(ភ្នំពេញ)៖ រយៈពេល៣ថ្ងៃ គឺចាប់ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅទូទាំងប្រទេស ចំនួន៨៥លើក ក្នុងនោះសម្លាប់មនុស្ស ចំនួន៣៨នាក់ និងរបួសធ្ងន់ស្រាលចំនួន១៤០នាក់។ នេះបើតាមរបាយការណ៍របស់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩នេះ។

របាយការណ៍ដដែលបានបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៨៥លើកនេះ បានបណ្ដាលឱ្យខូតខាតម៉ូតូ១០៣គ្រឿង, រថយន្តតូច៣៥គ្រឿង និងរថយន្ដធំ២គ្រឿង និងយានយន្តផ្សេងៗ ១៤គ្រឿង ហើយមូលហេតុដែលបណ្ដាលឱ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, ស្រវឹង ប្រជែង មិនគោរពសិទ្ធ, មិនប្រកាន់ស្ដាំ, ប្រជែង, បត់គ្រោះថ្នាក់, ងងុយដេក និងកត្ដាយាន។

ដោយឡែកបើតាមរបាយការណ៍ដដែលបានបង្ហាញទៀតថា រយៈពេល៤ថ្ងៃ គឺចាប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០៩លើក បណ្ដាលឱ្យមនុស្សស្លាប់៥២នាក់, របួសស្រាល៤៧នាក់ និងរបួសធ្ងន់១៣៦នាក់ នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១០៩លើកនេះ បានបណ្ដាលឱ្យខូតខាតម៉ូតូ១២៣គ្រឿង, រថយន្តតូច៥៤គ្រឿង និងរថយន្ដធំ៦គ្រឿង បើប្រៀបធៀបនឹងឆ្នាំ២០១៨ មានការកើនឡើង៣៩លើក មនុស្សស្លាប់កើនឡើង២០នាក់ របួសសរុបកើនឡើង៧៥នាក់ ក្នុងនោះរបួសស្រាលកើន១៥នាក់ និងរបួសធ្ងន់កើន៦០នាក់៕