ)៖ «សង្ក្រានសមុទ្រ» ឆ្នាំ២០១៩ ដែលបានរៀបចំឡើងនាខេត្តព្រះសីហនុ ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើនគួរឱ្យកត់សម្គាល់ គឺមានចំនួនរហូតដល់ជិត ២០ម៉ឺននាក់។

ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្រគ្រឹស្នា ឲ្យដឹងថា «សង្ក្រាន្តសមុទ្រ» ខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងភ្ញៀវទេសចរចម្រុះ មកពីទីជិតទីឆ្ងាយ និងអ្នកចូលរួមមានចំនួនរហូតដល់ជិត ២០ម៉ឺននាក់។ ចំនួននេះ បានការកើនឡើងជាង ២៦ភាគរយ បើប្រៀបធៀបពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅឆ្នាំ២០១៨កន្លងទៅ។

លោក តាំង សុចិត្រគ្រឹស្នា បញ្ជាក់ថា ចំនួនភ្ញៀវទេសចរ ដែលបានចូលរួមក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងពិធីបុណ្យ «សង្រ្កាន្តសមុទ្រ» នៅខេត្តព្រះសីហនុ រយៈពេល ៣ថ្ងៃពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៩ មានចំនួនសរុប ១៩១,៤៨៦នាក់ គឺបានកើនឡើង ២៦.៩៩% បើប្រៀបធៀបឆ្នាំ២០១៨។ ក្នុងនោះភ្ញៀវជាតិប្រមាណ ១៦៤,៩១៣នាក់ បានកើនឡើង ១៤.៣២% បើធៀបឆ្នាំ២០១៨ និងអន្តរជាតិប្រមាណ ២២,៥៥៣នាក់ គឺបានកើនឡើង ១៣៣.៧៧% បើធៀបឆ្នាំ២០១៨។ ក្នុងនោះភ្ញៀវដែលចូលទៅខេត្តព្រះសីហនុ តាមព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុសរុបប្រមាណ ៧,០០០នាក់ មានភ្ញៀវជាតិប្រមាណ ១០០នាក់ និងអន្តរជាតិប្រមាណ ៦,៩០០នាក់។

លោកប្រធានមន្ទីរបន្តថា ភ្ញៀវទេសចរចេញទៅកម្សាន្តតាមបណ្តាកោះនានា ក្នុងខេត្តព្រះសីហនុ មានភ្ញៀសរុបប្រមាណ ៦,៧០៥នាក់។ ភ្ញៀវជាតិ ៣,២៦១នាក់ និងភ្ញៀវទេសចរអន្តរជាតិមាន ៣,៤៤៤នាក់។ ចំណែកភ្ញៀវចេញទៅកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តព្រះសីហនុ សរុបមានចំនួន ៩,៣៤៥នាក់។ ភ្ញៀវទេសចរជាតិ ៦,៩៩១នាក់ និងអន្តរជាតិ ២,៣៥៤នាក់។

លោក សុចិត្រគ្រឹស្នា បញ្ជាក់បន្ថែមថា ភ្ញៀវទេសចរចេញទៅកម្សាន្តតាមបណ្តាឆ្នេរនានា មានចំនួនសរុប ១២៧,៦៦៤នាក់។ ភ្ញៀវទេសចរជាតិមានចំនួនសរុប ១២១,២២២នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ៦,៤៤២ នាក់។

លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានចាត់ទុក «សង្ក្រាន្តសមុទ្រ» នេះ ជាជោគជ័យដ៏មោទនភាពមួយសម្រាប់ខេត្តព្រះសីហនុ។

លោកអភិបាលបានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានចូលមកទស្សនាខេត្តព្រះសីហនុ នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០១៩នេះ។ លោក យន្ត មីន បានថ្លែងថា នឹងរង់ចាំភ្ញៀវទេសចរមកពីគ្រប់ទិសទីនៅឆ្នាំ២០២០ខាងមុខទៀត៕