(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩នេះ លោក ថាន់ ឡេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីការបង្គាប់ឱ្យឃុំខ្លូនម្ចាស់ក្លឹប «ម៉ៃអាមី» ឈ្មោះ ស្រេង វរ: និងស្ត្រី២នាក់ ពន្ធនាគារ PJ រីឯអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត បញ្ជូនទៅឃុំឃាំងនៅក្នុងពន្ធនាគារព្រៃស។

ឈ្មោះ ស្រេង វីរៈ ដែលជាម្ចាស់ក្លឹប និងមេការពីរនាក់ ត្រូវបានលោក ថាន់ ឡេង សម្រេចឃុំខ្លួន បម្ទាប់ពីតំណាងអយ្យការ បានចោទប្រកាន់ពីបទល្មើស «ផលិត ជួញដូរ រក្សាទុក ចាត់ចែងសម្រួលឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាត់ញៀន» ចំណែកបក្ខពួក៤នាក់ទៀត ត្រូវចោទប្រកាន់ពីបទ «សមគំនិតក្នុងអំពើជួញដូរ រក្សាទុក ចាត់ចែងប្រើប្រាស់ និងសម្រួលឱ្យប្រើប្រាស់នូវសារធាតុញៀន ដោយខុសច្បាប់»។

លោក ប៊ុន សត្យា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ម្ចាស់ក្លឹប «ម៉ៃអាមី» និងបុគ្គលិកចំនួន៦នាក់ទៀត ត្រូវបានចាប់បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់ពាក់ព័ន្ធសកម្មភាពផ្តល់ទីតាំងសម្រាប់ប្រើប្រាស់ ចែកចាយ និងជួញដូរគ្រឿងញៀនដ៏ធំ។

បើតាមលោក ប៊ុន សត្យា ម្ចាស់ក្លឹប «ម៉ៃអាមី» មានឈ្មោះ ស្រេន វីរៈ និងបុគ្គលិកចំនួន៦នាក់ផ្សេងទៀតដូចជា មេកា និងសន្តិសុខជាដើម ដែលពាក់ព័ន្ធបទល្មើសនេះត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់។

សូមបញ្ជាក់ថា គ្រឿងញៀនប្រមាណជាង១០គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចរឹបអូសបាន នៅក្នុងប្រតិបត្តិការចុះបង្ក្រាបទាំងយប់នៅក្លឹប «ម៉ៃអាមី»។ មន្រ្តីនគរបាលបានបញ្ជាក់ទៀតថា ក្រៅពីការរឹបអូសបានថ្នាំញៀន កម្លាំងនគរបាលក៏បានរឹបអូសបានឧបករណ៍ជក់ និងកែច្នៃយ៉ាងច្រើន​ នៅក្នុងក្លឹបផងដែរ។ ដែលក្រុមយុវជន និងជនសង្ស័យទាំងនេះ បានធ្វើសកម្មភាពយ៉ាងព្រោងព្រាត។ ចំពោះម្ចាស់ក្លឹប «ម៉ៃអាមី»ម្នាក់នេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ធ្លាប់ជាប់ពន្ធនាគារចំនួន៨ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនផងដែរ ហើយចេញពីពន្ធនាគារវិញ នៅឆ្នាំ២០១៥កន្លងទៅ។

ក្រោយពីធ្វើតេស្ដទឹកនោមទៅលើយុវជនជាង៥០នាក់ ដែលឃាត់ខ្លួននៅក្នុងប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀននៅក្លឹបកម្សាន្ដនាពេលរាត្រីមួយនេះ សមត្ថកិច្ចបានរកឃើញយុវជន មានផ្ទុកសារធាតុញៀននោះចំនួន៣២នាក់។

លោក ប៊ុន សត្យា បានបញ្ជាក់ថា សម្រាប់យុវជនទាំងអស់ដែលត្រូវចាប់ខ្លួនពេលចុះប្រតិបត្តិការបង្ក្រាបនោះ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅវិញ សម្រាប់អ្នកដែលគ្មានគ្រឿងញៀន និងអ្នកដែលមានគ្រឿងញៀនត្រូវបញ្ជូនទៅកាន់មណ្ឌលសន្សាបគ្រឿងញៀន។

សូមជម្រាបថា កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ នៅម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ បានចុះប្រតិបត្តិការ បង្ក្រាបក្លឹបកម្សាន្តយីហោ «ម៉ៃអាមី» ដោយឃាត់ខ្លួនមនុស្សប្រុសស្រីជាង៥០នាក់ និងថ្នាំញៀនមួយចំនួនផងដែរ។

ក្លឹបកម្សាន្ត «ម៉ៃអាម៊ី» នេះស្ថិតនៅផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ដែលធ្លាប់ត្រូវបានអាជ្ញាធរខណ្ឌចំការមន ចុះបិទបីលើករួចមកហើយ តែបិទមិនបាន ទើបពេលនេះលោកឧត្តមសេនីយ៍ផ្កាយ៣ ស ថេត ចុះបិទដោយផ្ទាល់តែម្តង៕